ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំ និងហ្ស៊េរុយសាឡឹមជាការបុក«បំបែកសំបុកឪម៉ាល់»ពិតជាគ្រោះថ្នាក់

ចែករំលែក៖

ការដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំប្រកាសទទួលស្គាល់តំបន់រសើបបំផុត ហ្ស៊េរុយសាឡឹម ជារដ្ឋធានី របស់អីុស្រាអែល និងប្តូរស្ថានទូតទៅកាន់ ទីនោះ គឺការប្រឆាំងយ៉ាងខ្លាំងទៅនឹង ប្រទេសក្នុងតំបន់ ដែលជាជំហានដ៏គ្រោះ ថ្នាក់បំផុត មិនអាចស្មានដល់។

សកម្មភាពខាងលើមិនត្រឹមតែបំផ្លាញដល់ដំណើរការពិភាក្សាស្វែងរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នោះទេគឺថែមទាំងធ្វើឲ្យអំពើហិង្សារវាង ជនជាតិប៉ាឡេស្ទីននឹងអីុស្រាអែលកាន់តែពុះពារខ្លាំងឡើងថែមទៀត ធ្វើឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់នៅក្នុង ដំណាក់កាលចលាចលជាថ្មី គំរាមកំហែងដល់សន្តិសុខតំបន់និងនៅលើពិភពលោក ។

ភាពគ្រោះថ្នាក់បានបង្ហាញយ៉ាងច្បាស់ ពេលសហគមន៍អន្តរជាតិ ចាប់តាំងពី អង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ និង សហគមន៍អឺរ៉ុប រហូតដល់សម្ពន្ធមិត្តរបស់ អាមេរិក និងប្រទេសអ៊ិស្លាមជាច្រើនទៀត បានចេញមុខប្រឆាំងនឹងសកម្មភាពខាងលើរបស់ទីក្រុងវ៉ាស៊ីនតោន។

តំបន់ហ្ស៊េរុយសាឡឹម ផ្នែកភាគខាង កើតត្រូវបានអីុស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាម កាលពីឆ្នាំ១៩៦៧ ហើយតាំងពីនោះមកគឺជាប្រធានបទសំខាន់បំផុត ក្នុងការស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា រវាងអីុស្រាអែលនឹងប៉ាឡេស្ទីន ។ ពលរដ្ឋប៉ាឡេស្ទីនចង់ឲ្យតំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននៅពេលអនាគត ។ ចំណែកអីុស្រាអែលបានចាត់ទុក ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បានឡើយ។

លើសពីនេះទៅទៀត នៅតំបន់ភាគ ខាងកើត ហ្ស៊េរុយសាឡឹម មានវិហារ បុរាណ Jerusalem ដែលមានសិលាចារឹក តាមសាសនា Haram Al Sharif ដែលជា តំបន់ ស័ក្តិសិទ្ធបំផុតរបស់អ្នកកាន់សាសនាអ៊ិស្លាម ។ ចំណែកជនជាតិអុីស្រាអែលក៏បានចាត់ទុក ទីនេះជាទីសក្ការៈរបស់ខ្លួន ផងដែរ ដោយមានព្រះវិហារជនជាតិជ្វីហ្វ និងគម្ពីស័ក្តិសិទ្ធ ។

តំបន់ហ្ស៊េរុយសាឡឹម គឺជាតំណាង ទាំងសាសនា នយោបាយ ត្រូវបានពល​រដ្ឋអីុស្រាអែលនិង អ្នកកាន់សាសនា អ៊ិស្លាមចាត់ទុកជា តំបន់ស័ក្តិសិទ្ធិ។ រាល់សកម្មភាពពាក់ព័ន្ធនឹងតំបន់ហ្ស៊េរុយសាឡឹម នឹងក្លាយជា ចំណុចតានតឹងបំផុត។

ដូច្នេះការដែលអីុស្រាអែលសាងសង់លំនៅឋាន នៅតំបន់ភាគខាងកើត ហ្ស៊េ រុយសាឡឹម ត្រូវបានភាគីប៉ាឡេស្ទីនចាត់ ទុកថាជាសកម្មភាពឌឺដង ហើយសកម្មភាពនោះធ្លាប់ជំរុញឲ្យផ្ទុះសង្គ្រាមនៅឆ្នាំ ១៩៩០ និងឆ្នាំ១៩៩៦ រវាងអីុស្រាអែល នឹងប៉ាឡេស្ទីន។ សង្គ្រាមចុងក្រោយនេះគឺផ្ទុះឡើងនៅក្នុងឆ្នាំ២០០០ដែលពលរដ្ឋប៉ាឡេស្ទីនក្រោកឡើងប្រឆាំងនឹងអីុស្រាអែល។

ដែនអធិបតេយ្យភាព របស់អីុស្រាអែល ចំពោះតំបន់ហ្ស៊េរុយសាឡឹម មិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់នោះឡើយបើទោះបីទីតាំងសំខាន់ របស់ អីុស្រាអែល ដូចជា អគាររដ្ឋសភា វិមានប្រធានាធិបតី ការិយាល័យនាយករដ្ឋមន្ត្រីនិងស្ថាប័ន ផ្សេងៗស្ថិតនៅតំបន់នោះក្តី។

ការទទួលស្គាល់ហ្ស៊េរុយសាឡឹមជា របស់អីុស្រាអែលគឺជាការឌឺដង ដល់សហ គមន៍អារ៉ាប់ និងអ្នកកាន់សាសនាអ៊ិស្លាមនៅជុំវិញពិភពលោកធ្វើឲ្យវិវាទសាសនាកាន់តែពុះពោរខ្លាំងឡើង ។

បណ្ដាមេដឹកនាំប្រទេសអ៊ិស្លាម នឹង បើកកិច្ចប្រជុំកំពូលមួយ នៅទីក្រុងអ៊ីស្តង់ ប៊ុល នាសប្តាហ៍ក្រោយ ដើម្បីបង្កើតឱ្យមានការឆ្លើយតបរួមគ្នាមួយចំពោះការសម្រេចចិត្ត ដែលសហរដ្ឋអាមេរិក ទទួលស្គាល់ ក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល និងផ្លាស់ប្ដូរទីតាំងស្ថានទូត របស់ខ្លួនទៅកាន់ទីនោះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ជប៉ុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ។

កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ សប្ដាហ៍ក្រោយ នឹងត្រូវបាន រៀបចំឡើង ដោយប្រទេសទួរគី ក្នុងនាមជាប្រធានអង្គការសហប្រតិបត្តិការអ៊ិស្លាម ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្តិការ ពេញលេញ សាមគ្គីភាព និងការសម្រប សម្រួល ក្នុងចំណោមបណ្តា ប្រទេស អ៊ិស្លាម ប្រឆាំងនឹងជំហានដែលបានធ្វើ ឡើងដោយរដ្ឋអំណាចអុីស្រាអែល ចំពោះ ក្រុងហ្ស៊េរុយសាឡឹម ។

អ្នកនាំពាក្យបានព្រមានថា ការទទួលស្គាល់របស់ទីក្រុងវ៉ាស៊ីនតោនថាក្រុងហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែល គឺជាកំហុស​ដ៏ធ្ងន់ធ្ងរ ដែលរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ និងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕ ម៉ែវ សាធី


ចែករំលែក៖