ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឆេះរោងចក្រកាត់ដែរ នៅបង់ក្លាឌែស ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ ខែកក្កដាថា មានករណីផ្ទុះឆេះរោងចក្រកាត់ដែរ នៅបង់ក្លាឌែស បណ្តាលឲ្យមានមនុស្ស ១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។

លោក Palash Chandra Modak មន្ត្រីពន្លត់អគ្គីភ័យបង់ក្លាឌែសបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅយប់ថ្ងៃទី ៣ ខែកក្កដា ស្ថិតនៅក្នុងរោងចក្រ Multifabs Limited ស្ថិតនៅជាយក្រុង Dhaka ។ លោកបញ្ជាក់ទៀតថា មានមនុស្ស៩នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ។

រោងចក្រMultifabs Limited បង្កើតឡើងតាំងពីឆ្នាំ១៩៩២ មានតួនាទី ផ្គត់ផ្គង់សម្លៀបបំពាក់ ដល់អតិថិជនធំៗលើពិភពលោក ដូចជា ស្វ៊ីស ដាណឺម៉ាក អាល្លឺម៉ង់ រុស្ស៊ី អេស៉្បាញ ហុល្លង់ អង់គ្លេសជាដើម ។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនកាត់ដែរនេះ រកបានប្រាក់ចំណូលដល់ទៅ៧០លានដុល្លារ ។

វិស័យឧស្សាហកម្មកាត់ដែរនៅក្នុងប្រទេសនេះ ឈរលំដាប់ទីពីរលើពិភពលោក បន្ទាបពីប្រទេសចិន ហើយមានកម្មករ បុគ្គលិកធ្វើការនៅទីនោះ រហូតដល់ជាង ៤លាននាក់ ។ ប៉ុន្តែកន្លងមក ក៏មានហេតុការណ៍គ្រោះថ្នាក់ជាច្រើនកើតឡើងនៅក្នុងវិស័យកាត់ដែរ ដូចជាបាក់ស្រុត រោងចក្រកាលពីឆ្នាំ២០១៣ សម្លាប់មនុស្ស ដល់ទៅជាង១.១០០នាក់ ។ នៅឆ្នាំ២០១២ ក៏មានគ្រោះអគ្គីភ័យនៅរោងចក្រកាត់ដែរ សម្លាប់មនុស្ស១១២នាក់ ៕ ម៉ែវ សាធី


ចែករំលែក៖