ព័ត៌មានទាន់ហេតុការណ៍៖

តំណាងពលរដ្ឋ៣០០គ្រួសារនាំគ្នាតវ៉ា ខណៈលោក អ៊ីសាវិញ ចៅក្រមខេត្តបន្ទាយមានជ័យ កាត់ដី២ល្វែងរបស់ព្រះវិហារឲ្យអ្នកផ្សេង

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្មែរឥស្លាមប្រហែល១០០នាក់ តំណាងឲ្យជាង៣០០គ្រួសារ នាំគ្នាផ្ទះការតវ៉ា បន្ទាប់ពីឃើញលោក អ៊ីសាវិញ ចៅក្រមខេត្តបន្ទាយមានជ័យ កាត់ដី២ល្វែង ទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ របស់ព្រវិហារអាល់ម៉ូហាជីរីន​ ដែលឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឲ្យបុគ្គលឈ្មោះ លឹម ស៊ុនលី ដែលគ្មានពាក់ពន្ធនឹងដីខាងលើនេះ ក្លាយជាកម្មសិទ្ធិិទៅវិញ ។

ពួកអ្នកតវ៉ាបន្ថែមថា ពួកគាត់មានកាសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចដោយអយុត្តិធម៌ ។ ពួកគាត់លើកឡើងថា ក្នុងឆ្នាំ១៩៩៣ លោកអ៊ី ម៉ាន ដែលជាអតីតគ្រូសង្គ្រាជវិហារបានទិញដី២ល្វែងគីល្វែង៧៧និងល្វែង៧៨ពីឈ្មោះ ស៊ីន រដ្ឋា និង គង សម្បត្តិ ដែលបណ្ណ័ចំណូល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៣(ល្វែង៧៧) និងបណ្ណ័ចំណូល ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៣ ល្វែង(៧៨) ។ គណៈកម្មការវិហារនៅពេលនោះ បានសម្រេចបង្កើតវិហារនេះឡើង ដើម្បីបម្រើសាសនិកឥស្លាមដែលរស់នៅជុំវិញទីនោះ ។ គណៈកម្មការព្រះវិហារបានគ្រប់គ្រង និងកាន់កាប់ដីទាំង២ល្វែងនោះ តាំងពីឆ្នាំ១៩៩៣ ដោយមានលិខិតស្នាមត្រឹមត្រូវ និងមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយក៏មិនដែលឃើញអ្នកណាមកតវ៉ាដែរ ។ រហូតដល់ឆ្នាំ២០០៥ ស្រាប់តែលោក លឹម ស៊ុនលី បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយទាមទារឲ្យតុលាការសម្រចថា ខ្លួនជាកម្មសិទ្ធិិលើដីទាំង២ល្វែងនេះទៅវិញ ។

ឯកសារដែលលោក លឹម ស៊ុនលី អះអាងអំពីសិទ្ធិរបស់ខ្លួននៅលើដីទាំងពីល្វែងនេះ គឺពុំមានឯកសារណាមួយដែលមានឈ្មោះរបស់គាត់នោះទេ សុទ្ធតែឈ្មោះរបស់អ្នកដទៃទាំងអស់ ។ ជាក់ស្ដែងដូចជាកិច្ចសន្យាទិញលក់ ដែលតុលាការយកមកធ្វើជាសំអាងនេះ គឺធ្វើឡើងរវាងឈ្មោះហុង វណ្ណា នឹង គូឡាំង ។

ម្យ៉ាងវិញទៀតមន្តី្រសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់រួចហើយថា លឹម ស៊ុនលី ពុំមែនជាម្ចាស់កម្មសិទ្ធិលើដីទាំង២ល្វែងនេះទេ ហេតុអ្វីបានជាចៅក្រម អ៊ីសាវិញ សម្រេចឲ្យលោកលឹម ស៊ុនលី ក្លាយជាម្ចាស់កម្មសិទ្ធិទៅវិញ ។

កុំថាឡើយជាម្ចាស់កម្មសិទ្ធិនៃដីទាំង២ល្វែងនេះ សូម្បីតែឋានៈជាដើមបណ្ដឹងក្នុងរឿងនេះ ក៏គាត់ពុំមានផង ព្រោះឯកសារដែលយកមកបង្ហាញនោះគីជារបស់បុគ្គលផ្សេងទៅវិញ ។ ជាងនេះ ពួកគាត់បញ្ជាក់ថា អំឡុងឆ្នាំ១៩៩២ ពេលប្រទេសពុំទាន់មានស្ថេរភាព សន្តិភាពពេញលេញ គ្មានផ្លូវល្អ និងសំបូរទៅដោយគ្រាប់ម៉ីន យើងខ្មុំនិងជាប្រជាពលរដ្ឋខ្មែរឥស្លាមប្រហែលជា៥០គ្រួសារប៉ុណ្ណោះ បានមករស់នៅទីនេះ និងបានផ្ដូចផ្ដើមកសាងវិហារនេះឡើងដ ល់ពេលប្រទេសមានស្ថេរភាព សន្តិភាពពេញលេញ មានផ្លូវល្អបែរជាលោកចៅក្រម អ៊ីសាវិញ សម្រេចពុះព្រវិហារជាពីរទៅឲ្យបុគ្គលផ្សេង ដែលពុំមានពាក់ពន្ធអ្វីសោះ នឹងដីទាំងពីល្វែងនោះ ។

ពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពិនិត្យនិងដោះស្រាយករណីខាងលើឲ្យពួកគាត់ផង ។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មាននៅមិនទាន់មានការបកស្រាយ ពីលោកចៅក្រមខេត្តបន្ទាយមានជ័យអ៊ីសាវិញ និងលោក លឹម ស៊ុនលី ដែលពលរដ្ឋចោទប្រកាន់នោះឡើយ ព្រោះមិនមានលេខទូរស័ព្ទ ៕ វណ្ណា


ចែករំលែក៖