ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងអាជ្ញាធរក្រុងសិរីសោភ័ណអំពាវនាវ និងផ្សព្វផ្សាយអប់រំដល់ព្រះសង្ឃជាង១០០អង្គគង់នៅក្នុងវត្តព្រះពន្លា ក្រុងសិរីសោភ័ណកុំទៅចូលរួមធ្វើសកម្មភាពបម្រើបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យឹម យឿន និង អភិបាលរងក្រុងសិរីសោភ័ណ លោក ម៉ៅ វណ្ណា បានធ្វើការអំពាវនាវ និងអប់រំផ្សាយជូនដល់ ព្រះសង្ឃជាង១០០អង្គគង់នៅក្នុងវត្តព្រះពន្លា ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកុំធ្វើសកម្មភាពអ្វីដែលខុសនិងវិស័យសង្ឃ ប៉ះពាល់សង្គម និងវិស័យសាសនា។ជាពិសេស ទៅចូលរួមធ្វើសកម្មភាពបំរើបក្សនយោបាយ រឺអង្គការសង្គមស៊ីវិលណាមួយខុសច្បាប់ដោយទៅ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល រឺចូលរួមក្នុងសកម្មភាពញុះញុងដែលបង្កឱ្យប៉ះពាល់សង្គម និងវិស័យព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរនោះ។

ការលើកឡើងនិងអំពាវពីសំណាក់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យនិងអាជ្ញាធរក្រុងសិរីសោភ័ណគ្រាដែលលោកមើលឃើញថា មានព្រះសង្ឃមួយចំនួនតូច ប្រឡូកចូលក្នុងបក្សនយបាយទៅធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជានៅភ្នំពេញ ដែលគេឃើញព្រះសង្ឃប្រើអំពើហឹង្សា និងបានចូលរួមជាអ្នកសង្កេតការណ៍ឱ្យបក្សនិយោបាយ សង្គមស៊ីវិល សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ និងព្រះសង្ឃជិះរថយន្ត ម៉ូតូ ទៅឃោសនារកសម្លេងឆ្នោតជូនបក្សនយោបាយ ជាដើមនោះ។

លោកលើកឡើងទៀតថា សកម្មភាពទៅចូលរួមបំរើបក្សនយោបាយរបស់ព្រះសង្ឃបែបនោះអនុវត្តខុសនិងវិស័យសង្ឃហើយវានាំបង្កឱ្យការបែកបាក់ដល់ពុទ្ធបរិស័ទចំណុះជើងវត្តនិងប្រជាជន ធ្វើឱ្យប្រជាជនខ្វះជំនឿ និងថែមទាំងប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសានាជាខ្លាំងតែម្តង។

ការលើកឡើងខាងលើពីសំណាក់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងសិរីសោភ័ណ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសពីធីសំណេះសំណាលពង្រឹងការអនុវត្តវិន័យរបស់ព្រះសង្ឃនិងគណៈកម្មការវត្តនៅក្នុងវត្តព្រះពន្លា នៃការបែងចែកតួនាទីភារកិច្ចរវាងចៅអធិការវត្ត និងគណៈកម្មការវត្ត។

លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា ព្រះសង្ឃគឺជាតួអង្គសំខាន់សម្រាប់ប្រជាពលរដ្ឋទូទៅគោរពប្រតិបត្តិ និងមានការប្រៀនប្រដៅប្រជាពលរដ្ឋឱ្យធ្វើអ្វីជាអំពើល្អ។បញ្ហានយោបាយព្រះសង្ឃត្រូវតែនៅជាអព្យាក្រិត្យជាការល្អប្រសើរបំផុត។ព្រះសង្ឃមានសិទ្ធិបោះឆ្នោតនិងចូលជាសមាជិកបក្សនយោបាយដែលខ្លួនស្រលាញ់ ប៉ុន្តែមិនឱ្យទៅចូលរួមធ្វើសកម្មភាពនោះឡើយ៕សំ វិច្ឆិកា


ចែករំលែក៖