ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមស្វាយចន្ទី

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីស្រស់ក្មេងម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួន ក្រោមដើមស្វាយចន្ទី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារមកពិនិត្យសាកសពភ្លាមៗ ទំនងតូចចិត្តមិនមានភាពកក់ក្ដៅ ព្រោះម្ដាយស្លាប់យូរឆ្នាំមកហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីសង្ស័យតូចចិត្តគិតខ្លីមានឈ្មោះ ជុត ណារី អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ។

ប្រភពបន្តថា បន្ទាប់ពីមានអាជ្ញាធរភូមិរាយការណ៍មកសមត្ថកិច្ចនគរបាល ស្រុកថា មានករណីចងកសម្លាប់ខ្លួនភ្លាម សមត្ថកិច្ចបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញ និងគ្រូពេទ្យបានមកដល់ពិនិត្យសាកសពភ្លាមៗ ប្រមាណជិតមួយម៉ោងឃើញថា នារីខាងលើចងកពិតប្រាកដមែន ដោយមិនមានស្លាកស្នាមសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ ។

បើតាមអ្នកភូមិរបងជាមួយបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុយុវតីខាងលើគឺតែងតែដើរនិយាយប្រាប់គេប្រាប់ឯង២ទៅ៣ថ្ងៃមកហើយថា ជាតិនេះមិនចង់រស់ទេ ព្រោះកើតមកគ្មានម្តាយមើលថែរស់នៅដូចជាគ្មានន័យ និងគ្មានភាពកក់ក្ដៅដូចអ្នកដទៃសោះ ។

លុះនៅវេលាកើតហេតុខាងលើស្រាប់តែអ្នកភូមិ និងក្មេងៗប្រាប់ថា ចងកសម្លាប់ខ្លួន និងអាវខូវបោយដៃវែង លើដើមស្វាយចាន់ទី ខាងត្បូងផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រស្លាប់ទៅហើយ ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖