ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិនៃកំណើត«បុណ្យភ្ជុំបិណ្ឌ»

ចែករំលែក៖

ភ្នំពេញ៖ «បុណ្យបិណ្ឌភ្ជុំ» ត្រូវបានរៀបចំឡើងរយៈពេល១៥ថ្ងៃ ចាប់រាប់ពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលទៅដល់«ប្រេតជនញាតិ» ដែលបានស្លាប់ទៅ។

រយៈពេល១៥ថ្ងៃ ពពួក«ប្រេតជនញាតិ» ទាំងនោះ នឹងដើរស្វែងរកញាតិសណ្តាណរបស់ខ្លួនគ្រប់ប្រាំពីរវត្ត ហើយបើនៅតែមិនឃើញនោះ ពពួកប្រេតទាំងនោះនឹងស្រែកទ្រហោរយំ ទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត ហើយពពួកប្រេតជនទាំងនោះនឹងជេរដាក់បណ្ដាសាដល់សាច់ញាតិកូនចៅខ្លួន ដែលអះខាន និងមិនបានយកនំចំណីមកកាន់ទីវត្តអារាម។

ដើមហេតុកកើតឲ្យមានពីធី «បុណ្យបិណ្ឌភ្ជុំ» នេះឡើង ត្រូវបានតំណាលតគ្នាពីបុរាណមកថា បុរាណសម័យព្រះបាទជ័យសេនទ្រង់មានព្រះរាជបុត្រ៣ព្រះអង្គ តែមាតាទីទៃពីគ្នា ហើយមានបុគ្គលអ្នកថែរក្សាឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទ ព្រមទាំងបរិវារជាច្រើន។

នាយស្មៀនបានសាងព្រះវិហារមួយថ្វាយព្រះសាស្ដាផុស្សៈតាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង ៣ព្រះអង្គ និងបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារថ្វាយព្រះសាស្ដា។ ក្នុងថ្ងៃបុណ្យឆ្លងព្រះវិហារនោះព្រះរាជាទ្រង់បានចំណាយទ្រព្យឲ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀនចាត់ចែងនូវខាទនីយ ភោជនីយាហារ ថ្វាយព្រះសាស្ដាផុស្សៈ និង ព្រះភិក្ខុសង្ឃជាសាវកប្រាំបួនម៉ឺនអង្គ អស់មួយត្រីមាសក្នុងព្រះវិហារនោះ។

អ្នករក្សាឃ្លាំង នាយស្មៀននឹងភរិយា ព្រមទាំងញាតិមិត្ត មួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្ដីគោរព ប៉ុន្តែមានពួកជនមួយចំនួនដែលត្រូវជាញាតិនាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាននោះ គឺបាននាំគ្នា បរិភោគនូវ អាហារ ដែលគេទុកសម្រាប់វេរប្រគេនចំពោះព្រះសង្ឃមុន(ហូបអាហារដែលគេទុកឲ្យព្រះសង្ឃ) ហើយក្រោយពីទទួលមរណកាលទៅ កកើតជា«ប្រេត» យំសោយសោក រងទុក្ខក្នុងនរកអវចីយ៉ាងវេទនាជាទីបំផុត។

ពពួក«ប្រេត» ទាំងនោះរស់នៅដោយសេចក្តីស្រេកឃ្លាន ភាពរសេះរសោះខ្លួនប្រាណដោយភ្លើងឆេះរោល រងទុក្ខព្រួយអស់កាលជាយូរអង្វែងនៅក្នុងបេតវិស័យនោះ ព្រោះតែកម្មផលដ៏អាក្រក់ដែលខ្លួនបានសាងឡើងដោយខ្លួនឯង។

ឯព្រះរាជឱរសទាំង៣ និងបរិវារព្រមទាំងអ្នករក្សាឃ្លាំង និងនាយស្មៀនវិញបានទៅកើតក្នុងឋានសួគ៌។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះវិសាខ និងភិរិយារបស់គាត់ក៏បានទៅកើតជានាងភិក្ខុនីឈ្មោះធម្មនិទ្នា។ នាយស្មៀនក៏បានទៅកើតជាព្រះរាជាព្រះនាមព្រះបាទ«ពិម្ពិសារ»។

លុះមកដល់ព្រះសមា្មសម្ពុទ្ធ អង្គព្រះនាម «កក្កុសន្ធោ» ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពពួកប្រេតទាំងនោះបានទៅក្រាបទូលសួរព្រះអង្គថា «បពិត្រព្រះអង្គដ៏ចម្រើន! ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្ដីឃ្លាននូវចំណីអាហារខ្លាំងណាស់»។

ព្រះពុទ្ធព្រះនាម «កក្កុសន្ធោ» ទ្រង់ត្រាស់ឆ្លើយទៅកាន់ពពួកប្រេតទាំងឡាយថា «នៅក្នុងសាសនារបស់តថាគត ពពួកអ្នកទាំងអស់គ្នា មិនអាចទទួលនូវចំណីអាហារ ដើម្បីបរិភោគបានទេ ចាំទូលព្រះពុទ្ធ ជំនាន់ក្រោយទៀតចុះ»។
លុះដល់ផែនដីដុះបានមួយយោជន៍ទើបមានព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងព្រះនាម «កោនាគមនោ»។ ពពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចលើកមុនទៀត ឯព្រះសាស្ដា «កោនាគមនោ» ទ្រង់បានត្រាស់ឆ្លើយដូចព្រះពុទ្ធអង្គមុនដែរ។

ផែនដីក៏បានដុះមួយយោជន៍ទៀត ក៏មានព្រះពុទ្ធមួយព្រះអង្គ ព្រះនាម«កស្សប» ត្រាស់ដឹង គ្រានោះពពួកប្រេតទាំងឡាយនោះ នាំគ្នាក្រាបបង្គំទូលសួរ ព្រះសាស្ដា«កស្សប» ថា «បពិត្រព្រះអង្គដ៏ចម្រើន! ធ្វើដូចម្ដេចហ្ន! ពួកយើងខ្ញុំគប្បីនឹងបានអាហារបរិភោគ?»។

ព្រះសាស្ដា«កស្សប»ទ្រង់ត្រាស់ឆ្លើយតបថា «នៅក្នុងសាសនារបស់តថាគតនេះ ពពួកអ្នកទាំងអស់គ្នាមិនអាចនឹងទទួលយកនូវចំណីអាហារសម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាម “គោតម” ជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារដែលព្រះរាជាព្រះនាម “ពិម្ពិសារ” ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ចូនមកឲ្យពពួកអ្នកទាំងឡាយក្នុងកាលនោះ ហើយពពួកអ្នកទាំងឡាយនឹងបានទទួល។ ចូរអ្នកទាំងឡាយរង់ចាំសួរព្រះពុទ្ធអង្គជំនាន់ក្រោយចុះ»។
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ព្រះសមណគោតមបរមគ្រូនៃយើងសព្វថ្ងៃ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គ របស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានទេវលោកមកកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងក្រុង«មគធ» ជាជដិលឧរុវេលកស្សប៣នាក់បងប្អូន។

កាលទ្រង់បានសម្រេចនូវព្រះសព្វញ្ញុតញ្ញាណ ហើយព្រះសមណគោតម ទ្រង់បានប្រោសព្រះបាទពិម្ភិសារ និងពួកបរិវារជាព្រាហ្មណ៍ និងគហបតីទាំងឡាយឲ្យតាំងនៅក្នុងសោតាបត្តិផលក្នុងឧទ្យានឈ្មោះលដ្ឋិវ័ន។

ព្រះរាជាទ្រង់សព្វព្រះហប្ញទ័យ អារាធនាព្រះសាស្ដា ដើម្បីទទួលភត្ត ឬមហាទាននៅក្នុងព្រះបរមរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយទៀត។

ពពួកប្រេតទាំងនោះក៏នាំគ្នាទៅក្រាបទូលចំពោះព្រះសមណគោតមដូចមុនៗទៀត ព្រះអង្គទ្រង់ត្រាស់ឆ្លើយថា «នៅក្នុងសាសនារបស់តថាគតនេះ ពពួកអ្នកទាំងឡាយនឹងបានបរិភោគនូវចំណីអាហារ ហើយ គឺនៅពេលណាដែលព្រះរាជាព្រះនាមព្រះបាទពិម្ពិសារ ដែលធ្លាប់ជាញាតិ សាច់សោលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយទានចំពោះ តថាគត ព្រមទាំងព្រះភិក្ខុសង្ឃហើយព្រះអង្គ ទ្រង់ឧទ្ទិសនូវព្រះរាជកុសលជូនដល់ពពួកអ្នកទាំងឡាយ អ្នកទាំងឡាយនឹងបានទទួលនូវចំណីអាហារនៅពេលនោះឯង»។

នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទ«ពិម្ពិសារ»ព្រះចៅនគរមគធៈ ទ្រង់បានបំពេញនូវព្រះរាជកុសល ថ្វាយមហាទានដល់ព្រះពុទ្ធ និងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ចូនទៅឲ្យពួកប្រេតទាំងនោះទេ ព្រោះព្រះអង្គទ្រង់រវល់តែ ព្រះចិន្ដាពីទីគង់នៅរបស់ព្រះសាស្ដាថា «តើព្រះដ៏មានព្រះភាគ គប្បីគង់នៅត្រង់ទីណាហ្ន?» ដូច្នេះហើយទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសលជូនទៅដល់ពពួកប្រេតទាំងនោះ។

ពពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារមិនបានឧទ្ទិសបញ្ចូនទៅឲ្យនោះ «កើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាមកស្រែក ទ្រហោយំយ៉ាងទ្រហឹងអឺងកង ឮសូរសំឡេងប្លែកៗ ខ្លាំងៗ គួរឲ្យភ័យខ្លាចជុំវិញព្រះបរមរាជវាំងនៅក្នុងរាត្រីកាលនោះឯង»។

ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្ដាប់នូវសំឡេងស្រែកទ្រហោរយំ គួរឲ្យភ័យខ្លាចរបស់ពពួកប្រេតទាំងនោះ ហើយទ្រង់មានព្រះហប្ញទ័យភ័យខ្លាច តក់ស្លុតយ៉ាងក្រៃលែង ព្រោះខ្លាចក្រែងមានក្ដីអន្តរាយកើតឡើងដល់រូបព្រះអង្គ។

លុះព្រឹកឡើងទើបព្រះអង្គស្ដេចទ្រង់យាងទៅកាន់វត្តវេឡុវ័ន ហើយក៏បានក្រាបថ្វាយបង្គំទូលសួរ ចំពោះព្រះបរមសាស្ដាថា «បពិត្រព្រះអង្គដ៏ចម្រើន! នៅក្នុងរាត្រីយប់មិញនោះ ទូលព្រះបង្គំបានឮនូវសំឡេងស្រែកទ្រហោយំយ៉ាងទ្រហឹងអឺងកង គួរឲ្យភ័យខ្លាចពន់ពេកណាស់នៅជុំវិញព្រះរាជវាំងនៃទូលព្រះបង្គំ តើហេតុការណ៍ អ្វីនឹងកើតមានដល់ទូលព្រះបង្គំឬ?»។

គា្រនោះ ព្រះសម្មាសម្ពុទ្ធបរមគូ្រទ្រង់ត្រាស់ថា «បពិត្រមហារាជ! សូមព្រះអង្គកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ»។

ព្រះសម្មាសម្ពុទ្ធបរមគូ្រទ្រង់ត្រាស់ថា «មិនមានហេតុ អន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ! សំឡេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនោះ គឺជាសូរសំឡេងនៃពពួកប្រេត ដែលត្រូវជា ញាតិសាច់សាលោហិត របស់ព្រះអង្គ។ «ពពួកប្រេតទាំងឡាយនោះគ្នាអត់ចំណីអាហារ បរិភោគ រាប់កោដិរាប់លានឆ្នាំកន្លងមកហើយ។ ពពួកគេបានមកស្រែកយំកងរំពងយ៉ាងនេះ ក៏ដើម្បីមករកនូវចំណីអាហារ បរិភោគអំពីព្រះអង្គ ព្រោះថា ពពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្ដែកាលពីម្សិលមិញនេះព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងព្រះភិក្ខុសង្ឃទាំងឡាយហើយ ប៉ុន្ដែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសល ឧទ្ទិសផលបុណ្យបញ្ចូនទៅឲ្យពួកប្រេតទាំងនោះ ទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង»។

ព្រះបាទ«ពិម្ពិសារ» ទ្រង់ព្រះសណ្ដាប់យ៉ាងនេះហើយទើបទ្រង់ប្រារព្ធបំពេញនូវព្រះរាជកុសលថ្វាយទានដល់ព្រះពុទ្ធ ព្រមទាំងព្រះភិក្ខុសង្ឃទាំងឡាយសាជាថ្មីម្ដងទៀតជាគម្រប់លើកទី២ មានបាយ ទឹក នំ ចំណីម្ហូបអាហារ សំពត់អាវ ត្រៃចីវជាដើម ហើយព្រះអង្គទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធផ្សាយនូវកុសលផលបុណ្យក្នុងគ្រាទី២នេះ ឧទ្ទិសជូនទៅឲ្យពពួកប្រេតទាំងនោះ ដោយព្រះកុសលចេតនាថា «ដោយកុសលផលបុណ្យទាំងឡាយដែលយើងបានបំពេញរួចមកហើយនេះ សូមឲ្យពពួកអ្នកទាំងឡាយបានទទួលយកនូវកុសលផលបុណ្យរបស់យើងនោះមួយចំណែកផង សូមឲ្យពួកអ្នកទាំងឡាយបានទទួលយកនូវបាយ ទឹក នំ ចំណី ម្ហូបអាហារ សំពត់ អាវសាវស្បៃ ជាដើមនេះថា ទុកដូចជារបស់នៃខ្លួនផ្ទាល់ ហើយសូមឲ្យពពួកអ្នកទាំងឡាយបានបរិភោគនូវបាយ ទឹក នំចំណី ម្ហូបអាហារបានស្លៀបពាក់ទាំងនេះជាចំណែករបស់ខ្លួនផង។ មួយចំណែកទៀត សូមឲ្យពពួកអ្នក ទាំងឡាយបានរួចដោះផុតចាកទុក្ខទោសភ័យវេទនាទាំងឡាយទាំងពួក ហើយសូមឲ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺ សុគតិភពតាមសេចក្ដីប្រាថ្នារៀងៗខ្លួនទៅ»។ នេះបើយោងតាមគម្ពីរព្រះធម្មបទភាគទីមួយ ក្នុងកប្បទី៩២កន្លង អំពីភទ្ទកប្ប៕


ចែករំលែក៖