ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡាយមេបង្ហូរទឹកនៅខណ្ឌឫស្សីកែវត្រូវបានគេចាក់ដីលុប

ចែករំលែក៖

ភ្នំពេញ ៖ ប្រឡាយមេបង្ហូរទឹកដ៍ធំមួយនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បច្ចុប្បន្នកំពុងត្រូវបានគេកំពុងចាក់ដីលុបធ្វើកម្មសិទ្ធិ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រឡាយមេបង្ហូរទឹកស្អុយ ដែលត្រូវបានគេកំពុងចាក់ដីលុបសម្រាប់ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន នេះ មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុង ទល់មុខ បុរី អង្គរ ភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ក្រោយពីបណ្ដាញសារព័ត៌មានបានចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ដីពីករណីសំណង់របងថ្មដ៏រឹងមាំ ១កន្លែង របស់លោកឧកញ៉ា ឆាយ សេងអៀង មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុង ទល់មុខបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលបានលួចសាងសង់រួច ៣០ភាគរយ ទាំងគ្មានលិខិតអនុញ្ញាត ពោលគឺបំពានច្បាប់ ពិសេសរំលោភលើដីចំណីប្រឡាយមេ និងបានប្រើគ្រឿងចក្រជីកគាស់ដាក់ប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យប៉ះពាល់ដល់ការរំដោះទឹកចេញ ក្នុងរាជធានីភ្នំពេញនោះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងមន្ត្រីតាមបណ្ដាការិយាល័យចំណុះ ជំនាញសហការចុះត្រួតពិនិត្យភ្លាមៗ ដោយធ្វើការផ្អាកជាបណ្តោះអាសន្នផងដែរ។

នាថ្ងៃនោះ អាជ្ញាធរបានកំណត់ឲ្យម្ចាស់ទីតាំងគឺ លោកឧកញ៉ា ឆាយ សេងអៀង ផ្អាកការសាងសង់ជាបន្ទាន់ ហើយត្រូវតែរុះរើសំណង់របងនោះចេញ និងប្រើគ្រឿងចក្រកាប់គាស់ធ្វើយ៉ាងណាកុំឲ្យ ប៉ះពាល់ដល់ដីចំណីប្រឡាយរបស់រដ្ឋ ដោយរក្សាសភាពដើមវិញ បើក្នុងករណីមិនស្ដាប់តាមការណែនាំនោះទេ ប្រាកដជាត្រូវចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយមិនទទួល ខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។

ប្រឡាយមេបង្ហូរទឹកស្អុយ ដែលត្រូវបានឧកញ៉ាម្នាក់កំពុងចាក់ដីលុបសម្រាប់ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្ហូរទឹកស្អុយ ចាប់ពីផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) មកប៉ែកខាងលិចធ្លាក់ មកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវ បុរី អង្គរភ្នំពេញ ចូលមកតាមប្រឡាយអូរអាគុជ រហូតធ្លាក់ទៅដល់ផ្លូវ ទំនប់កប់ស្រូវ ដើម្បីរំដោះការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋ រស់នៅភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នេះផ្ទាល់តែម្តង ។

ផ្ទុយទៅវិញ បើទោះបីមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ រហូតមករសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សកម្មភាពចាក់ដីលុបប្រឡាយមេមួយនេះ របស់លោកឧកញ៉ា ឆាយ សេងអៀង គឺនៅបន្តសកម្មភាពចាក់ដីលុបបន្ថែមទៀតដដែល ៕ ហេង សូរិយា


ចែករំលែក៖