ព័ត៌មានទាន់ហេតុការណ៍៖

ពានរបស់ AFF SUZUKI CUP នឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីក្តីរំពឹងថា នឹងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ហើយអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការចាប់អារម្មណ៍មកលើក្រុមកម្ពុជា ក្រោមការដឹកនាំរបស់ខ្សែប្រយុទ្ធលំដាប់អន្តរជាតិ Keisuke Honda ផងដែរ។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពីដំណើរចរនៃពាន AFF Suzuki Cup 2018 នៅផ្សារទំនើបអ៊ីអន ១ ថ្មីៗនេះ លោក អ៊ុង កនយ៉ានិត គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ «សម្រាប់ការប្រកួត AFF Suzuki Cup គោលដៅដំបូងរបស់លោក Keisuke Honda គឺបណ្តុះបណ្តាលធនធានជាមុនសិនហើយ គាត់មិនបានដាក់គោលដៅថា តើត្រូវឆ្លងផុតវគ្គជម្រុះ ឬឡើង វគ្គផ្តាច់ព្រ័ត្រនោះទេ។ សំខាន់យើងត្រូវពង្រឹងវិន័យឲ្យបានល្អ ហើយជួយកីឡាករម្នាក់ៗឲ្យមានគុណភាពល្អ ឈានទៅរកកម្រិតអាជីព»។នៅពេលសួរពីក្តីរំពឹង ក្នុងការត្រៀមទៅចូលរួមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នេះ លោក អ៊ុង កនយ៉ានិត បានឆ្លើយតបថា៖ «និយាយរួមទៅ បាល់ទាត់យើងតែងតែមានសង្ឃឹមជានិច្ច ព្រោះរាល់ការប្រកួតនីមួយៗ យើងមិនអាចដឹងថា ឈ្នះឬចាញ់នោះទេ សំខាន់យើងត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ទៅតាមកម្រិតរបស់យើង។ ខ្ញុំជឿថា ការប្រកួត AFF Suzuki Cup ឆ្នាំនេះ យើងនឹងទទួលបាននូវភាពភ្ញាក់ផ្អើលតាមអ្វីដែលយើងខំប្រឹង គឺយើងនឹងមានលទ្ធផលល្អ»។

គួររំឭកថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិផ្លូវការ ក្រោមការដឹកនាំ ជាលើកដំបូងរបស់ Keisuke Honda នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ១០ ខែកញ្ញា កន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ប៉ុន្តែទម្រង់លេងរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈប្លែក ដ៏គួរឲ្យចាប់អារម្មណ៍ ពិសេសការប្រកួតរយៈពេល ៣០ នាទីដំបូង គឺពេលដែលកម្ពុជា បាននាំមុខ ១-០ លើក្រុមម៉ាឡេស៊ី មុនពេលម៉ាឡេស៊ី វាយបកបាន ៣ គ្រាប់វិញ ៣០ នាទីចុងក្រោយ ក្នុងតង់ទី ២។

នៅក្នុងកម្មវិធីដំណើរចរពាន AFF Suzuki Cup ជាលើកដំបូង នៅកម្ពុជា កាលពីថ្ងៃសៅរ៍នោះដែរ លោក Nobuo Kidokoro នាយកក្រុមហ៊ុន Cambodia Suzuki Motor Co., Ltd ដែលជាអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញពីការចាប់អារម្មណ៍ទៅលើក្រុមជម្រើសជាតិកម្ពុជា ពិសេសបានកោតសរសើរដល់ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរបស់ជប៉ុន Keisuke Honda ដែលបានមកដឹកនាំក្រុមជម្រើសជាតិ ដោយមិនទទួលប្រាក់ខែ។

លោក Nobuo Kidokoro បានថ្លែងថា៖ «អ្វីដែលកាន់តែប្លែកអស្ចារ្យ សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខនេះ គឺក្រុមជម្រើសជាតិកម្ពុជា ដែលមានអ្នកចាត់ការជាកីឡាករលំដាប់ពិភពលោក គឺ លោក Keisuke Honda ហើយក្នុងនាមខ្ញុំជាជនជាតិជប៉ុនដូចគ្នា ខ្ញុំសូមកោតសរសើរចំពោះការលះបង់ធនធាន និងពេលវេលារបស់លោក Keisuke Honda ដែលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនទទួលប្រាក់ខែ ហើយទៅថ្ងៃអនាគត ខ្ញុំក៏នឹងចូលរួមចំណែកជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ផងដែរ»។សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី ៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា ឈរពូល A ជាមួយក្រុមវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត៕ វឌ្ឍនា


ចែករំលែក៖