ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអារ៉ាប់មានគម្រោងដាក់ទណ្ឌកម្មទួរគីដែលបានជួយដល់កាតារ

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងតំបន់មជ្ឈឹមបូព៌ាអាចប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ក្រោយពេលដែលប្រទេសអារ៉ាប់ដឹកនាំដោយសាឌីអារ៉ាបី ឡើងគម្រោងដាក់ទណ្ឌកម្មទៅលើប្រទេសទួរគី ដែលបានគាំទ្រដល់ប្រទេសកាតារ។

ប្រភពព័ត៌មានពីក្រសួងការបរទេស សាឌីអារ៉ាបី ប្រទេសនេះនឹងអារ៉ាប់រួមព្រមទាំងប្រទេស អេហ្សីប កំពុងតែពិភាក្សាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសទួរគី ដោយសារតែប្រទេសនេះបានជួយស្បៀងអាហារដល់ប្រទេសកាតារ និងបញ្ជូនទាហានទៅជួយការពារទៀតផង។ សកម្មភាពរបស់ប្រទេសទួរគី គឺបានប្រឆាំងពេញទំហឹងទៅលើបណ្តាប្រទេសសហគមន៍អារ៉ាប់ដែលបានដាក់គំនៀបទៅលើទីក្រុងដូហា។

ប្រភពព័ត៌មានបានឲ្យដឹងថា ទស្សនរបស់សាឌីអារ៉ាបីគឺអាចទទួលយកបាននៅតួនាទីរបស់ទួរគី គឺជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិបត្តិ ប៉ុន្តែទួរគីបានធ្វើលើសពីតួនាទីរបស់ខ្លួន។ ព្រះរាជបុត្រ Mohammad Bin Salman បានប្តេជ្ញាដាក់ទណ្ឌកម្មទៅលើប្រទេសទួរគីពីសកម្មភាពខាងលើ។

ក្នុងពេលជាមួយគ្នានេះ ព្រះរាជបុត្ររបស់ប្រទេស អារ៉ាប់ អីមីរ៉ែត (UAE ) Abu Dhabi Mohammed Bin Zayed ក៏បានពិភាក្សាពីការដាក់ទណ្ឌកម្មទៅលើប្រទេសទួរគីពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍កន្លងទៅ។

សម្ព័ន្ធមិត្តប្រឆាំងកាតារដឹកនាំដោយសាឌីអារ៉ាបី មានការជឿជាក់ថា កាតារនឹងត្រូវយោគយល់ដល់បណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ដោយការដាក់ទណ្ឌកម្ម ប៉ុន្តែកាតារបានប្រឆាំងទៅនឹងការដាក់ទណ្ឌកម្ម និងគំនៀបសេដ្ឋកិច្ចពីប្រទេសអារ៉ាប់ដោយមានការជួយជ្រោមជ្រេងពីប្រទេសអុីរ៉ង់ និងទួរគី។

ប៉ុន្តែក្រោយការដាក់គំនៀបសេដ្ឋកិច្ច និងកិច្ចការបរទេសដល់កាតារ ប្រទេសទួរគីដឹកនាំដោយប្រធានាធិបតី Recep Tayyip Erdogan បានសន្យាផ្តល់ជំនួយដល់កាតារ និងថ្កោលទោសការកាត់ផ្តាច់ទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ចពីប្រទេសអារ៉ាប់ ដល់កាតារ។

ក្រោយកាត់ផ្តាច់ទំនាក់ទំនងនោះ ទួរគីបានបញ្ជូនស្បៀងអាហារតាមជើងយន្តហោះ ជាបន្ទាន់ទៅកាន់ប្រទេសកាតារ ដើម្បីទប់ស្កាត់ការខ្វះខាត។ ចាប់តាំងពីវិបត្តិកើតឡើងទួរគីបានបញ្ជូនស្បៀងអាហារតាមជើងហោះហើរជាង១០០ជើងមកហើយ។ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ ប្រទេសនេះក៏បានសម្រេចបញ្ជូននាវាដឹកទំនិញជំនួយដំបូងបង្អស់ដល់កាតារ ដែលមានស្បៀងអាហារចាំបាច់តម្រូវការប្រើប្រាស់នៅក្នុងប្រទេសនេះ។

ក្រៅពីនេះទាហានទួរគីរាប់រយនាក់បានទៅកាន់កាតារជួយដល់កម្លាំងទាហានប្រទេសនេះការពារខ្លួន។

កាលពីថ្ងៃទី២៣ ខែមិថុនា ប្រទេសគុយវែង បានសម្រេចដាក់លក្ខណទៅលើប្រទេសកាតារដែលមាន១៣ចំណុច រៀបចំឡើងដោយ៤ប្រទេស ក្នុងនោះមានការបង្ខំឲ្យទីក្រុងដូហាកាត់ផ្តាច់ទំនាក់ទំនងជាមួយអុីរ៉ង់។ ហាមទាហានទួរគីមកឈរជើងនៅលើទឹកដីកាតារ ក៏ដូចជាបិទស្ថានីយ៍ទូរទស្ស Al Jazeera ផងដែរ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតារតាមសេចក្តីរាយការណ៍បានច្រានចោលនូវល័ក្ខខ័ណ្ឌចំនួន១៣ចំណុច ដែលកំណត់ឡើងដោយប្រទេសអារ៉ាប់ចំនួន៤ គឺអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម អេហ្សុីប និងបារ៉ែន ដើម្បីជាការដកចេញនូវទណ្ឌកម្មដោយនិយាយថា វាមិនសមទំនង និងមិនអាចប្រពឹត្តទៅបាន។

លោករដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman al-Thani បានមានប្រសាសន៍ថា ការទាមទារនេះបានក្លាយជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ទណ្ឌកម្មដែលដាក់នោះ គឺគ្មានពាក់ព័ន្ធអ្វីជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ ប៉ុន្តែគឺកំពុងដាក់កម្រិតលើអធិបតេយ្យភាពរបស់កាតារ និងជ្រាតជ្រែកមកលើគោលនយោបាយការបរទេសរបស់កាតារ។

ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានច្រានចោលសំណើររបស់សហព័ន្ធអារ៉ាប់រួមពាក់ព័ន្ធនឹងវិបត្តិការទូតរបស់កាតារ ជាពិសេសទៅលើសំណើរឲ្យបិទមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកាតារនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

បណ្ដាប្រទេសសហព័ន្ធអារ៉ាប់រួម កាលពីពេលថ្មីៗកន្លងទៅ បានសម្រេចទុកពេលឲ្យប្រទេសកាតាររយៈពេល១០ថ្ងៃ ដើម្បីអនុវត្តសំណើររបស់ខ្លួន១៣ចំណុច ដែលធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ប៉ុន្ដែសំណើរទាំង១៣ចំណុចនោះត្រូវបានកាតារច្រានចោលហើយដែរ៕ ម៉ែវ សាធី


ចែករំលែក៖