ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាព័ទ្ធចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋព័ទ្ធចាប់បានរួចដាក់ខ្នោះនាំមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ដើម្បីសួរនាំ បង្កឲ្យភ្ញាក់ផ្អើលវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រដែកគោល ស្ថិតក្នុងភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ឯជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន មិនស្គាល់ឈ្មោះនោះឡើយ។

ពលរដ្ឋប្រាប់ថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកក្នុងភូមិដើម្បីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ តែពេលនោះមានប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជនសង្ស័យម្នាក់ភ័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ទៀតបានរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋដើម្បីលាក់ខ្លួន ហើយនៅពេលនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ដោយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់ជនសង្ស័យខាងលើអស់មួយពេលធំ ក៏ឃាត់ខ្លួនបានតែម្ដង រួចសមត្ថកិច្ចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីសួរនាំភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ច្បារអំពៅ២កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំកសាងសណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖