ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់រង្វាន់Soccer Leagueកើនដល់១២លានរៀលសម្រាប់ម្ចាស់ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៤ ឆ្នាំ២០១៦ នេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបង្កើនប្រាក់រង្វាន់ដល់១២លានរៀល ។ នេះបើតាមបញ្ជាក់ ពីលោក ស សុខា អនុប្រធានស.ស.យ.កនិងជាប្រធានគណៈកម្មការប្រតិបត្តិSoccer League លើកឡើងក្នុងសន្និសីទសាព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦នៅសណ្ឋាគារ ណាហ្គាវើល។

លោក ស សុខាបានឲ្យដឹកថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League រដូវកាលលើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចូលរួមចំនួន៦០ បានចែកជា១២ពូល ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២១ខែមករា ឆ្នាំ២០១៧ ក្នុងនោះក្រុមដែលដណ្តើមបានជើងឯកប្រចាំរដូវកាលនិងទទួលបានពានរង្វាន់ចំនួន១ នឹងប្រាក់រង្វាន់ចំនួន១២លានរៀលផងដែរ។

លោក ស សុខា បង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍បាល់ទាត់មិនអាជីព Soccer League ឆ្នាំ២០១៦នេះ នឹងមានកម្រិតប្រកួតប្រជែងកាន់តែស្រួចស្រាវខ្លាំងជាងឆ្នាំកន្លងទៅ ដោយសារមានចូលរួមច្រើនជាងមុនដោយលោកបានលើកឡើងថា ក្រុមចូលរួមទាំងអស់បានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតនេះ ដែលអាចប៉ាន់ប្រមាណថាក្រុមនិមួយៗត្រូវចំណាយថវិកាយ៉ាងតិច១០លានរៀលចំពោះព្រឹត្តិការណ៍ ចាប់តាំងការហ្វឹកហាត់ ត្រៀមរហូតដល់ចប់ការប្រកួតនោះ។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានសម្ដែងនូវមោទនភាព ចំពោះការកើនឡើងនៃចំនួនក្រុមចូលរួម ដែលមានសមាសភាពមកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេសប្រមាណ៦០ក្រុម ពិសេសការចូលរួមពីក្រុមបាល់ទាត់របស់បងប្អូនខ្មែរឥស្លាម ជាការបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងភាតរភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។

លោកប្រធានគណៈកម្មការប្រតិបត្តិ ក៏បានរំលឹក ដល់ក្រុមកីឡាករ បុគ្គលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងស្មារតីកីឡា ដោយគោរពគោលការណ៍ Fair Play ជានិច្ច។ ការប្រព្រឹត្តផ្ទុយពីច្បាប់លក្ខន្តិកៈនៃការប្រកួតទាំងក្នុង និងក្រៅទីលានរបស់សមាសភាពណាមួយ នឹងត្រូវប្រឈមការពិន័យពីសំណាក់គណៈកម្មការវិន័យ៕ សារីម

unnamed-2 unnamed-1 unnamed


ចែករំលែក៖