ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង អាចបាត់បង់ប្រជាប្រិយភាពដោយសារតែអង្គរក្សបន្លំប្រើហិង្សាលើបាតុករ

ចែករំលែក៖

សារព័ត៌មានBBC នៅថ្ងៃទី២០ ខែ កក្កដាបានផ្សាយថា រឿងអាស្រូវ បង្កឡើង ដោយ អ្នកជំនិតរបស់ប្រធានាធិបតីម៉ាក្រុង បណ្តាលឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីមហាជន ។ សកម្មភាពទាំងនោះអាចធ្វើ ឲ្យប្រជាប្រិយភាពរបស់ប្រធានាធិបតីម៉ាក្រុងធ្លាក់ចុះ ។ កន្លងមកថ្មីៗ ប្រជាប្រិយ ភាព របស់ប្រធានាធិបតីវ័យក្មេងបាន កើនឡើងខ្ពស់ដោយសារគោលនយោ បាយដឹកនាំ ដ៏ឈ្លាសវៃរបស់ លោក គួប ផ្សំនឹងការទទួលបានជើងឯកបាល់ទាត់ ពិភពលោក របស់ក្រុមជម្រើសជាតិបារាំងថែមទៀត។

លោក អាឡិចហ្សង់ បេណាល់ (Alexandre Benalla) ជាជំនួយការប្រធានបុគ្គ លិករបស់លោក ម៉ាក្រុង ត្រូវបានគេថត ជាប់នៅក្នុងវីដេអូមួយដោយសកម្មជនជា និស្សិតម្នាក់បង្ហាញថា លោកបានប្រើប្រាស់ហិង្សាលើបាតុករជាស្ត្រី និងបុរសម្នាក់ អំឡុងមានសកម្មភាពធ្វើបាតុកម្មតវ៉ា «May Day» ហើយបន្ទាប់មក ទើបលោកត្រូវបានសារព័ត៌មានបារាំងឡឺម៉ុង (Le Monde) បញ្ជាក់អត្តសញ្ញាណ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩កក្កដា កាសែត Le Monde បានចុះ ផ្សាយថា គេបានរកស្វែងរកឃើញ អត្ត សញ្ញាណរបស់ជនម្នាក់ ដែលត្រូវគេថត វីដេអូបាន ដែលក្នុងវីដេអូនោះ ជននោះ បានវាយដំយ៉ាងហិង្សា ទៅលើបាតុករម្នាក់ កាលពីក្នុងពេលធ្វើបាតុកម្មនៅថ្ងៃទី១ ឧសភា។ ជនដែលវាយដំ ប្រើអំពើហិង្សា ក្នុងវីដេអូនោះ គឺមានឈ្មោះ អាឡិចហ្សង់ បេណាល់ មន្ត្រីទទួលបន្ទុកសន្តិសុខ របស់ប្រធានាធិបតីបារាំងនេះតែម្តង។

មុនមិនទាន់ផ្ទុះរឿងរ៉ាវនេះ គ្មាននរណា ស្គាល់ទេ ថាប្រធានក្រុមការងារការពារ សន្តិសុខរបស់ប្រធានាធិបតីម៉ាក្រុង ជាអ្នក ណា មានឈ្មោះអ្វី។ ក្នុងសម្រង់វីដេអូមួយ ថតដោយទូរស័ព្ទដៃ ក្នុងហេតុការណ៍ បាតុកម្មថ្ងៃ ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល តែពាក់មួកនគរបាល កំពុងធ្វើសកម្មភាព វាយដំ ចាប់ក្របួចកស្ត្រីជាបាតុករម្នាក់ និងបានវាយដំយ៉ាងដំណំទៅលើបុរសជាបាតុករម្នាក់ទៀត។

ទើបតែនៅថ្ងៃព្រហស្បតិ៍ទី១៩កក្កដា កាសែត Le Monde បានចុះផ្សាយថា បុរសដែលធ្វើសកម្មភាពហិង្សាក្នុងវីដេអូនោះ មានឈ្មោះថា Alexandre Benalla មាន មុខងារជាអនុប្រធានខុទ្ទកាល័យ ទទួល បន្ទុកកិច្ចការសន្តិសុខរបស់ប្រធានធិបតីបារាំង។ ដំណឹងនេះ បានបង្កឲ្យមានការតវ៉ារិះគន់ភ្លាមៗ ទៅលើវិមានប្រធានាធិបតី បារាំង។

ភ្លាមៗ ក្រោយការចុះផ្សាយរបស់កាសែត Le Monde សមត្ថកិច្ចនគរបាលបារាំង បានសម្រេច ដាក់ពាក្យប្តឹង ជនឈ្មោះ Alexandre Benalla នេះពីបទធ្វើអន្តរាគមន៍ និងប្រើអំពើហិង្សា ទាំងដែលខ្លួនគ្មានសមត្ថកិច្ចជាមន្ត្រីការពារសណ្តាប់ធ្នាប់សាធា រណៈ និងពីបទក្លែងបន្លំ ប្រើប្រាស់សម្ភារ ដែលជាអត្តសញ្ញាណរបស់កងសមត្ថកិច្ច ដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ថា ជនឈ្មោះ Alexandre Benalla អាយុ២៦ឆ្នាំ ត្រូវបានប្រភពស្និទនឹងវិមានប្រធានាធិបតីបារាំង អះអាងថា ជាមនុស្សមានចរិតក្តៅឆេវឆាវ ចូលចិត្តប្រើកម្លាំងបង្ហាញសាច់ដុំណាស់។ ជននេះ ធ្លាប់ធ្វើការ ជាកងសន្តិសុខការពារ តារា ល្បីៗ និងអ្នកនយោបាយបារាំងមួយចំនួនកន្លងរួចមកហើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០១២ ជននេះត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកបើកឡាន និងការពារសន្តិសុខ ឲ្យ លោក Arnaud Montebourg អតីតរដ្ឋមន្ត្រី បារាំងម្នាក់ តែធ្វើការបានត្រឹម១សប្តាហ៍ លោករដ្ឋមន្ត្រីម្នាក់នេះបានបញ្ឈប់ជននេះ បន្ទាប់ពីជននេះបានបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយចង់បើករត់ ទាំងដែល មានរូបលោករដ្ឋមន្ត្រីអង្គុយនៅក្នុងឡានជាមួយ។

ក្រោយផ្ទុះរឿងរ៉ាវនេះ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី១៩ កក្កដា អ្នកនាំពាក្យវិមានប្រធានាធិបតីបារាំង បានចេញមុខមកអះ អាងថា លោក Alexandre Benalla ត្រូវបានថ្នាក់លើដាក់ពិន័យ តាំងតែពីកើត ហេតុភ្លាមៗមកម៉្លេះ ដោយបានព្យូរពីការ ងាររយៈពេល១៥ថ្ងៃ ហើយនឹងធ្វើការ បណ្តេញចេញ បើសិនជាមានកំហុសឆ្គង ទៅថ្ងៃក្រោយ។ តែយ៉ាងណា ការចេញមុខ មកអះអាងនេះ មិនបានធ្វើឲ្យស្ងប់ការរិះ គន់ទេ។ នៅតាមបណ្តាញសង្គម ក៏ដូចជា ពីមជ្ឈដ្ឋាននយោបាយ បានលើកឡើងថា ទង្វើហិង្សារបស់បុគ្គលិកសន្តិសុខប្រធានាធិបតីដល់ថ្នាក់នេះ គួរណាតែបណ្តេញ ជននេះចោល មិនត្រូវបន្តទុកមនុស្សហិង្សាបែបនេះ ឲ្យធ្វើការទេ៕ ម៉ែវ សាធី


ចែករំលែក៖