ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យ«លោកពុកជួយឲ្យប្រទេសមានសន្តិភាព»ធ្វើម្ចាស់ជ័យលាភីអ្នកដឹកនាំរឿងឆ្នើមជុំ វិចិត្រ អួលដើមក

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) ឆ្នាំ២០១៧ លោកជុំ វិចិត្រ ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃនិពន្ធ និងដឹកនាំផលិតភាពយន្តជាច្រើនបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យផលិតករូបនេះនិយាយទាំងរំភើប និងអួលដើមក គឺក្រោយពេលលោកពោលពាក្យប៉ុន្មានម៉ាត់ ទៅកាន់អ្នកគាំទ្រ ពិសេសការគោរពដឹងគុណទៅកាន់ប្រមុខថ្នាក់ដឹកនាំប្រទេស អំពីការនាំសន្តិភាពដែលនាំឲ្យផលិតករ និងទស្សនិកជនទទួលបានការកម្សាន្តសប្បាយដូចសព្វថ្ងៃ។

ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) បានទៅលោកជុំ វិចិត្រ ដែលដឹកនាំសម្តែងរឿង“ស៊ុបភើរមាំ”របស់ផលិតកម្មមហាហង្ស។ថ្លែងដោយក្តីរំភើបរីករាយខ្លាំង លោក ជុំ វិចិត្រលើកឡើងថា សមិទ្ធផលដែលលោកសម្រេចបាននៅពេលនេះគឺមិនមែនជាការចៃដន្យទេ គឺកើតចេញពីការប្រឹងប្រែងនិងការលើកទឹកចិត្ត។

លោកបន្តថា «អ្វីដែលខ្ញុំខំប្រឹងប្រែងនឹងព្យាយាមតស៊ូធ្វើការងារក្នុងអាជីពជាអ្នកដឹកនាំរឿងនេះ គឺធ្វើដោយក្តីស្រឡាញ់ ទោះជាដឹងថាអាជីពមួយនេះមិនបានធ្វើអោយខ្លួនឯងមានបានមានទ្រនំមានរថយន្តទំនើប ក៏មិនបានបោះបង់ ក៏ព្រោះតែបេះដូងមួយនេះមិនអាចខ្វះបាន!»។

លោកបន្តថា សម្រាប់ពានរង្វាន់ជាអ្នកដឹកនាំឆ្នើមមួយនេះក៏មិនដែលគិតស្រមៃថាខ្លួនឯងនឹងទទួលបានដែរ! តែពេលដែលទទួលបានពានរង្វាន់មួយនេះរំភើបចិត្ត និយាយមិនចេញឈរញរ័ជើងតែអ្វីដែលនឹកដល់នោះគឺសន្តិភាព ! បើប្រទេសជាតិគ្មានសន្តិភាពយើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះហើយខ្ញុំក៏មិនមានឱកាសក្លាយជាអ្នកដឹកនាំរឿងនឹងទទួលបានពានរង្វាន់ជាអ្នកដឹកនាំរឿងឆ្នើមក្នុងមហោស្រពភាពយន្តជាតិលើកទី៥នេះដែរ។

លោកចាប់ផ្តើមអួលដើកដោយក្តីរំភើបរំជួលចិត្តពេលនិយាយាពាក្យថា«អរគុណលោកពុកសម្រាប់សន្តិភាពមួយនេះ»។

គួរបញ្ជាក់ដែរថា លោក ជុំ វិចិត្រ បានចូលប្រឡូកក្នុងអាជីពផលិតភាពយន្តអស់រយៈពេល១០ឆ្នាំ មកហើយដែលផ្តើមពីអាជីពជាអ្នកចាត់ការទូទៅនៅផលិតកម្ម FCI។ ពីមួយឆ្នាំទៅមួយឆ្នាំ លោកចាប់ផ្តើមឈ្វេងយល់ពីវិស័យភាពយន្ត តាមរយៈការណែនាំបង្ហាញពីផលិតករជើងចាស់ និងតាមរយៈការសិក្សាស្រាវជ្រាវជាមួយឯកសារបរទេសជាច្រើនផងដែរ។

រហូតមកដល់ពេលនេះ មានស្នាដៃភាពយន្តប្រមាណជាង២០រឿងហើយ ដែលលោកបានដឹកនាំផលិត ហើយភាពយន្តដែលទស្សនិកជនស្គាល់ច្រើនមានដូចជារឿង«ម៉ែដោះក្រមុំ» រឿង “បំពេរព្រលឹង” រឿង “ស៊ុបពើម៉ាំ” ជាដើម។

ផលិតករមកពីខេត្តបាត់ដំបងរូបនេះ ទើបនឹងបញ្ចប់ការដឹកនាំផលិតភាពយន្តខ្នាតធំរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» ហើយថ្មីៗនេះ ទើបនឹងចាប់ផ្តើមចេញផលិតភាពយន្តថ្មីមួយទៀតគឺរឿង«ផ្ទះចុងភូមិ»របស់ផលិតកម្មមហាហង្ស។ ទោះបីជាទទួលបានពានរង្វាន់ជាផលិតករឆ្នើមប្រចាំឆ្នាំ២០១៧ ក៏លោកនៅតែបន្តក្តីស្រមៃ និងខិតខំប្រឹងប្រែងលើវិស័យភាពយន្តនេះបន្តទៅមុខទៀតបើទោះបីជាជួបបញ្ហាយ៉ាងណាក៏ដោយ៕ វឌ្ឍនា


ចែករំលែក៖