ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋជាច្រើនគ្រួសារក្នុងក្រុងស្វាយរៀងលិចលង់និងដំណាំរងផលប៉ះពាល់ ខណៈភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងក្រុងស្វាយរៀងត្រូវជន់លិច និងដំណាំរងផលប៉ះពាល់ដោយសារជំនន់ទឹក ភ្លៀងខណៈដែលមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភពីសុវត្ថិភាពនិងដំណាំស្រូវរបស់ពួកគាត់ ។

លោក សោម ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងបានប្រាប់ឲ្យដឹងថា ផ្ទះសម្បែងរបស់គាត់ត្រូវទឹកជន់លិចត្រឹមទ្រូង ហើយផ្ទះប្រជាពលរដ្ឋ៣ភូមិក៏ត្រូវ បានជំនន់ទឹកភ្លៀងជន់លិចដែរ ។

លោកបានបន្តថា អស់រយៈពេលមួយ ខែជាងមកហើយក្រុមគ្រួសារគាត់ជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃខ្វះអង្ករ ខ្វះទឹកស្អាត ខ្វះតង់ធ្វើជម្រកស្នាក់ នៅបណ្តោះអាសន្ន ជាពិសេសកូនតូចៗត្រូវ រងគ្រោះដោយជំងឺផ្សេងៗ ហើយត្រូវទិញ តង់យកមកប្រក់និងស័ង្កសីចាស់ៗយក មកបិទបាំងថែមទៀត ។

លោកស្រី ស្រី អមរា សមាជិកក្រុមប្រឹក្សា សង្កាត់ស្វាយរៀងបានឲ្យដឹងថា លោកស្រី ធ្លាប់បានចុះសួរសុខទុក្ខនិងនាំយកអំណោយ របស់សប្បុរសជនចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ភូមិហើយក្នុងចំណោម៣ភូមិ គឺភូមិស្វាយរៀង និងភូមិ រោងបន្លែ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរង គ្រោះដោយជំនន់ទឹកភ្លៀងនេះមាន ភូមិ រោងបន្លែ ភូមិស្វាយរៀង និងភូមិមេភ្លើង ក្នុងសង្កាត់-ក្រុងស្វាយរៀង ភូមិព្រៃឆ្លាក់ ក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង និងភូមិ មួយចំនួនទៀតក្នុងក្រុងស្វាយរៀង ៕ យឹម​ សុថាន


ចែករំលែក៖