ព័ត៌មានទាន់ហេតុការណ៍៖

ផែនការប្រតិបត្តិស្ដីពីការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នកជំនាញជួបពិភាក្សាគ្នាអំពីយុទ្ធសាស្រ្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សិក្ខាសាលាស្ដីពីការគ្រប់គ្រងផែនការប្រតិបត្តិការងារអនុវត្តច្បាប់សម្រាប់តំបន់ខ្ពង់រាបភាគខាងកើត គឺផ្ដោតសំខាន់ទៅលើការគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអង្គការ WWF នាយកដែនជម្រកសត្វព្រៃភ្នំព្រេច នាយកដែនជម្រកសត្វព្រៃស្រែពក និងមន្រ្តីឧទ្យានុរក្ស កាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៨។

សិក្ខាសាលានេះក៏មានបទបង្ហាញអំពីគោលនយោបាយ និងការផ្ដល់អត្ថប្រយោជន៍ដោយផ្នែកធនធានមនុស្សរបស់អង្គការ WWF កត្តាប្រឈម និងការរៀបចំផែនការយុទ្ធសាស្រ្តនៃការដើរល្បាតរបស់មន្រ្តីឧទ្យានុរក្ស។ ជាមួយគ្នានេះ ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានធ្វើបទបង្ហាញស្ដីពីតួនាទី ភារកិច្ចរបស់មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ការសុំអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ព្រមទាំងការផ្សព្វផ្សាយច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល អនុក្រឹត្យស្ដីពីរបបសុំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីឧទ្យានុរក្សជួបការលំបាកនៅពេលដើរល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ នេះជាការងារប្រឈមរបស់ឧទ្យានុរក្ស ដោយសារពួកគាត់ត្រូវជម្នះនូវឧបសគ្គជាច្រើនដូចជា ការដើរល្បាតក្រោមដំណក់ភ្លៀង ការអត់អាហារ រស់នៅជាមួយភាពសើមជាច្រើនថ្ងៃ និងធ្វើដំណើរនៅលើផ្លូវដ៏លំបាក ភក់ជ្រាំនិងទឹកជ្រោះជាដើម។ លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ត្រូវប្រឈមនឹងអាយុជីវិត ការបង្រ្កាបបទល្មើសដែលមានអាវុធ ការបង្រ្កាបនៅពេលយប់ និងអន្ទាក់អគ្គិសនីឆក់ជាដើម ដូច្នេះហើយទើបយើងត្រូវរៀបចំផែនការយុទ្ធសាស្រ្តដើម្បីរួមគ្នាផ្ដល់កម្លាំងចិត្ត និងការពារដល់ពួកគាត់។ លោកបន្តទៀតថា ការពង្រឹងវិន័យរបស់មន្រ្តីឧទ្យានុរក្ស ក៏ជាការងារសំខាន់ដើម្បីឲ្យអង្គភាពទទួលបានជោគជ័យ ដែលទាមទារឲ្យមានការគោរព និងអនុវត្តវិន័យឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទាំងវិន័យក្នុងការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវនៅពេលចុះបំពេញការងារ និងការគោរពពេលវេលា គឺសំខាន់ណាស់ ប្រសិនបើយើងយឺតពេលបន្តិច បទល្មើសនឹងទៅបាត់ ហើយក៏ពាក់ព័ន្ធនឹងសុវត្ថិភាពខ្លួនឯងផងដែរ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សចំនួន ៤៦ នាក់របស់ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច បានទៅស្បថនៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីទទួលបាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌រួចហើយ ៗមន្ទីរនៅមានមន្រ្តីឧទ្យានុរក្សមួយចំនួនទៀតដែលមិនទាន់បានទៅស្បថ គឺនឹងធ្វើនៅពេលក្រោយ។ លោកបញ្ជាក់ថា នេះជាការបំពេញភាពស្របច្បាប់ក្នុងការប្រើប្រាស់អាវុធ ការបំពេញសំណុំឯកសារសំណុំរឿង និងការឃាត់ខ្លួនជនសង្ស័យតាមនីតិវិធីច្បាប់ជាដើម។ លោកបានសង្កត់ធ្ងន់ថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្ដល់នូវគំនិត អត្ថប្រយោជន៍ និងចំណេះដឹងអំពីគោលនយោបាយ និងច្បាប់ដែលត្រូវអនុវត្តសម្រាប់មន្រ្តីឧទ្យានុរក្ស ដែលត្រូវបានការគាំទ្រដោយអង្គការ WWF ទៅលើប្រាក់ឧបត្ថម្ភបន្ថែមក្នុងការអនុវត្តច្បាប់ និងការងារដើរល្បាត៕ សុខ ខេមរា


ចែករំលែក៖