ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡែងគ្នាលេងខឹងបងស្រីជ្រុលដៃទះកំផ្លៀងលេបថ្នាំអស់១៦គ្រាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ដោយសារតែខឹងបងស្រី ប្រឡែងលេង ជ្រុលដៃទះមួយកំផ្លៀងបានលេបថ្នាំអស់១៦គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី៤ខែមិថុនា ឆ្នាំ2017 នៅបន្ទប់ជួល ស្ថិតក្នុងភូមិ បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខហើយត្រូវបានអ្នកជិតខាងដឹកតាមរ៉ឺម៉កម៉ូតូទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

កម្មការិនីដែលលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាតនេះមានឈ្មោះ អែល ភា អាយុ18ឆ្នាំ មុខរបរកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ម្តុំបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិ-ឃុំពាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពព័ត៌មានពីកម្មការិនីរោងចក្រកាត់ដេរម្នាក់ដែល ស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា កាលពីវេលាម៉ោង ៦និង30នាទីព្រលប់ ថ្ងៃទីខែមិថុនា ឆ្នាំ2017 ពួកគាត់ទាំងពីរនាក់បងប្អូន បានអង្គុយលេងនៅក្នុងបន្ទប់ ដោយបានប្រឡែងគ្នាលេងក្នុងភាពល្អូកល្អិន ទៅវិញទៅមក។ ក្រោយមកបងស្រីរបស់នាង បានជ្រុលដៃ ទៅទះកំភ្លៀងប្អូនស្រីមួយដៃខ្លាំងបណ្តាលឲ្យក្រហមមុខជាហេតុធ្វើឲ្យប្អូនស្រី ខឹងនឹងបងស្រីយ៉ាងខ្លាំងក៏បានស្ទុះទៅទាញយកថ្នាំគ្រាប់ដែលជាប្រភេទថ្នាំស្ល របស់ថ្នាំបុរាណ ដែលទុកនៅក្នុងផ្ទះសម្រាប់ពេលមានជំងឺផ្សេងៗយកមក ផឹកអស់១៦គ្រាប់ រហូតប្រតិកម្មជាតិថ្នាំ ទើបអ្នកជិតខាងដឹកតាមរ៉ឺម៉កម៉ូតូ យកទៅព្យាបាល នៅឯមន្ទីរពេទ្យព្រះកុសុមៈ ដែលមកដល់ពេលនេះគ្រូពេទ្យបានជួយសង្គ្រោះឲ្យដឹងខ្លួនវិញហើយ ៕ ប្រាថ្នា

 


ចែករំលែក៖