ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជំុវិញពិភពលោកគួរតែបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ចែករំលែក៖

ក្រោយជំនួបកំពូលជាលើកទី៣ រវាង មេដឹកនាំកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង នាពេលកន្លងមក គឺជាជោគជ័យមួយសម្រាប់កូរ៉េទាំងពីរ ។ ក្រោយជំនួបនោះប្រធានាធិបតីកូរ៉េខាងត្បូងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ បញ្ចុះ បញ្ចូលសហគមន៍អន្តរជាតិ ឲ្យលុបទណ្ឌ កម្ម ឬបន្ធូរបន្ថយ ដល់កូរ៉េខាងជើង ដែលជាការឆ្លើយតបទៅនឹងគោលបំណងលុបបំបាត់អាវុធបរមាណូនិងមីស៊ីល។

កន្លងមកថ្មីៗប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជែអុីន បានសង្កត់ធ្ងន់ថា ទណ្ឌកម្មអន្តរជាតិប្រឆំាងនឹងកូរ៉េខាងជើង គួរតែត្រូវបានបន្ធូរបន្ថយ នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាងចាប់ផ្ដើមអនុវត្តការ រំសាយអាវុធនុយក្លេអ៊ែរ។ ការអំពាវនាវ ខាងលើរបស់លោក មូន ជេអុីន ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទមុននេះ ក្នុងទីក្រុងប៉ារីស ជាទីដែលលោក មូន បានជំរុញឱ្យបារាំងដែលជាសមាជិកអចិន្ត្រៃយ៍អង្គការសហ ប្រជាជាតិ ជួយបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បើសិនជាលក្ខខណ្ឌនៃការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានអនុ វត្ត។

បន្ថែមពីលើនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយជំនួបទ្វេភាគី លោក ម៉ាក្រុង បានកត់សម្គាល់ថាការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង គួរតែត្រូវអនុវត្ត រហូតដល់ទីក្រុងព្យុងយ៉ាងរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែ ប្រធានាធិបតីបារាំងរូបនេះបានអះអាងថា បារាំង នឹងគាំទ្រដល់នីតិវិធីរំសាយអាវុធនុយក្លេអ៊ែរ បើសិនជាកូរ៉េខាងជើងពិតជាកំពុងដើរលើផ្លូវត្រឹមត្រូវមែននោះ។ ចំណែកឯ លោក មូន ជេអុីន ក៏បានយល់ស្របនឹង ការបន្តរក្សាដាក់ទណ្ឌកម្មនេះដែរ ក៏ប៉ុន្តែ លោកថាការដាក់សម្ពាធ និងទណ្ឌកម្ម គួរតែ ត្រូវបានបន្ធូរបន្ថយដើម្បីលើកទឹក ចិត្តកូរ៉េខាងជើង។ «ខ្ញុំជឿជាក់ថាសហ គមន៍អន្តរជាតិ គួរតែផ្ដល់ការធានាឱ្យកូរ៉េខាងជើងថាកំពុងដើរលើផ្លូវត្រឹមត្រូវ និងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងបង្កើន ល្បឿននៃនីតិវិធីរំសាយអាវុធនុយក្លេអ៊ែរ តាមរយៈការបន្ធូរបន្ថយការដាក់ទណ្ឌ កម្ម»។ នេះគឺជាការគូសបញ្ជាក់របស់ លោក មូន ជេអុីន។

គួរបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ស្ថានភាពនៅលើឧបទ្វីបកូរ៉េមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្ត រក្សាការដាក់ ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងជាអតិបរមាដដែល ដោយអះអាង ថាទីក្រុងព្យុងយ៉ាង មិនបានចាត់វិធានការជាក់លាក់ណាមួយក្នុងការ រំសាយអាវុធ នុយក្លេអ៊ែរនោះទេ។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ក៏មានសេចក្ដីរាយការណ៍ដែរថាកូរ៉េខាងជើងបានបដិសេធផ្ដល់បញ្ជីទីតាំង រោងចក្រនុយក្លេអ៊ែរឱ្យរដ្ឋមន្ត្រីការ បរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ទៀតផង នាឱកាសដែលលោកបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពី សប្ដាហ៍មុន៕ ម៉ែវ សាធី


ចែករំលែក៖