ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងអនុម័តច្បាប់ប្រឆាំងភេរវកម្មថ្មី

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចុះហត្ថលេខាលើច្បាប់ប្រឆាំងភេរវកម្មថ្មី ដែលគេវាយតម្លៃថា ជាច្បាប់ដែលមានវិវាទខ្លាំងបំផុត ក្នុងនោះបានផ្តល់សិទ្ធិយូរអង្វែងដល់ក្រុមសន្តិសុខមានសិទ្ធិ រ៉ុករកកន្លែងរស់នៅ បិទទ្វាទីតាំង សាសនា និងកាត់បន្ថយការធ្វើដំណើរចុះឡើងសម្រាប់បុគ្គលដែលស្ថិតនៅក្នុងការសង្ស័យ។

មានប្រសាសន៍ក្រោយពេលចុះហត្ថលេខាលើច្បាប់ខាងលើ ប្រធានាធិបតីបារាំង បានបញ្ជាក់ថា«ច្បាប់ថ្មីនេះ នឹងអនុញ្ញាត្តិឲ្យយើងបញ្ចប់ការប្រកាសអាសន្ន នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ ហើយបានធានាដល់សន្តិសុខសុវត្ថិភាពដល់យើង»។ លោក ម៉ាក្រុង បញ្ជាក់ទៀតថា ច្បាប់ខាងលើនឹងត្រូវអនុវត្ត ក្រោយពេលច្បាប់អាសន្នអស់សុពលភាពនៅយប់ថ្ងៃទី៣១ ខែតុលានេះ។ ច្បាប់អាសន្នត្រូវបានពន្យាពេលរហូតដល់៦លើកមកហើយ ដោយសារតែការវាយប្រហារភេរវកម្មនៅតែកើតមានក្នុងប្រទេសបារាំង។

ច្បាប់ថ្មីនេះត្រូវបានបោះឆ្នោតដោយមានសំឡេងគាំទ្រ រហូតដល់ទៅ៤១៥ និងប្រឆាំង១២៧ ទាំងនោះបានជួយឲ្យច្បាប់ថ្មីចេញជាផ្លូវការ។ រដ្ឋាភិបាលបារាំងបានបញ្ជាក់ថា ច្បាប់ខាងលើនឹងជួយរក្សាសន្តិសុខយូអង្វែងដល់ប្រទេសបារាំង និងពលរដ្ឋបារាំងទាំងមូល។

បារំាងជាប្រទេសរងការវាយប្រហារច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប រយៈពេលកន្លងមក ទាំងនោះ ហើយបានធ្វើឲ្យបារាំងត្រូវតែអនុវត្តច្បាប់តឹងតែង ដើម្បីបញ្ចៀសការវាយប្រហារ ជាថ្មី។

កន្លងមកថ្មីៗគណៈកម្មការអឺរ៉ុបបានប្រកាសពីកញ្ចប់ថវិកាប្រមាណជិត១២០លានអឺរ៉ូ សម្រាប់ជាជំនួយផ្តល់ឱ្យសមាជិករបស់ខ្លួនទាំងអស់ យកទៅប្រើប្រាស់ក្នុងកិច្ចការពារទីលានសាធារណៈ នៅតាមទីក្រុង។ ទីក្រុងសំខាន់ៗដែលបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មជីហាត កាន់តែខ្លាំងឡើង។

នៅក្នុងផែនការសកម្មជួយក្រុងនានា ការពារទីលានសាធារណៈពីការប៉ុនប៉ងធ្វើភេរវកម្ម អឺរ៉ុបត្រៀមកញ្ចប់ថវិកា ១៨,៥លានអឺរ៉ូ រួចជាស្រេច អាចប្រើការបានភ្លាមចាប់ពីឆ្នាំ២០១៧នេះទៅតែម្តង និង១០០លានអឺរ៉ូ សម្រាប់ឆ្នាំ២០១៨។

អឺរ៉ុប បានផ្តួចផ្តើមគំនិតបែបនេះ ក៏ព្រោះគេសង្កេតឃើញការវាយប្រហារភេរវកម្មជីហាត ជាបន្តបន្ទាប់លើហ្វូងមនុស្សនៅតាមទីធ្លា និងទីប្រជុំជនសាធារណៈ ដូចយ៉ាងការបើករថយន្តកិនមនុស្សនៅក្រុងនីស ក្នុងថ្ងៃបុណ្យជាតិបារាំង ឆ្នាំ២០១៦ នៅក្រុងប៉ាលឺឡោន ប្រទេសអេស្ប៉ាញ កាលពីថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧ នៅក្រុងឡុងដ៍ នៅមែនឆេស្ទ័រប្រទេសអង់គ្លេស ឬនៅស្តុកខុម ប្រទេសស៊ុយអែត ។ល។ និង។ល។

ក្រៅអំពីការផ្តល់ថវិកាជាជំនួយ អឺរ៉ុបក៏ស្នើផងដែរ នូវការបង្កើតបណ្តាញជំនាញ ដើម្បីសមាជិកអឺរ៉ុបទាំងអស់ចែកចាយបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យការពារសុវត្ថិភាពទីលានសាធារណៈ អាកាសយានដ្ឋាន ចំណតរថភ្លើង ពហុកីឡាដ្ឋាន ឬក៏ទីធ្លាសាធារណៈ ដែលអាចនឹងងាយរងការប្រហារ។

ដើម្បីការពារជីវិតប្រជាពលរដ្ឋនៅតាមទីសាធារណៈ អឺរ៉ុបក៏មានផែនការកាត់ផ្តាច់ប្រភពមិនឱ្យពួកភេរវជនអាចស្វែងរកសារធាតុគីមីគ្រោះថ្នាក់សម្រាប់ផលិតជាតិផ្ទុះ និងបំផ្លាញប្រភពហរិញ្ញវត្ថុរបស់ពួកនេះទៀត។ វិធានការរបស់គណៈកម្មការអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនេះ ក៏មានរាប់បញ្ចូលការបង្កើតក្រុមការងារមួយ ក្នុងក្របខណ្ឌប៉ូលិសអាំងទែរប៉ូល ទទួលបន្ទុករក្សាសន្តិសុខសារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ៕ ម៉ែវ សាធី


ចែករំលែក៖