ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លិប Paris Saint-Germainគាំទ្រគ្រូបង្វឹក Unai Emery ក្រោយឈ្នះពាន Coupe de la Ligue

ចែករំលែក៖

លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint-Germain បានបង្ហាញពីជំហរគាំទ្រ គ្រូបង្វឹក Unai Emery ដដែលក្រោយពេលក្រុមរបស់គាត់ឈ្នះពានរង្វាន់ Coupe de la Ligue ឆ្នាំ២០១៨នេះ ។

ក្រុម Paris Saint-Germain បានគ្រងជើងឯកពាននេះក្រោយបំបាក់ក្រុម Monaco 3-0 ដោយពួកគេបានឈ្នះពានរង្វាន់ Coupe de la Ligue ៥សម័យជាប់គ្នាហើយបើរួមទាំងឆ្នាំនេះ។

ចាប់តាំងពីមកដឹកនាំក្រុម Paris Saint-Germain ក្នុងឆ្នាំ២០១៦មក លោក Unai Emery បានឈ្នះពាន៣ហើយ ក្រោយធ្លាក់ចេញពីកម្មវិធី Champions League វគ្គ១៦ក្រុមចុង ក្រោយក្រោមថ្វីជើងក្លិប Real Madrid ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ប្រធានក្លិបត្រូវ ការគ្រូបង្វឹកថ្មីមកជំនួស។

ប៉ុន្តែពេលនេះលោក Al-Khelaifi បានចេញមកអះអាងថា “គ្រូបង្វឹករបស់យើងគឺUnai Emery។ យើងគាំទ្រគាត់រាល់ថ្ងៃមិនមែនត្រឹមតែខ្ញុំទេគឺក្លិបទាំងមូលគាំទ្រគាត់” ។

គួររំលឹកថា សប្តាហ៍មុនសារព័ត៌មានកីឡា Corriere dello Sport បានចុះផ្សាយថា លោក Nasser Al-Khelaifi ប្រធានក្លិប PSG បានជ្រើសរើសយក Conte ជាជម្រើសទីមួយដើម្បីយកមក ដឹកនាំក្លិបជំនួសលោក Unai Emery ដែលជិតចប់កិច្ចសន្យាទៅហើយនោះ ដោយផ្តល់ទឹកប្រាក់ឲ្យលោក Antonio Conte អ្នកចាត់ការក្រុមតោខៀវ Chelsea ចំនួន១០លានផោនក្នុងមួយរដូវកាល ៕ ដេវីត


ចែករំលែក៖