ព័ត៌មានទាន់ហេតុការណ៍៖

ពិធីខួបកំណើតកូនប្រុសសឿន វីតា ភ្ញៀវមកច្រើនលើសកំណត់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសសម្បូររោម លោក សឿន វីតា បានរៀបចំធើ្វពិធីខួប កំណើតកូនប្រុសគម្រប់មួយខួបទ្រង់ទ្រាយធំកាលពីរាត្រីថ្ងៃទី១២ខែធ្នូនេះនៅភោជនីយដ្ឋានវីហ្វ្រេន ។ អ្វីដែលធ្វើឲ្យតារាប្រុសរូបនេះរំភើប ស្ទើរទប់ទឹកភ្នែកមិនបានគឺវត្តមានចូលរួមពីភ្ញៀវលើសចំនួនកំណត់លើសពីអ្វីដែលលោករំពឹងទុក។

កូនប្រុសលោកមានឈ្មោះថា វីតាណាដេត ដែលជាតំណក់ឈាមរួមគ្នាជាមួយភរិយាដែលរៀបការកាលពីអំឡុងខែមីនាឆ្នាំ២០១៦កន្លងទៅ។ សឿន វីតាបញ្ជាក់ថា កូនប្រុសលោក ទទួលបានការចាប់អារម្មណ៍ពីផលិតករមួយចំនួន។ លោកថាប៉ុន្មានខែមុននេះលោកសម្រេចចិត្តឲ្យកូនប្រុសចូលរួមថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ។ មិនតែប៉ុណ្ណោះផលិតកម្ម LD ក៏បានឲ្យកូនប្រុសលោកចូលរួមថតភាពយន្តខ្នាតធំថ្មីផងដែរគឺរឿង”គ្រាប់បាល់អង្រួនបេះដូង”។ អ្វីដែលលោកសប្បាយចិត្តសម្រាប់ថ្ងៃនេះគឺវត្តមានភ្ញៀវចូលរួមកម្មវិធីព្រោះតែលោកគ្រោងតែ១៥តុប៉ុណ្ណោះប៉ុន្តែភ្ញៀវចូលរួមរហូតដល់ជិត៣០តុ។ លោកបញ្ជាក់ថា នេះបង្ហាញពីការរាប់អានលោកដោយចិត្ត និងចិត្តរបស់សិល្បករ អ្នកជំនួញផលិតករ និងអ្នកធ្វើការក្នុងរង្វង់អ្នកសិល្បៈ។ តារាសម្តែងដែលឆ្លងកាត់ការតស៊ូច្រើនក្នុងជិវិតរូបនេះបញ្ជាក់ថា កម្មវិធីខួបកូនប្រុសគឺលើសពីការជួបជុំគឺជាកម្មវិធីដែលយល់ច្បាស់ពីសណ្តានចិត្តស្រលាញ់រាប់អានលោកដោយស្មោះអស់ពីដួងចិត្ត។ តាមរយៈនេះដែរលោកថ្លែងអំណរគុណចំពោះការចូលរួម និងការស្រលាញ់រាប់អានលោកនិងក្រុមគ្រួសារ៕ វឌ្ឍនា


ចែករំលែក៖