ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលផលស្រូវប្រាំងលើកទី២របស់កសិករ នៅខេត្តបាត់ដំបង តម្លៃស្រូវបន្តធ្លាក់ចុះថោក និង ឈ្មួញទិញរើសយកស្រូវល្អលេខ១ ស្រូវខ្លះឈ្មួញចាក់មើលហើយ មិនទិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាកសិករនៅខេត្តបាត់ដំបងត្រូវគេមើលឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងមានភាពមមាញឹកបន្តប្រមូលផលស្រូវប្រាំងជាលើកទី២ ដោយ តម្លៃស្រូវត្រូវបានប្រជាកសិករប្រាប់ឱ្យដឹងថា នៅតែបន្តចុះថោក ឈ្មួញទិញរើសយកតែស្រូវល្អៗលេខ១ ចំណែកស្រូវខ្លះត្រូវបានឈ្មួញបង្អាប់បន្ថោកទិញតម្លៃថោកតាមតែអំពើចិត្តហើយជួនកាលចាក់ស្រូវមើលហើយដើរចេញ មិនទិញទៀតផង ។ ទន្ទឹមនោះក៏គេមើលឃើញទៀតថានៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ មួយចំនួននៅពេលកសិករដឹកតាមគោយន្តយកទៅលក់ដល់រោងម៉ាស៊ីនផ្ទាល់ ស្រូវខ្លះត្រូវបានម្ចាស់រោងម៉ាស៊ីនទិញ ស្រូវមួយចំនួនទៀតត្រូវបានគេមិនទិញដោយ បង្ខំចិត្តឱ្យប្រជាកសិករ ដឹកស្រូវត្រឡប់មកផ្ទះវិញក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ម្ចាស់រោងម៉ាស៊ីននិយាយថា ស្រូវដែលគេមិនទិញដោយសារស្រូវមិនល្អ។

ការធ្វើស្រូវប្រាំងរបស់ប្រជាកសិករលើកទី២ ភាគច្រើនពួកគាត់ធ្វើស្រូវពូជផ្ការំដួល ជាប្រភេទពូជស្រូវកិនជាអង្កមានរសជាតិឈ្ងុយឆ្ងាញ់និងមានតម្លៃប្រហាក់ប្រហែលស្រូវសែនក្រអូបនោះផងដែរ។

កសិកនៅស្រុកបវេល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រាប់អ្នកយកព័ត៌មាន យើងឱ្យដឹងថា ការប្រមូលផលស្រូវប្រាំងលើកទី២ នេះ ស្រូវទទួលបានទិន្នផលធ្លាក់ចុះបន្តិច ចំណែកតម្លៃស្រូវប្រភេទលេខ១ ឈ្មួញកណ្តាលទិញ១គីឡូក្រាមពី៧៥០រៀលទៅ៨០០រៀល។រីឯស្រូវខ្លះត្រូវបានឈ្មួញបង្ហាប់បន្ថោកតាមតែអំពើចិត្តថាពណ៌ខ្មៅ សើមខ្លាំង ទិញក្នុងតម្លៃពី ជាង៥០០រៀលទៅជាង៦០០រៀល ។ បើប្រៀបឆ្នាំមុន ស្រូវល្អទិញក្នុងតម្លៃ១គីឡូក្រាម១ពាន់រៀល ស្រូវប្រភេទលេខ២ទាបណាស់ តម្លៃ ៨រយរៀល ។

កសិករប្រាប់ឱ្យដឹងទៀតថា ឈ្មួញកណ្តាលដែលមកទិញស្រូវអ្នកខ្លះទិញនាំចេញទៅប្រទេសវៀតណាម និងឈ្មួញខ្លះទៀតទិញ ចូលទៅរោងម៉ាស៊ីន ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ប្រជាកសិករសំណូមពរឱ្យរាជរដ្ឋាភិបាលមេត្តាទប់ស្កាត់ទៅលើឈ្មួញដែលដើរទិញស្រូវចេះតែដាក់តម្លៃខ្លួនឯង។រដ្ឋាភិបាល ត្រូវតែកំណត់តម្លៃជាក់លាក់ណាមួយដែលប្រជាកសិករអាចទទួលយកបាន បើមិនដូច្នេះទេឈ្មួញដើរក្រឡុកទីផ្សារស្រូវតាមអំពើចិត្តហើយអ្នកដែលខាតបង់គឺកសិករ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា ប្រជាកសិករដាំដុះស្រូវប្រាំងលើកទីនៅខេត្តបាត់ដំបងសរុបជាង៧ម៉ឺនហិកតា ទិន្នផលជាមធ្យមក្នុង១ហិកតា៤តោន២០០គីឡូក្រាម ។ លោកថា តម្លៃស្រូវបច្ចុប្បន្ននៅក្នុងចន្លោះ១គីឡូក្រាម ពីជាង៧បាត តម្លៃនេះ បើប្រៀបធៀបស្រូវនៅប្រទេសថៃមានតម្លៃជាង៦បាតប៉ុណ្ណោះ តម្លៃស្រូវលើពិភពលោកក៏មានការធ្លាក់ចុះដូចគ្នាផងដែរ ។ លោកប្រាប់ឱ្យដឹងទៀតថា ស្រូវដែលឈ្មួញទិញក្នុងតម្លៃថោកដោយសារស្រូវខ្លះខ្វះគុណភាព។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងបញ្ហាស្រូវចុះថោកនោះដែរ កន្លងមកគេតែងសង្កេតឃើញដូចជាប្រពៃណីទៅហើយ ខណៈដែលរដូវប្រមូលផលស្រូវរបស់ប្រជាកសិករកំពុងតែប្រមូលយ៉ាងគំហុក ព្រមគ្នា ស្រូវកំពុងជន់ជោរច្រើន គឺឈ្មួញតែងតែទិញក្នុងតម្លៃថោក ។ បើកាលណាស្រូវចុងដៃ ប្រមូលជិតអស់នៅសល់តិចតួច គេឃើញឈ្មួញចាប់ផ្តើមទិញស្រូវក្នុងតម្លៃខ្ពស់ ដូចជាក្នុងតំណាក់កាលរដូវប្រមូលផលស្រូវសែនក្រអូបលើកទី១ ស្រូវចុងដៃជិតអស់គឺឈ្មួញទិញក្នុងតម្លៃខ្ពស់៕ សំ វិច្ឆិកា

img_2519 img_2513 img_2514 img_2515 img_2516 img_2517 img_2518


ចែករំលែក៖