ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីថ្មី ម៉ិចស៊ីកូ ៖ មានតែទាហានទេ ទើបអាចកម្ចាត់ក្រុមជួញដូរគ្រឿងញៀនបាន

ចែករំលែក៖

មនុស្សស្លាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសម៉ិចស៊ីកូ មានរហូតដល់ជាង៣៣ពាន់នាក់ ក្នុងមួយឆ្នាំ ហើយបើគិតរាល់ថ្ងៃវិញ មានអ្នកស្លាប់ ៩១នាក់ ក្នុងមួយថ្ងៃៗ ។ កម្លាំងប៉ូលិសមិនអាចកម្ចាត់ក្រុមជួញដូរគ្រឿងញៀនបានឡើយ ដោយមេប៉ូលិសភាគច្រើនបានទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀន ព្រមទាំងការគំរាមកំហែងផងដែរ ។ ដូច្នេះមានតែកម្លាំងទាហានប៉ុណ្ណោះ ដែលមានភាពស្អាតស្អំ អាចកម្ចាត់គ្រឿងញៀនរក្សាសណ្តាប់ធ្នាប់ក្នុងសង្គមវិញបាន ។

តាមរបាយការណ៍បង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់ ដោយអំពើហិង្សាពាក់ព័ន្ធការជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិចស៊ីកូ មានរហូតដល់ ៣៣.៣៤១ នាក់ នៅក្នុងឆ្នាំ២០១៨ ។

សារព័ត៌មាន NPR បានផ្សាយថា ការសម្លាប់មនុស្សកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៨ ធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ គិតជាមធ្យម មានមនុស្ស៩១នាក់ រងការសម្លាប់ជារៀងរាល់ថ្ងៃ ។

តាមរបាយការណ៍របស់ គណៈកម្មការសន្តិសុខ និងការពារពលរដ្ឋម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា មានមនុស្សស្លាប់ដល់ទៅជាង៣៣ពាន់នាក់ ក្នុងឆ្នាំ២០១៨ គឺកើនឡើង ១៥ភាគរយ ។ អំពើហិង្សាបានរាលដាលនៅគ្រប់ទិសទី ក្នុងប្រទេសម៉ិចស៊ីកូ ពិសេសអំពើហិង្សាពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រុមសន្តិសុខ ដូចជាមិនអាចធ្វើអ្វីបានទៅលើក្រុមជួញដូរគ្រឿងញៀននោះឡើយ ទុកឲ្យក្រុមជួញដូរធ្វើសកម្មភាពដោយសេរី ។ មិនតែប៉ុណ្ណោះក្រុមសន្តិសុខ ត្រូវបានមេជួញដូរគ្រឿងញៀនផ្តល់ប្រាក់ ដើម្បីឲ្យធ្វើមិនដឹងមិនឮពីសកម្មភាពរបស់ពួកជួញដូរគ្រឿងញឿន។

ចំនួនអ្នកស្លាប់ជាង៣៣ពាន់នាក់ក្នុងមួយឆ្នាំគឺច្រើនជាងប្រទេសដែលកំពុងតែ កើតសង្គ្រាមទៅទៀត ក្នុងនោះមានដូចជាប្រទេសស៊ីរី ជាដើម ។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋម៉ិចស៊ីកូព្រួយបារម្ភយ៉ាងខ្លាំង នាំគ្នាភៀសខ្លួនទៅរស់នៅអាមេរិក ។

ចំនួនអ្នកស្លាប់កើនឡើង បានបង្កផលលំបាកយ៉ាងខ្លាំងដល់ប្រធានាធិបតី Andres Manuel Lopez Obrador ក្នុងការអនុវត្តពាក្យសន្យារបស់លោក ពេលឃោសនាបោះឆ្នោត ។ នៅពេលឃោសនាបោះឆ្នោត លោកបានសន្យាថា នឹងរៀបចំសន្តិសុខសណ្តាប់ធ្នាប់សង្គម កម្ចាត់អំពើពុករលួយ។ ប្រធានាធិបតី Andres Manuel Lopez Obrador បានស្នើឲ្យបញ្ចប់គោលនយោបាយប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតី ដែលបានអនុវត្តតាំងពីឆ្នាំ២០០៦មក ដោយប្រើប្រាស់កម្លាំងទាហាន ដើម្បីប្រឆាំងក្រុមជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗ។

ការណ៍ដែលប្តូរយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Andres Manuel Lopez Obrador ដោយសារលោកបានដឹងយ៉ាងច្បាស់ថា កម្លាំងសន្តិសុខ ប៉ូលិស គឺមានទុក្ខលំបាកផ្ទាល់ខ្លួន មិនអាចកម្ចាត់ក្រុមជួញដូរគ្រឿងញៀនបានឡើយ ព្រោះខ្លាចគ្រួសារសាច់ញាតិត្រូវក្រុមគ្រឿងញៀនសម្លាប់ ។ មួយវិញទៀត គឺបានទទួលប្រាក់ជាច្រើនពីក្រុមជួញដូរគ្រឿងញៀនដើម្បីធ្វើព្រងើយកន្តើយ ចំពោះករណីជួញដូរគ្រឿងញៀន ។

កន្លងមក ក្រោយពេលចាប់បានស្តេចគ្រឿងញៀន ហើយកាត់ទោសនៅអាមេរិក អ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាង ក្នុងនោះអតីតប្រធានាធិបតីប្រទេសមុិចស៊ីកូ ក៏ទទួលប្រាក់ពី ក្រុមជួញដូរគ្រឿងញៀននោះដែរ ។ ទាំងនោះហើយទើបបញ្ហាជួញដូរគ្រឿងញៀននៅក្នុងប្រទេសនោះ ក៏ដូចជាការនាំគ្រឿងញៀនចូលទឹកដីអាមេរិក មិនអាចទប់ស្កាត់បាន។

មេជួញដូរគ្រឿងញៀនដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសម៉ិចស៊ីកូ លោក Joaquin El Chapo Guzman ធ្លាប់ផ្តល់ប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដល់អតីតប្រធានាធិបតី លោក Enrique Pena Tieto ។ ទាំងនោះជាសម្តីសារភាពរបស់មេគ្រឿងញៀន Guzman នៅក្នុងសវនាការអាមេរិក កាលពីថ្ងៃទី១៥ ខែមករា។

តុលាការអាមេរិកបានចាប់ផ្តើមកាត់ក្តីមេគ្រឿងញៀន Guzman តាំងពីខែវិច្ឆិកាឆ្នាំ២០១៨ ហើយពេលនេះគឺជាសម្តីសារភាព បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសូម្បីតែប្រធានាធិបតី ក៏ទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនផងដែរ ទាំងនោះហើយទើបមិនអាចកម្ចាត់ក្រុម ជួញដូរគ្រឿងញៀនបាន។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៦ខែមករា បានដកស្រង់សម្តី លោក Alex Cifuentes ជាបុគ្គលបានសារភាពថាជាដៃស្តាំរបស់មេដឹកនាំគ្រឿងញៀន Guzman បានឲ្យដឹងថា កាលពី៣ឆ្នាំមុន អតីតប្រធានាធិបតីមុិចស៊ីកូ លោក Pena Nieto បានជួបជាមួយ លោក Guzman មុន ដោយស្នើរប្រាក់២៥០លានដុល្លារ ។ ក្រោយមកដល់ខែតុលា Guzman បានបញ្ជូនប្រាក់ចំនួន ១០០លានដុល្លារដល់លោក Pena Nieto នៅពេលដែលលោកទើបតែជាប់ឆ្នោតជាប្រធានាធិបតីប្រទេសនេះ ។ អតីតប្រធានាធិបតីរូបនេះធ្លាប់បានផ្ញើរសារទៅកាន់មេជួញដូរគ្រឿងញៀនថា លោកមិនចាំបាច់រស់នៅដោយលួចលាក់ទៀតឡើយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅពេលនេះមិនទាន់អាចទំនាក់ទំនងជាមួយលោក Pena Nieto និងអតីតអ្នកនាំពាក្យរបស់លោក ដើម្បីធ្វើបទសម្ភាសន៍បានឡើយ។ ប៉ុន្តែកន្លងមក អតីតប្រធានាធិបតីបានច្រានចោលថា លោកមិនដែលបានទទួលប្រាក់ពីមេជួញដូរគ្រឿងញៀននេះឡើយ ។

លោក Pena Nieto ជាអតីតប្រធានាធិបតីមុិចស៊ីកូ កាន់តំណែងតាំងពីខែធ្នូ ឆ្នាំ ២០១២ដល់ខែវិច្ឆិកាឆ្នាំ២០១៨។ នៅមុនពេលឡើងកាន់តំណែងជាប្រធានាធិបតី លោកគឺជាអភិបាលរដ្ឋ មុិចស៊ីកូ ។

លោក Guzman គឺជាមេដឹកនាំគ្រឿងញៀនធំបំផុតនៅលើពិភពលោក ដែលគេឲ្យឈ្មោះថា«ស្តេចគ្រឿងញៀន»។ តុលាការបានចាប់ផ្តើមកាត់ទោស លោក Guzman ជាផ្លូវការនៅក្នុងតុលាការ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

មេគ្រឿងញៀនGuzman អាយុ៦១ឆ្នាំ អាចត្រូវជាប់គុកអស់មួយជីវិត ។

តាមតុលាការអាមេរិក ក្រុមជួញដូរគ្រឿងញៀន Sinaloa Do Guzman បានបង្កើតឡើងនៅឆ្នាំ១៩៨៩ ជាក្រុមជួញដូរគ្រឿងញៀនធំបំផុតលើពិភពលោក ដោយមានសមាជិករាប់ពាន់នាក់ ។ ចាប់តាំងពីឆ្នាំ១៩៨៩ មកទល់ឆ្នាំ២០១៤ ក្រុមនេះបានលក់គ្រឿងញៀនទៅកាន់អាមេរិក មានរហូតដល់ទៅជាង ១៥៤តោន ហើយទទួលបានប្រាក់មកវិញដល់ទៅជាង១៤ពាន់លានដុល្លារអាមេរិក ៕


ចែករំលែក៖