ព័ត៌មានទាន់ហេតុការណ៍៖

ផាយផេទទួលពានរង្វាន់ជាក្រុមហ៊ុនផ្ដល់សេវាទូទាត់មិនប្រើក្រដាសប្រាក់ល្អបំផុត

ចែករំលែក៖

ភ្នំពេញ៖ ផាយផេ (Pi Pay) ដែលជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាបានទទួលពានរង្វាន់ពីទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine) ថាជាក្រុមហ៊ុនផ្ដល់សេវាទូទាត់មិនប្រើក្រដាសប្រាក់ដែលមានភាពនវានុវត្តន៍ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

បើយោងតាមគេហទំព័រដែលផ្ដល់ពានរង្វាន់នោះបានសរសេរថា៖ “ពានរង្វាន់របស់IFM ឆ្លុះបញ្ចាំងឲ្យឃើញស្ថាប័នដែលធ្វើការងារលើវិស័យដែលពិសេសប្លែកគេនិងស្ថាប័នដែលបង្ហាញនូវភាពភ្លឺត្រចះត្រចង់នៅក្នុងវិស័យដែលគេមិនទាន់បានចាប់អារម្មណ៍នៃឧស្សាហកម្មហិរញ្ញវត្ថុ”។

លោកថូម៉ាសផូកូនីនាយកប្រតិបត្តិក្រុមហ៊ុនផាយផេបានឡើងទទួលពានរង្វាន់នៅក្នុងពិធីដែលបានរៀបចំនៅក្នុងប្រទេសសិង្ហបុរីកាលកពីចុងខែមុននេះ។

លោក ថូម៉ាសផូកូនី បានមានប្រសាសន៍ថា៖“យើងមានកិត្តិយសដែលបានទទួលពានរង្វាន់នេះដែលជាការទទួលស្គាល់មកលើកិច្ចការងារដែលក្រុមការងារយើងបានបំពេញកាលពីឆ្នាំមុនទម្រាំនឹងសម្រេចបាននូវបច្ចេកវិទ្យាដ៏ប្រសើរមួយនេះសម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់បានប្រើប្រាស់”។

លោក ផូកូនី បានបន្ថែមទៀតថា៖“ថ្វីដ្បិតតែការទទួលស្គាល់ពីសំណាក់ស្ថាប័នដែលមានកិត្តិនាមបែបនេះពិតជារឿងអស្ចារ្យមែនក៏ដោយប៉ុន្តែការទទួលស្គាល់ដែលយើងពិតជាមានមោទនភាពបំផុតនោះគឺការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់កម្មវិធីផាយផេរបស់យើងដែលប្រើប្រាស់កម្មវិធីនេះដើម្បីសម្រួលការរស់នៅឲ្យកាន់តែងាយស្រួលជាងមុនក្នុងជីវិតប្រចាំថ្ងៃ”។លោកថូម៉ាសផូកូនីបានមានប្រសាសន៍ទៀតថាពានរង្វាន់នេះនឹងជួយជំរុញទឹកចិត្តដល់ក្រុមការងាររបស់លោកក្នុងការបន្តដំណើរឆ្ពោះទៅរកការសម្រេចឲ្យបាននូវទិសដៅដ៏ធំៗនានាដើម្បីធ្វើឲ្យមានភាពងាយស្រួលនិងសុវត្ថិភាពសម្រាប់ការទូទាត់មិនប្រើក្រដាសប្រាក់នៅទូទាំងប្រទេសកម្ពុជា។

ដំណើរវិវត្តន៍ថ្មីៗដែលនឹងកើតមានពីកម្មវិធីផាយផេរួមមានការដាក់ឲ្យប្រើប្រាស់កម្មវិធីនេះសម្រាប់ពាណិជ្ជករនៅក្នុងខេត្តសៀមរាបខណៈដែលក្រុងធំៗផ្សេងទៀតនឹងមានឆាប់ៗផងដែរការបញ្ចូលក្រុមហ៊ុនប្រេងឥន្ធនៈសូគីមិចនិងតូតាល់ជាដៃគូពាណិជ្ជករដែលមានន័យថាអ្នកប្រើប្រាស់កម្មវិធីផាយផេអាចទូទាត់ថ្លៃប្រេងឥន្ធនៈក៏ដូចជាថ្លៃទំនិញផ្សេងទៀតនៅស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅរាជធានីភ្នំពេញដោយទទួលបាននូវការបញ្ចុះតម្លៃសម្រាប់ទំនិញដែលខ្លួនជាវ។

ទន្ទឹមនឹងនេះក៏មានការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីផាយផេឡាយថ៍ (Pi Pay Lite) ដែលផ្ដល់ភាពឆាប់រហ័សក្នុងការចុះឈ្មោះចូលរួមប្រើប្រាស់កម្មវិធីផាយផេ។ក្រៅពីនេះគឺមានការដាក់ចេញនូវមុខងារ“អ្នកប្រើប្រាស់ទាំងអស់ជាពាណិជ្ជករ”ក្នុងកម្មវិធីនេះផងដែរដែលផ្ដល់លទ្ធភាពដល់មនុស្សគ្រប់គ្នាដែលមានកម្មវិធីផាយផេនេះអាចទទួលយកការទូទាត់ពីអតិថិជនរបស់ខ្លួនបានមិនថាអាជីវកម្មរបស់ខ្លួនមានទំហំប៉ុណ្ណានោះទេ។

លោកថូម៉ាសផូកូនីបានបន្ថែមទៀតថា៖“យើងពិតជាមានក្តីរំភើបមែនទែនចំពោះដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កម្មវិធីនេះដែលយើងនឹងអាចមើលឃើញមានមនុស្សជាច្រើនអាចប្រើប្រាស់កម្មវិធីផាយផេសម្រាប់គោលបំណងកាន់តែច្រើនឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់មិនថា ជាការចាក់សាំងម៉ូតូជាមួយនឹងប្រេងឥន្ធនៈរបស់តូតាល់ឬសូគីមិចឬក៏លទ្ធភាពប្រើប្រាស់កម្មវិធីផាយផេដើម្បីទទួលការទូទាត់សម្រាប់អាជីវកម្មគ្រប់ទំហំ”៕ វឌ្ឍនា

 


ចែករំលែក៖