ព័ត៌មានទាន់ហេតុការណ៍៖

គោចាស់ធ្មេញមុតចង់ឆីនំអាកោខ្ទិះ ម្ចាស់គេមកទាន់ ចាប់ឲ្យប៉ូលិសដាក់ខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យ ៥៧ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយទទួលបណ្ដឹងពីស្រ្តីម្ដាយក្មេងជំទង់ម្នាក់ លោកតាកញ្ចាស់រូបនេះ បានប៉ុនប៉ងរំលោភកូនស្រីរបស់គាត់ ប៊ិសបានសម្រេចនៅលើផ្ទះ នៅគ្រាដែលក្រុមគ្រួសាររបស់គាត់កំពុងជាប់រវល់ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងអស់ម៉ាភូមិ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា លោកឪជាជនសង្ស័យត្រូវបានកម្លាំងយកមកសាកសួរឈ្មោះ ពូន ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ចំណែកក្មេងស្រីជំទង់ជាជនរងគ្រោះឈ្មោះ ជ ផន អាយុ ១៥ឆ្នាំ ។

លោក អធិការរងបន្តថា យោងតាមការបំភ្លីពីស្រ្តីជាម្ដាយក្មេងរងគ្រោះថា នៅព្រឹកព្រលឹមមុនកើតហេតុខ្លួន និងកូនប្រុសម្នាក់បានចេញទៅនេសាទត្រី ដោយប្តី និងកូនៗរួមទាំងកូនរងគ្រោះនៅផ្ទះ លុះនៅពេលខ្លួន និងកូនប្រុសវិលត្រឡប់មកពីនេសាទវិញ ឃើញជនសង្ស័យឈ្មោះ ពូន ពៅ កំពុងធ្វើសកម្មភាពមកលើកូនស្រី(ថើប…) ជាប់ជញ្ជាំងក្នុងបរិវេណផ្ទះ គាត់ឃើញបែបនេះ ក៏ស្រែកហៅគេឯងឲ្យជួយ ហើយស្ទុះទៅទាញកូនចេញតែម្តង ។

លោកបន្តទៀតថា ចំពោះជនសង្ស័យឈ្មោះ ពូន ពៅ បានបំភ្លឺដែរថា នៅព្រឹកថ្ងៃដដែលវេលាម៉ោងប្រមាណ៨ ឪពុកក្មេងស្រីឈ្មោះ ជឹម ផល បានអ៊ុំទូកទៅចម្លងគាត់(ពូន ពៅ) យកមកផ្ទះរបស់ខ្លួន(ជឹម ផល) ដើម្បីជួយរុះរើឧបករណ៍នេសាទ(ប) ដោយទិញស្រាមកនាំគ្នាអង្គុយផឹករហូតអស់ស្រាវេលាម៉ោងប្រមាណជាងម៉ោង៩ ឪពុកក្មេងស្រីឈ្មោះ ជឹម ផល បានបើកកាណូតទៅចម្លងគេនៅមាត់ទឹក ខ្លួន(ពូន ពៅ)នៅជាមួយក្មេងស្រី និងក្មេងប៉ុន្មាននាក់ទៀត ហើយខ្លួនក៏បានឲ្យក្មេងស្រីដួស និងលើកបាយយកមកឲ្យហូប គ្រានោះខ្លួន(ពូន ពៅ)បានចាប់កៀកកក្មេងស្រីសុំថើប ស្រាប់តែម្ដាយក្មេងមកទាន់តែម្ដង ។

លោកវរសេនីយ៍ត្រីបន្តទៀតថា ជនសង្ស័យបាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំបែបបទឯកសារពាក់ព័ន្ធបន្ថែម ៕ ប៉ឹម ពិន


ចែករំលែក៖