ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកព្រៃនប់ជាង១០០គ្រួសារប្រតិកម្មនឹងទីតាំងចិញ្ចឹមគ្រែងមួយកន្លែងបោះបង្គោលហ៊ុមព័ទ្ធពេញផ្ទៃទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រមាណ ៤០គ្រួសារតំណាងឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ កាលពីរសៀលថ្ងៃ ទី១១ ខែ តុលា ឆ្នាំ២០១៧ បាននាំគ្នាតវ៉ាទៅលើទីតាំងចឹញ្ចឹមគ្រែងមួយកន្លែងនៅចំណុចមុខ កោះថ្មីដែលបោះបង្គោលហ៊ុមព័ទ្ធមិនអាច ឲ្យប្រជាពលរដ្ឋនេសាទបាន ។

អ្នកស្រី ណៃ ហួយ, លោកយិន ពៅ និងលោក ឈៀង នាង ជាប្រជាពលរដ្ឋ បានអះអាងស្រដៀងគ្នាថាតំបន់កោះខ្យងបច្ចុប្បន្នរស់អាស្រ័យផលលើការនេសាទបន្តិចបន្តួច។ នៅទីតាំងនេះជាតំបន់ទឹក រាក់មានអំណោយផលក្នុងការនេសាទបែបលក្ខណៈគ្រួសារ ប៉ុន្តែពេលនេះត្រូវបាន ក្រុមឈ្មួញបោះបង្គោលហ៊ុមព័ទ្ធចឹញ្ចឹមគ្រែង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់ប្រចាំថ្ងៃ ។

ចំពោះម្ចាស់ទីតាំងនេះមានឈ្មោះអ្វី ពុំទាន់បានដឹងនៅឡើយទេហើយក៏ពុំបានដឹងច្បាស់ថា ពួកគេមានច្បាប់ឬអត់ច្បាប់នោះដែរគ្រាន់តែដឹងថា ការហ៊ុមព័ទ្ធនេះធ្វើឲ្យប៉ះពាល់ដល់ការនេសាទរបស់ពួកគាត់។

ក្រោយមានការតវ៉ាភ្លាមៗលោក លាវ លឹម ម្ចាស់ទីតាំងចឹញ្ចឹមកូនគ្រែងបានបញ្ជាក់ តាមទូរស័ព្ទថា ទីតាំងដែលក្រុមការងារ របស់លោកហ៊ុមព័ទ្ធសម្រាប់ចឹញ្ចឹមកូនគ្រែងឈាមនេះគឺមានច្បាប់ត្រឹមត្រូវដោយមានការឯកភាពចាប់តាំងពីថ្នាក់មូលដ្ឋានរហូតមានការទទួលស្គាល់និងអនុញ្ញាតដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ ស្ថានពុំបានរំលោភសិទ្ធិលើប្រជាពលរដ្ឋ ដូចការចោទប្រកាន់នោះទេ ហើយទីតាំងនោះក៏ពុំមានប៉ះពាល់ដល់ការនេសាទ របស់ពួកគេដែរ ។

ដោយឡែកលោក ឯម ភា នាយសង្កាត់ រដ្ឋបាលជលផលស្រុកព្រៃនប់បានអះអាង ថា ចំពោះទីតាំងដែលក្រុមប្រជាពលរដ្ឋ កំពុងតវ៉ានោះម្ចាស់ទីតាំងមានច្បាប់ទម្លាប់ត្រឹមត្រូវដោយបានឆ្លងកាត់ការចុះសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់រួចហើយដែរ ៕ ហេង សូរិយា


ចែករំលែក៖