ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាដែកមិនប្រយ័ត្ន បណ្ដាលឲ្យខ្ទាតកម្ទេចផ្សាឆាបឆេះឃ្លាំង​សិប្បកម្ម ​ធ្វើ​ស្លាក​យីហោ រងការខូចខាតសម្ភារមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសិប្បកម្ម ​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង ក្បែរ​​បុរី​៩៩៩ ផ្លូវ​៨៩BT ក្រុម​៤ ភូមិ​ត្នោត​ជ្រុំ​៥ ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ និងបណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃអង្គារ​ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១២ ខែ​មី​នា ឆ្នាំ​២០១៩ ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បានឲ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ នៅសិប្បកម្ម​ធ្វើស្លាកយីហោ​ខាងលើ ​គឺ​មាន​ជាង​កំពុង​តែ​ផ្សា​​ដែក លុះ​​ពេល​កំពុង​តែ​ផ្សា​ដែកនោះ​ ស្រាប់តែ​ខ្ទាត​កម្ទេច​ផ្សា​​ទៅ​ប៉ះ​នឹង​កំប៉ុង​សាំង​ក្រអូប ​បណ្ដាល​ឲ្យ​ចេញ​ជា​ផ្កាភ្លើង​យ៉ាងសន្ធោសន្ធៅ​ ហុយផ្សែង​ខ្មួលខ្មាញ់​តែ​ម្តង។

ភ្លាម​ៗ​នោះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ជាង​ៗ ​ដែលនៅ​​ក្នុងសិប្ប​កម្ម​​នោះ​ បាន​នាំ​គ្នា​​យក​បំពង់​ពន្លត់​អ​គ្គិភ័យ និង​ទឹក​មក​ជួយ​ពន្លត់យ៉ាង​ញាប់ដៃ​ញាប់​ជើង ​ទើប​​ភ្លើង​រលត់​ទៅវិញ​នៅ​វេលា​ម៉ោង​៨​៖​​៣០​នាទី​យប់​ថ្ងៃ​ដដែល​ ។

ក្រោយ​កើតហេតុ គេ​​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​ដើម្បី​សាកសួរ​ពី​ករណីកើតហេតុ​ខាងលើ​ ហើយក៍​បានឲ្យ​ដឹង​ថា ការ​ចាប់​ឆាប​ឆេះ​នេះ​គឺ​មិន​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​រងការ​ខូចខាត​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​មួយ​គ្រឿង​, ​សម្ភារសម្រាប់​កែ​ច្នៃ​ស្លាក​យីហោ និង​តុ ទូ​អស់​បន្តិច​ប​ន្ទួ​ច​តែ​ប៉ុណ្ណោះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖