ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាល៖ អគ្គិភ័យឆាបឆេះផ្ទះរបស់ពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុងកាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ផ្ទះមួយខ្នងដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៥គុណ៦ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី រនាបឬស្សី ជារបស់ឈ្មោះ ប៊ី វាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ឋឈ្មោះ សឿន ងែត អាយុ២៤ឆ្នាំ ។

ប្រភពដដែលបន្ដថា នៅពេលមុនពេលកើតហេតុឈ្មោះ ប៊ី វ៉ាន់ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះសួន ង៉ែត នៅលើផ្ទះ ខណៈដែលឈ្លោះគ្នារួច ក៏នាំគ្នាចុះមកក្រោមផ្ទះបន្តិចក្រោយមក ក៏លឺសំឡេងផ្ទុះនៅលើផ្ទះ រួចក៏ឃើញមានអណ្ដាតភ្លើងឆាបឆេះរាលដាល បណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ បានបង្កឲ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច មកជួយអន្តរាគមន៍យករថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមកជួយពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួនពីររថយន្តទើបរលត់ទាំងស្រុងមិនបណ្ដាលឲ្យរាលដាលផ្ទះអ្នកជិតខាងដទៃទៀត ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា គឺបណ្តាលមកពីផ្ទុះកំប៉ុងចង្រ្កានហ្គាសទើបបានជាឆេះយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖