ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ចំនួន៩ត្រូវបានប្រគល់ជូនកីឡាឆ្នើមកម្ពុជាសម្រាប់ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ប្រកាសជាផ្លូវការនូវពានរង្វាន់កីឡាកម្ពុជាឆ្នើម លើកទី២ “Cambodia Sport Award 2016” ចំនួន៩រង្វាន់ផ្សេងគ្នា ក្នុងកម្មវិធីរាត្រីស្រមោលសរ នារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧នៅសណ្ឋាគារណាហ្គាវើល ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើល ។

EW (6)

លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហញាវើល បានឲ្យដឹងថា អត្តពលិកកម្ពុជា គឺជាមោទនភាពកម្ពុជា និងជាគំរូដ៏ល្អ សម្រាប់កូនចៅ ជំនាន់ក្រោយ ហើយពានរង្វាន់ដែលទទួលស្គាល់ស្នាដៃអ្នកដែលមានស្នាដៃឆ្នើមផ្នែកកីឡា។

EW (1)

ចំពោះលទ្ធផលពានរង្វាន់កីឡាកម្ពុជា លើកទី២ ទាំង៩ពាន រួមមានពានកីឡាករឆ្នើមបានទៅម្ចាស់មេដាយមាស កីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន ទទួលបានប្រាក់រង្វាន់ ២.៥០០ដុល្លារ, ពានរង្វាន់កីឡាការិនីឆ្នើមបានទៅម្ចាស់មេដាយមាសអាស៊ីផ្នែកកីឡាតេក្វាន់ដូកញ្ញា ស៊ន សៀវម៉ី ទទួលបានប្រាក់រង្វាន់ ២.៥០០ដុល្លារ, ពានរង្វាន់កីឡាករពិការឆ្នើមបានទៅ ជឹមផាន់ ទទួលបានប្រាក់រង្វាន់ ១.៥០០ដុល្លារ, ពានកីឡាការិនីពិការឆ្នើមបានទៅកញ្ញាសៅ ធីតា ទទួលបានប្រាក់រង្វាន់ ១.៥០០ដុល្លារ ។

EW (2)

ចំណែកពានគ្រូបង្វឹកឆ្នើមបានទៅលោកប្រាក់ សុវណ្ណារ៉ា អតីតគ្រូក្លឹបបឹងកេតអង្គរ ទទួលបានប្រាក់រង្វាន់២.០០០ដុល្លារ, ពានក្រុមឆ្នើមបានទៅក្រុម Cambodia All Stars ទទួលបានប្រាក់រង្វាន់ ២.៥០០ដុល្លារ, ពានព្រឹទ្ធាចារ្យឆ្នើមបានទៅលោក ហុកឈាងគីម ទទួលបានប្រាក់រង្វាន់ ២.០០០ដុល្លារ, ពានកីឡាប្រពៃណីបានទៅ កញ្ញា ទ្រីសុថាវី ទទួលបានប្រាក់រង្វាន់ ១.៥០០ដុល្លារ និងពានរូបថតកីឡាល្អបានទៅលោក គង ហនអ្នកសារព័ត៌មានទូរទស្សន៍ BTV-News ទទួលបានប្រាក់រង្វាន់ ១.០០០ដុល្លារ ។

EW (3)

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ពាននេះបង្កើតឡើងដើម្បីលើកទឹកចិត្តការខិតខំរបស់ កីឡាករ-កីឡាការិនី គ្រូបង្វឹកនិងព្រឹទ្ធាចារ្យកីឡាកម្ពុជា ដែលតែងលះបង់កម្លាំងកាយចិត្តដើម្បីដណ្ដើមកិត្តិយស និងបង្កើតស្នាដៃជូនជាតិហើយបន្ដគាំទ្រពួកគេឲ្យខិតខំបន្ថែមទៀតដើម្បីបន្ដយុទ្ធនាចូលរួមប្រកួតលើឆាកអន្ដរជាតិនិងដណ្ដើមមេដាយជូនជាតិជាបន្ដបន្ទាប់ទៀត ហើយតាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងជំរុញវិស័យកីឡាកម្ពុជាឲ្យ កាន់តែ រីកចម្រើន ឆ្ពោះទៅស៉ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្ដង ៕ សារីម

EW (4) EW (5)


ចែករំលែក៖