ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកនៅផ្សារទំនើបទីក្រុង Saint Petersburg រុស្ស៊ីរបួសយ៉ាងតិច១០នាក់

ចែករំលែក៖

គ្រាប់បែកកែច្នៃមួយបានផ្ទុះឡើងនៅផ្សារទំនើបនៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីបណ្តាលឲ្យរងរបួសមនុស្ស១០នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការស៊ើបអង្កេតរុស្ស៊ី លោកស្រី Svetlana Petrenko ដែលជាអ្នកនាំពាក្យបានថ្លែងថា យោងតាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះនេះកើតឡើងនៅអគារមួយ​ ហើយឧបករណ៍ផ្ទុះនោះមិនស្គាល់អត្តសញ្ញាណឡើយ។ លោកស្រីបន្តថា ឧបករណ៍ផ្ទុះគឺកែច្នៃដោយម្សៅTNT ប្រមាណ២០០ក្រាមមានកម្លាំងយ៉ាងខ្លាំង។ ការស៊ើបអង្កេត​ជុំវិញទីតាំងកើតហេតុកំពុងធ្វើឡើងដើម្បីប្រាកដឲ្យកាន់តែច្បាស់។ នេះជាការប៉ុនប៉ងដើម្បីសម្លាប់មនុស្ស។

ហេតុការណ៍ខាងលើបានកើតឡើង ខណៈដែលប៉ុន្មានខែកន្លងទៅថ្មីៗ នៅទីក្រុងធំទី២របស់រុស្សី​ត្រូវរងការវាយប្រហារគ្រាប់បែកនៅស្ថានីយរថភ្លើងក្រោមដីសម្លាប់មនុស្ស១៦នាក់ ស្របពេលដែលមានការព្រួយបារម្ភថា ពលរដ្ឋរុស្ស៊ីជាច្រើនរយនាក់បានទៅក្រៅប្រទេស ចូលរួមវាយប្រហារជាមួយភេរវជន ហើយពេលត្រឡប់មករុស្ស៊ីវិញ ពួកគេអាចធ្វើសកម្មភាព

តាមមនោគមន៍ឧទ្ទាមផងដែរ ។ ដោយសារមូលហេតុនេះហើយ រុស្ស៊ីកាន់តែរឹតបន្តឹងសន្តិសុខក្នុងប្រទេសរបស់ខ្លួន។

លោក Alexander Klaus ប្រធានក្រុមស៊ើបអង្កេតបានថ្លែងថា មនុស្ស១០នាក់បានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ការរងរបួសរបស់ពួកគេទាំងនោះមិនគំរាមកំហែងដល់អាយុជីវិតឡើយ។ ភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មនុស្សម្នាក់រងរបួសធ្ងន់។

អគាររងការវាយប្រហារខាងលើនេះ មានផ្សារទំនើបបើកដំណើរការ ប៉ុន្តែមិនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនោះទេ។ ប៉ូលិសបានឡោមព័ទ្ធកន្លែងកើតហេតុ ហើយការដឹកជញ្ជូនសាធារណៈនៅជិតកន្លែងផ្ទុះគ្រាប់បែក ក៏ត្រូវបានអាជ្ញាធរប្រកាសផ្អាកមួយរយៈពេលខ្លី។ អត្តសញ្ញាណជនសង្ស័យពុំត្រូវបានប៉ូលិសរុស្ស៊ីលាតត្រដាប់ប្រាប់ភ្នាក់ងារព័ត៌មាននោះឡើយ។

សាក្សីមួយរូបឈ្មោះ Passerby Galina Gustova អាយុ៥៨ឆ្នាំ បាននិយាយថា «ខ្ញុំរន្ធត់ខ្លាំងណាស់! នេះវាបានកើតឡើងខណៈដែលមនុស្សម្នាកំពុងមកទិញរបស់របរនៅទីនោះ​ដើម្បីត្រៀមបានមុនថ្ងៃឈប់សម្រាកខិតជិតមកដល់»។ អ្នកស្រីបន្តថា «វាជារឿងល្អប្រសើរណាស់ដែរ ដែលពុំមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត»។

ការបំផ្ទុះគ្រាប់បែកកែច្នៃលើកនេះបានកើតឡើង​នៅមុនថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកលមកដល់ ក៏ដូចការរៀបចំពិធីបុណ្យ Orthodox Christmas របស់រុស្ស៊ីផងដែរដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែមករា ខាងមុខ ។

សាក្សីមួយរូបទៀត ឈ្មោះ Viktoria Smirnova អាយុ២០ឆ្នាំ បានរៀបរាប់ថា «ខ្ញុំតែងតែមកទិញគ្រឿងទេសនៅទីនេះ, ខ្ញុំចង់ចូលទៅទិញដែរ ប៉ុន្តែគ្រប់កន្លែងត្រូវចាក់សោជាប់អស់» ។ ជាមួយគ្នានេះ សាក្សី Marina Bulanova អាយុ៥០ឆ្នាំ បានប្រាប់ AFP ថា «ខ្ញុំជាគ្រូពេទ្យ, ខ្ញុំឮព័ត៌មានថាទីនេះមានផ្ទុះគ្រាប់បែក, ខ្ញុំរស់នៅជិតខាងនេះទេ ហើយខ្ញុំគិតថា ខ្ញុំអាចជាអ្នកមានប្រយោជន៍»។

ប្រភពបានបញ្ជាក់ប្រាប់ទីភ្នាក់ងាររុស្ស៊ីថា ឧបករណ៍ផ្ទុះត្រូវបានជនមិនស្គាល់មុខដាក់ក្នុងកេះចាក់សោជិត។ ប៉ូលិសថា នៅម៉ោងប្រមាណ៦និង៣០នាទីព្រឹក(ម៉ោងនៅក្នុងតំបន់)មានសំឡេងផ្ទុះបន្លឺឡើង។ ជាលទ្ធផល មនុស្សជាច្រើននាក់បានរងរបួស។ សារព័ត៌មាន Interfax ស្រង់សម្តីមន្ត្រីគ្រប់គ្រងគ្រាអាសន្នរុស្ស៊ីបញ្ជាក់ថា ពុំមានអគ្គិភ័យកើតឡើងក្នុងករណីនេះឡើយ។ ផ្សែងបានខ្មួលខ្មាញ់នៅទីកន្លែងកើតហេតុ ប៉ុន្តែដំណាក់កាលនោះ ពុំទាន់មានអតិថិជនច្រើននោះទេចូលទៅកាន់ផ្សារទំនើប។​ រថយន្តសាមុយបានដឹកបញ្ជូនអ្នករងរបួសភ្លាមៗទៅកាន់មន្ទីរពេទ្យតែម្តង។

សូមបញ្ជាក់ថា ទីក្រុង Saint Petersburg ដែលនឹងរៀបចំប្រកួតវ៉ើលខាប់ពិភពលោក ឆ្នាំ២០១៨នោះកំពុងតែញាប់ញ័រដោយការបំផ្ទុះគ្រាប់បែករថភ្លើងក្រោមដីបណ្តាលឲ្យស្លាប់១៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីខែមេសាកន្លងទៅនោះនៅឡើយទេ។

ការបំផ្ទុះគ្រាប់បែកត្រូវបានក្រុមដែលជិតស្និទ្ធជាមួយពួកភេរវកម្មអាល់កៃដាប្រកាស់ទទួលស្គាល់ ដោយបញ្ជាក់ថា នោះជាសារមួយទៅកាន់ប្រទេសទាំងឡាយដែលពាក់ព័ន្ធសង្គ្រាមជាមួយមូស្លីម។

ក្នុងខែកក្កដា ក្រុមប៉ូលិសរុស្ស៊ី FSB បានឃុំខ្លួនមនុស្ស៧នាក់ ដែលត្រៀមវាយប្រហារភេរវកម្ម នៅក្នុងទីក្រុង Saint Petersburg ជាពិសេសប្រព័ន្ធរថភ្លើងក្រោមដី ដែលជាទីតាំងប្រមូលផ្តុំដោយការដឹកជញ្ជូនសាធារណៈច្រើនបំផុត។

ក្នុងខែធ្នូនេះដែរ ក្រុមសន្តិសុខរុស្ស៊ីថ្លែងថា បានរារាំងក្រុមរដ្ឋអិស្លាម Is ពីការវាយប្រហារភេរវកម្មនៅក្នុងរដ្ឋធានីផងដែរ។ លោក Alexandra Bortnikov មេក្រុមប៉ូលិស FSB កាលពីដើមខែធ្នូ ថ្លែងថា ពលរដ្ឋរុស្ស៊ីខ្ទង់៤៥០០នាក់​បានទៅក្រៅប្រទេសចូលរួមជាមួយក្រុមភេរវកម្ម ៕


ចែករំលែក៖