ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតូចៗទាំង៧ដែលធ្លាប់បានឈ្នះសិទ្ធិទៅលេង World Cup

ចែករំលែក៖

ព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកបានបញ្ចប់ជាបណ្តើរៗហើយ នៅដល់តែ ក្រុមដែលលេងវគ្គជម្រុះ Play off ប៉ុណ្ណោះនៅតាមទ្វីបនីមួយៗ។ កាលពីប្រកួតវគ្គជម្រុះតាម ពូលនៅតំបន់អឺរ៉ុបក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ ដែលបានបង្កើតការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នោះ បានឈ្នះសិទ្ធិទៅប្រកួត World Cup ក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨ ជាលើកទី១របស់ពួកគេ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិកូសូវ៉ូ ក្នុងលទ្ធផល ២-០ ។

ប្រទេសអុីស្លង់មានអត្រាប្រជាជនសរុបតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែអ៊ីស្លង់ បានក្លាយជាប្រទេសតូចជាងគេបំផុតមិនធ្លាប់មានពីមុនមកក្នុងការលេងក្នុងព្រឹត្តិការណ៍ World Cup ដើម្បីបំបែកកំណត់ត្រាដែលត្រូវបានគ្រប់គ្រងដោយក្រុមជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ ដែលមានអត្រាប្រជាជន១,៣លាននាក់។

ខាងក្រោមនេះគឺជាប្រទេសតូចៗទាំង៧ដែលធ្លាប់បានឈ្នះសិទ្ធិទៅលេងក្នុង World Cup ជាមួយនឹងអត្រាប្រជាជនតិចជាងប្រទេសសិង្ហបុរីផងនោះ ៖

១-អ៊ីស្លង់

ក្រុមជម្រើសជាតិអ៊ីស្លង់ទើបតែបានឈ្នះសិទ្ធិទៅលេងក្នុង World Cup ជាលើកទី១ ជាមួយនឹងអត្រាប្រជាជនសរុបត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ។

២-ទ្រីនីដាដ និងតូបាហ្គោ

ពួកគេបានឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ជាមួយនឹងអត្រាប្រជាជនតិចជាង២លាននាក់ ប៉ុន្តែ បានបញ្ចប់ដោយស្មើ១លើក និងចាញ់២លើក។

៣-គូវ៉ែត

ក្រុមជម្រើសជាតិគូវ៉ែត បានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup កាលពីឆ្នាំ១៩៨២ នៅប្រទេសអេស្ប៉ាញ ជាមួយនឹងអត្រាប្រជាជនសរុបតិចជាង២លាននាក់ ប៉ុន្តែ បានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយពីស្មើ១លើក និងចាញ់២លើក។

៤-អៀរឡង់ខាងជើង

ក្រុមជម្រើសជាតិអៀរឡង់ខាងជើង បានឈ្នះសិទ្ធិទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៥៨ ជាមួយនឹងអត្រាប្រជាជនត្រឹមតែ១,៤លាននាក់ប៉ុណ្ណោះកាលពីពេលនោះ។ ពួកគេក៏បានឈានទៅប្រកួតព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ១៩៨២ និងឆ្នាំ១៩៨៦ ជាមួយនឹងអត្រាប្រជាជន១,៨លាននាក់ ។

៥-ស្លូវេនី

ក្រោយពីបំបែកចេញពីយូហ្គោស្លាវី ក្រុមជម្រើសជាតិស្លូវេនី បានឈ្នះសិទ្ធិទៅលេងក្នុង World Cup កាលពីឆ្នាំ២០០២ នៅប្រទេសកូរ៉េខាងត្បូង ហើយក៏បានឈានទៅ World Cup កាលពីឆ្នាំ២០១០ផងដែរ ខណៈដែលពួកគេមានអត្រាប្រជាជនត្រឹមតែ២លាននាក់ប៉ុណ្ណោះ។

៦-ចាម៉ៃកា

ក្រុមជម្រើសជាតិចាម៉ៃកា បានឈ្នះសិទ្ធិទៅលេង World Cup កាលពីឆ្នាំ១៩៩៨ ជាមួយនឹងអត្រាប្រជាជនសរុបត្រឹមតែ២,៨លាននាក់ប៉ុណ្ណោះ។

៧-សាធារណរដ្ឋអៀរឡង់

សាធារណរដ្ឋអៀរឡង់ បានឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី១កាលពីឆ្នាំ១៩៩០ ខណៈដែលពួកគេបានឈ្នះ សិទ្ធិទៅលេងក្នុងយុទ្ធនាការនេះក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០២ ផងដែរ ជាមួយនឹងអត្រាប្រជាជនប្រមាណជា៣លាននាក់ ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះWorld Cup វគ្គ play off នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ ដោយមានក្រុមខ្លាំងៗដូចជា ស៊ុយអែតប៉ះជាមួយអុីតាលី, កូឌីវ័រប៉ះជាមួយម៉ូរ៉ូកូ, ដាណឺម៉ាកប៉ះជាមួយសាធារណរដ្ឋអៀរឡង់, នូវែលហ្សេឡង់ប៉ះជាមួយប៉េរូ, ស្វុីសប៉ះជាមួយ អៀរឡង់ខាងជើង និងក្រិកប៉ះជាមួយក្រូអាតជាដើម ៕ ដេវីត


ចែករំលែក៖