ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងផ្ទុះភ្លើងប្រចណ្ឌកាប់និងអារកប្រពន្ធស្លាប់ រួចផឹកថ្នាំពុលសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានផឹកស្រាវឹងហើយរករឿងប្រចណ្ឌប្រពន្ធបានយកកាំបិតខ្វាវអារក ប្រពន្ធស្លាប់ក្នុងថ្លុកឈាម រួចផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយយ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង២៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ឃាតកមានឈ្មោះ ផេង ធឿង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំខាងលើ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះ មានឈ្មោះ អួន សាអ៊ីម អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ បានស្លាប់ក្នុងថ្លុកឈាម។

ក្រោយមក បុរសជាប្តីបានធ្វើសកម្មភាពសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃរួចមក បានយកថ្នាំពុលបាញ់ស្មៅម៉ាក ដេកូ៦០០ផឹកសម្លាប់ខ្លួនតាមក្រោយ ដេកក្បែរសពប្រពន្ធ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ សមត្ថកិច្ចបានបន្ដថា ស្ត្រីរងគ្រោះ ត្រូវឃាតកជាប្តីកាប់ និងអារកមានស្នាមរបួសចំនួន៤កន្លែង នៅលើបំពង់កមួយកន្លែង , ក្រោមបបូរមាត់ខាងឆ្វេងបីកន្លែង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។

លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងកណ្តាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាក់ថា បន្ទាប់ពីកើតមានករណីឃាតកម្មនេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនសង្ស័យ ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ គឺបណ្តាលមកពីប្តីស្រវឹងស្រា និងប្រចណ្ឌប្រពន្ធឈានដល់ការកាប់ និងអារកសម្លាប់យ៉ាងសាហាវ បន្ទាប់មកជនល្មើសបានផឹកថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនទាន់ស្លាប់ទេ កំពុងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

សពស្ត្រីរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះ ជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖