ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ ធ្លាប់បាតម៉ូតូករណីចោរកម្ម អញ្ជើញទៅពិនិត្យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានប្រកាស និងជូនដំណឹង ដល់ប្រជាពលរដ្ឋណា ធ្លាប់បាត់បង់ម៉ូតូ ក្នុងករណីចោប្លន់ និងលួច សូមអញ្ជើញទៅពិនិត្យមើល នៅស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់ទៅជាមួយនិងឯកសារ សម្គាល់កម្មសិទ្ធិ ទៅជាមួយផង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេល គណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងខណ្ឌសែនសុខ ចុះត្រួតពិនិត្យនិចែកឆេក រកឃើញ រថយន្ត -ម៉ូតូ គ្មានឯកសារត្រឹកត្រូវជិត១០០គ្រឿង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលធ្លាប់បានបាត់ម៉ូតូក្នុងករណីចោរកម្មផ្សេង មេត្តាទៅពិនិត្យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់ទៅជាមួយនូវឯកសារសម្គាល់កម្មសិទ្ធិ បើសមត្ថកិច្ចពិនិត្យឃើញថា អ្នកពិតជាម្ចាស់កម្មសិទ្ធិពិតប្រាកដមែននោះ សមត្ថកិច្ចនឹងប្រគល់ជូនវិញភ្លាមៗតែម្ដង ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចនៅតែបន្តធ្វើឡើងដូចភ្លៀងរលឹម ដើម្បីចូលរួមក្នុងការកាត់បន្ថយបទល្មើសដែលធ្លាប់កើតមាននៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជុំវិញប្រតិបត្តិការនេះនៅខណ្ឌទួលគោក កម្លាំងសមត្ថកិច្ចរកឃើញម៉ូតូ៥២គ្រឿង និងរថយន្ដ២គ្រឿង ដោយឡែកនៅខណ្ឌសែនសុខ កម្លាំងជំនាញ រកឃើញម៉ូតូចំនួន៤២គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ។

សូមបញ្ជាក់ថា ប្រតិបត្តិការក្តីនេះធ្វើឡើង បន្ទាប់ពី ឱសានវាទរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចុះឲ្យអភិបាលខណ្ឌទាំង១២ចំណុះសាលារាជធានីភ្នំពេញ ត្រូវចុះពិនិត្យទីតាំងបញ្ចាំទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ក្រែងមានករណីទទួលផលចោរកម្មណាមួយកើតឡើង និងបញ្ជាឲ្យបិទទីតាំងខាងលើ ភ្លាមៗផងដែរ ៕


ចែករំលែក៖