ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិនមិនពេញចិត្តនឹងសកម្មភាព «សងសឹក»របស់រដ្ឋាភិបាល

ចែករំលែក៖

ភាគច្រើនពលរដ្ឋចិនបង្ហាញការមិន ពេញចិត្តទៅលើសកម្មភាព«សងសឹក»របស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅលើក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូង Lotte ដោយ បិទសាខាក្រុមហ៊ុននេះនៅក្នុងប្រទេសចិនក្រោយពេលដែល កូរ៉េខាងត្បូងអនុញ្ញាត ឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារនៅលើទឹកដីកូរ៉េខាងត្បូង។

តាមលទ្ធផលស្ទង់មតិនាពេលកន្លង មកថ្មីៗរបស់មជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារ Nice R&C បានបង្ហាញឲ្យឃើញថា ភាគច្រើនពលរដ្ឋមិនពេញចិត្តទៅនឹងគោល នយោបាយសងសឹករបស់ទីក្រុងប៉េកាំងទៅលើក្រុមហ៊ុនកូរ៉េខាងត្បូង Lotte គឺជា រឿងខុសឆ្គង។ ការស្ទង់មតិធ្វើឡើងនៅទីក្រុងធំៗចំនួន៣នៅប្រទេសចិន គឺទីក្រុង ប៉េកាំង សៀងហៃ និងក្វាងចូវ។

ក្រុមហ៊ុន Lotte ជាក្រុមហ៊ុនលក់រាយធំបំផុតនៅក្នុងតំបន់អាស៊ីរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពសងសឹករបស់ចិនក្រោយពេលក្រុមហ៊ុននេះព្រមលក់ដីទៅ ឲ្យរដ្ឋាភិបាលក្នុងការដាក់ពង្រាយប្រព័ន្ធ មីស៊ីលការពារដ៏ទំនើបរបស់អាមេរិក THAAD ។ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនសប្បាយចិត្តចំពោះសកម្មភាពខាងលើ ដោយចាត់ទុកថា ប្រព័ន្ធមីស៊ីលទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្ថិរភាព របស់ចិន។ ចំណែកអាមេរិក និងកូរ៉េខាង ត្បូងបានអះអាងថា ការដាក់មីស៊ីលខាងលើគឺដើម្បីទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងជើងតែប៉ុណ្ណោះ។

ការបិទទ្វារក្រុមហ៊ុនលក់រាយ Lotte នៅក្នុងប្រទេសចិនបានធ្វើឲ្យក្រុមហ៊ុននេះប្រឈមនូវបញ្ហាជាច្រើន ក្នុងនោះមានការខាតបង់ជាច្រើនអាចប្រឈមនឹងការក្ស័យធន។ ចំណុចទាំងនោះហើយបានជារដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Joo Hyung Hwan បានប្តឹងឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពីសកម្មភាពសងសឹករបស់ចិនទៅលើក្រុមហ៊ុនកូរ៉េខាងត្បូងក្រោយពេល ដែលប្រទេសនេះអនុញ្ញាតឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបប្រភេទ THAAD។

នៅក្នុងកិច្ចប្រជុំសភារដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មប្រទេសនេះបានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងប្តឹងឡើងទៅកាន់អង្គការ WTO ក្រោយពេលចិនបំពានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយពេលដែល បានបិទក្រុមហ៊ុនកូរ៉េខាងត្បូង និងរារាំង អ្នកទេសចរចូលទៅកាន់ប្រទេសនេះ។

តាមសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូង ក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន Lotte Group គឺជាក្រុមហ៊ុនធំទី៥របស់កូរ៉េខាង ត្បូងកំពុងប្រឈមនឹងការដួលរលំនៅពេលដែលហាងលក់ទំនិញរហូតដល់៩០ភាគ រយ Lotte Mart នៅក្នុងប្រទេសចិនត្រូវផ្អាក តាមការបញ្ជារបស់រដ្ឋាភិបាលចិនបានធ្វើឲ្យក្រុមហ៊ុននេះខាតបង់ជាច្រើន។

ក្នុងពេលជាមួយគ្នានេះវិស័យទេសចរណ៍ របស់កូរ៉េខាងត្បូងត្រូវខាតបង់ជាច្រើន ក្រោយពេលចិនបានហាមប្រាមក្រុមហ៊ុនទេសចរណ៍បញ្ឈប់នាំភ្ញៀវចូលទៅកាន់ កូរ៉េខាងត្បូង។ ការហាមប្រាមនោះជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅក្នុងប្រទេសនេះ។ តាមតួលេខអ្នកទេសចរចិនរហូតដល់១ភាគ២ ក្នុងចំណោមភ្ញៀវ បរទេសចូលទៅកាន់កូរ៉េខាងត្បូងឆ្នាំ២០១៦ ហើយក្នុងចំណោមអ្នកដំណើរចិន ចំណាយយ៉ាងតិច២ពាន់ដុល្លារក្នុងម្នាក់ៗនៅលើទឹកដីកូរ៉េខាងត្បូង៕ ម៉ែវ សាធី

មេដឹកនាំរដ្ឋាភិបាលទីក្រុងប៉េកាំង លោកប្រធានាធិបតីស៊ី ជីងពីន

មេដឹកនាំរដ្ឋាភិបាលទីក្រុងប៉េកាំង លោកប្រធានាធិបតីស៊ី ជីងពីន


ចែករំលែក៖