ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់សង្ស័យជនអនាថាដេកស្លាប់នៅលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ច ដោយសារមានការប្រទះឃើញសពបុរសម្នាក់ សង្ស័យជាជនអនាថា បានដេកស្លាប់នៅលើចិញ្ចើមផ្លូវ កាលវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្លូវ៣៣០ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កម្លាំងល្បាតក្នុងមូលដ្ឋាន ហើយមានប្រជាពលរដ្ឋបានទូរស័ព្ទថា ប្រទះឃើញសពបុរសជនអនាថាម្នាក់ ដេកស្លាប់នៅតាមចិញ្ចើមផ្លូវ ក្រោយមកសមត្ថកិច្ចប្រញាប់ចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ហើយពេលមកដល់កន្លែងកើតហេតុ ក៏ឃើញសពបុរសម្នាក់អាយុប្រហែលខ្ទុង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណទេ ។

បើតាមការសាកសួរសាក្សីខាងលើ ក៏មិនមានអ្នកដឹងអត្តសញ្ញាណជនរងគ្រោះទេ គ្រាន់តែដឹងថា គាត់មកដេកនៅតាមចិញ្ចើមផ្លូវនេះរយះពេល៣ថ្ងៃ ស្រាប់តែថ្ងៃនេះ ប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវតែម្ដង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរថយន្តដឹកសពរបស់នគរបាលដឹកយកទៅដំកល់នៅមន្ទីរពេទ្យរុស្ស៊ី រង់ចាំជំនាញចុះមកធ្វើកោសល្យវិច័យ ហើយបើតាមការសន្និដ្ឋានដំបូងថា ជាករណីស្លាប់ដោយសារខ្យល់គរ ៕ ស រស្មី


ចែករំលែក៖