ព័ត៌មានទាន់ហេតុការណ៍៖

ផាន ផាត់យុទ្ធ ជួប Rukkhat Silleda ខណៈង៉ែត រដ្ឋា, ទី ពន្លែត, ផន ប៊ុនម៉ៅ និង រ័ត្ន តារា ជួបគ្នាវគ្គជម្រុះ TV5 Knock Out

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិ និងការប្រកួត វគ្គជម្រុះដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.Cement ទម្ងន់ ៦៥គីឡូក្រាមលើសង្វៀនTV5ព្រែកកំពឹសនៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាការប្រកួតសប្តាហ៍ទី៣ជុំទី២ដែលមានបេក្ខភាព៤នាក់ត្រូវប្រកួត ជម្រុះនិងមួយគូទៀតជាការប្រកួត លក្ខណៈមិត្តភាពអន្តរជាតិ ។

លោក សេង កដិការអ្នកគ្រប់គ្រងកម្ម វិធីកីឡាប្រដាល់ប្រចាំសង្វៀន TV5 បានឲ្យ ដឹងថា ចំពោះការប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិដែលជាជួបគ្នា រវាងកីឡាករ ផាន ផាត់យុទ្ធ របស់កម្ពុជា មកពីក្លិបសាលវ័ន្តកីឡាត្រូវបានផ្គូផ្គងឱ្យ ជួបប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះ Rukkhat Silleda ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។លោកបានបញ្ជាក់ថា Rukkhat Silleda មិនធ្លាប់មកប្រកួតនៅកម្ពុជាទេកន្លងមក ប៉ុន្តែ Rukkhat Silleda គឺជាអ្នក ប្រដាល់ឆ្នើមគួរសមដែរនៅប្រទេសថៃ ។

សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៣ នេះ កីឡាករ ង៉ែត រដ្ឋា អ្នកប្រដាល់ក្លិប តាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយទី ពន្លែតអ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប។ រវាង ង៉ែត រដ្ឋា និង ទី ពន្លែត នេះ ពួកគេធ្លាប់ជួបគ្នាម្តងហើយកាលពីឆ្នាំ ២០១៤ ដែលពេលនោះ ង៉ែត រដ្ឋា ឈ្នះ ដោយពិន្ទុ(០២ មីនា ២០១៤)។

ចំពោះការជួបប្រកួតគ្នារវាង ផន ប៊ុនម៉ៅ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានប្ញទ្ធិ និង រ័ត្ន តារា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្ត បន្ទាយមានជ័យអ្នកទាំង ពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកន្លងមក ។ ប៉ុន្តែ ផន ប៊ុនម៉ៅ ក៏មិនអាចធ្វេសប្រហែស ឬ មើលស្រាល រ័ត្ន តារា បានដែរ ប៉ុន្តែទោះជាយ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរពួកគេសុទ្ធតែបាន ដាក់ការរំពឹងខ្ពស់ថាអាចឆ្លង ផុតវគ្គនេះឡើងទៅវគ្គ៨នាក់ចុងក្រោយ ដូចគ្នា៕ សារីម


ចែករំលែក៖