ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិព្រមានប្រាប់សម្តេចនាយករដ្ឋមន្រ្តីដកតំណែងអភិបាលស្រុកជាំក្សាន្ដរឿងឈូសឆាយដីប៉ះពាល់ពលរដ្ឋ​​

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ករណីលោក លាស់ ថេតរ៉ាម៉ា នាយកក្រុមហ៊ុនសហគមន៍អភិ វឌ្ឍន៍ជាតិដែលបានព្រមានលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារថានឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យ ដករូបលោកចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយដីដែល នាយកក្រុមហ៊ុនរូបនេះចាត់ទុកថាជាការ អភិវឌ្ឍជូនជាតិ និងប្រជាជន ។

ពាក់ព័ន្ធនឹងការព្រមានរបស់នាយកក្រុមហ៊ុនរូបនេះ អភិបាលស្រុកជាំក្សាន្ដនឹង សុខចិត្តទទួលយកហើយគោរពតាមថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបើសិនជាដក តំណែងរបស់លោកចេញ ពីអភិបាលស្រុក ដោយគ្រាន់តែការពារផលប្រយោជន៍ ប្រជាជនដែលក្រុមហ៊ុនបានយកគ្រឿង ចក្រទៅឈូសឆាយប៉ះពាល់ដីកម្មសិទ្ធិរបស់ពួកគាត់ចំនួន៨១ក្បាលដីដែលមានប្លង់រឹង និងសលាកបត្រ ដែលបានកាន់កាប់និង អាស្រ័យផលជាយូរណាស់មកហើយ នោះ។

លោក ជា គឹមសេង អភិបាលស្រុក បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៩កន្លងទៅក្រុមហ៊ុនសហគមន៍អភិ វឌ្ឍន៍ជាតិបានយកគ្រឿងចក្រទៅឈូសឆាយផ្ទៃដីធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងដីចម្ការរបស់ប្រជាពលរដ្ឋចំនួន៧៩គ្រួសារ ស្មើនឹង៨១ក្បាលដីស្ថិតនៅភូមិស្រអែម ខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារ ។

សកម្មភាពឈូសឆាយដីខាងលើនេះ ត្រូវបាននាយកក្រុមហ៊ុនអះអាងថា ខ្លួនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍតំបន់នេះដោយមានផ្ទៃដីជាង៧០០ហិកតា។

លោក ជា គឹមសេង បានបញ្ជាក់ថា ក្រោយការសួររកឯកសារក្រុមហ៊ុនមាន សិទ្ធិ​ធ្វើការអភិវឌ្ឍពីក្រុមប្រឹក្សាអភិវឌ្ឍន៍ ជាតិ CDC លើការធ្វើផ្លូវ២០ខ្សែចម្ងាយ ៣០គីឡូម៉ែត្រ ក្នុងទំហំផ្ទៃដី៧០៨ហិកតា ប៉ុន្ដែមិនទាន់ទទួលបានអនុក្រឹត្យ ឬអនុ ប្រយោគណាមួយពីរដ្ឋាភិបាលនោះទេ។

​អភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលខ្ញុំហៅគាត់មកជួប (នាយក ក្រុមហ៊ុន) គាត់បានប្រើពាក្យថា គាត់មានគម្រោងអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវហើយជួយអភិវឌ្ឍជាតិ។ ផ្ទុយទៅវិញ ខ្ញុំហ្នឹងជាអ្នក ជំទាស់ទៅនឹងការអភិវឌ្ឍគាត់ដូច្នេះគាត់ នឹងថតសំឡេងខ្ញុំហើយរាយការណ៍ជូន សម្ដេចឲ្យដកខ្ញុំ ពីចៅហ្វាយស្រុក។ ខ្ញុំរីក រាយនឹងចុះចេញពីតំណែងគ្រាន់ តែប្រើសិទ្ធិការពារសិទ្ធិប្រជាពលរដ្ឋដែលបានបោះឆ្នោតតែប៉ុណ្ណោះ ហើយទុកឲ្យក្រុមហ៊ុនគាត់មានសុខដុមនីយកម្ម នៅក្នុងអ្វីដែលគាត់កំពុងមានសព្វថ្ងៃនេះទៅតែចង់ឲ្យមានក្រុមហ៊ុនហើយបើអភិវឌ្ឍក្នុងន័យជួយជាតិ ជួយប្រជាជន ហើយនៅពេលបច្ចុប្បន្ននេះស្រុករបស់ខ្ញុំត្រូវការអណ្ដូងប្រហែល១០០ និងផ្លូវជាច្រើនខ្សែទៀតនៅកន្លែងផ្សេង។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់អភិបាលស្រុកជាំក្សាន្ដខាងលើនេះ កាសែតនគរវត្តមិនទាន់អាចស្វែងរកការ បកស្រាយ ពីនាយកក្រុមហ៊ុននោះបានទេ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ៕ សហការី


ចែករំលែក៖