ព័ត៌មានទាន់ហេតុការណ៍៖

ផ្ញើគ្រាប់បែកឲ្យលោក អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងពេលឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

ក្រោយពេលរំសេវផ្ទុះបានផ្ញើទៅកាន់ អតីតប្រធានាធិបតី អូបាម៉ា និងមន្ត្រីជាន់ ខ្ពស់ក្នុងគណបក្សប្រជាធិបតេយ្យ ប្រធានា ធិបតី ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាង ខ្លាំងដល់ការវាយប្រហារដោយគ្រាប់បែកតាមរយៈការផ្ញើទៅកាន់លោក អូបាម៉ា និង លោកស្រី គ្លីនតុន ។ លោក ត្រាំ ចាត់ទុកថា នេះជាសកម្មភាពគំរាមកំហែងនយោបាយ មិនអាចទទួលយកបានឡើយនៅអាមេរិក ។

ក្នុងពេលឃោសនាបោះឆ្នោតពាក់ កណ្តាលអាណត្តិនៅអាមេរិកកំពុងតែ ប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត រវាង គណបក្សប្រជាធិបតេយ្យ នឹងគណបក្ស សាធារណរដ្ឋនោះ លោក ត្រាំ បានអំពាវនាវឲ្យមានការសាមគ្គីគ្នាក្រោយពេលរកឃើញមានការផ្ញើគ្រាប់បែកទៅកាន់អតីតប្រធានាធិបតី អូបាម៉ា និងលោកស្រី ហ៊ីល ឡារី គ្លីនតុន ព្រមទាំងបណ្តាញព័ត៌មាន ស៊ីអិនអិន និងតំណាងរាស្ត្រមួយចំនួន ។

លោក ត្រាំ បានបញ្ជាក់ថា «សកម្មភាព ដ៏រន្ធត់នេះ គឺផ្ទុយពីអ្វីដែលពលរដ្ឋអាមេរិកគោរព នេះជាសកម្មភាពថោកទាបបំផុត ។ ការស្រាវជ្រាវជាទ្រង់ទ្រាយធំនឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសពាក់ព័ន្ធករណី ខាងលើ» ។

លិខិតផ្ទុកគ្រាប់បែកទាំងអស់គឺផ្ញើសំដៅ ទៅលើមន្ត្រីគណបក្សប្រជាធិបតេយ្យ និង បណ្តាញព័ត៌មានល្បីៗនៅអាមេរិក ដែល រិះគន់ប្រធានាធិបតី ។ នៅលើបណ្តាញ សង្គម ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែ ថ្កោលទោសដល់ប្រធានាធិបតី អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន រួមជា មួយមន្ត្រីគណបក្សប្រជាធិបតេយ្យ និង បណ្តាញព័ត៌មានស៊ីអិនអិន ។

លោកស្រី ហ៊ីលឡារី គ្លីនតុន បានចាត់ ទុកថា «ដំណាក់កាលចលាចល» ក៏ដូចជា ពេលវេលានៃការបែកបាក់ ហើយយើងនឹងត្រូវធ្វើគ្រប់យ៉ាងដើម្បីសាមគ្គីប្រទេសជាតិ ។

ជាមួយគ្នានេះ ប្រធានបណ្តាញព័ត៌មាន CNN លោក Jeff Zucker បានថ្កោលទោស សេតវិមានថាខ្វះការយល់ដឹងពី«កម្រិតនៃគ្រោះថ្នាក់ នៅក្នុងសម្តីវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់មន្ត្រីសេតវិមាន ពិសេសគឺប្រធានាធិបតី ដូណាល់ ត្រាំ និង លេខាព័ត៌មាន លោកស្រី Sarah Sanders គួរតែយល់ថា សម្តីរបស់ពួកគេពិតជាមានសារសំខាន់ ។ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់បង្ហាញពីការយល់ដឹងដល់រឿងរ៉ាវទាំងនោះ ដោយវាយប្រហារទៅលើ បណ្តាញផ្សព្វផ្សាយ» ។

មន្ត្រីគណបក្សសាធារណរដ្ឋ ក៏បាន ថ្កោលទោសដល់ការផ្ញើគ្រាប់រំសេវទៅ កាន់មន្ត្រីគណបក្សប្រជាធិបតេយ្យថា ជា សកម្មភាព មិនអាចទទួលយកបានឡើយ ។ លោក Mitch McConnell សមាជិកព្រឹទ្ធ សភា ចាត់ទុកថា នេះជាការវាយប្រហារ ភេរវកម្មនៅក្នុងប្រទេស៕ មែវ សាធី


ចែករំលែក៖