ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំឱ្យអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាទើបចូលកាន់ តំណែងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនគុណភាពនៃការផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានណែនាំឱ្យអគ្គនាយកទូរទស្សន៍ជាតិ កម្ពុជាដែល ទើបចូលកាន់តំណែងថ្មីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនគុណភាពនៃការផ្សព្វផ្សាយ
ក្នុងវិស័យព័ត៌មានឱ្យបានល្អប្រសើរ ពិសេសការបង្កើតកម្មវិធីថ្មីៗ ដើម្បីទាក់ទាញការគាំទ្រពីសាធារណជន។

ថ្លែងក្នុងពិធីប្រកាសផ្ទេរតំណែងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា កាលពីរសៀល ថ្ងៃទី១៦ ខែមិថុនា
ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ ដល់អគ្គនាយកទូរទស្សន៍ជាតិ ដែលទើបតែងតាំងថ្មីត្រូវពង្រឹងសាមគ្គីភាព
ក្នុងអង្គភាពរបស់ខ្លួន ពីព្រោះការងារ ព័ត៌មានគឺជាការងារសមូហភាពមិនមែនជាការងារធ្វើតែម្នាក់ឯង
បាននោះទេ ត្រូវផ្ដល់បទពិសោធន៍ការងារពីគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ថា គុណភាពរបស់ អ្នកដឹកនាំសំខាន់ បំផុតគឺការចេះ ប្រមូលសាមគ្គីភាពនៅជុំវិញខ្លួន និងក្នុងស្ថាប័ន ហើយការធ្វើការងារក្នុងវិស័យព័ត៌មាន ត្រូវតែមានកិច្ចសហការរួមកម្លាំង និងសាមគ្គីភាពគ្នា ទើបការងារទទួលបានជោគជ័យ។ លោកបានបន្ដថា អ្នកដឹកនាំថ្មី ត្រូវចេះបង្ហាញនូវស្នាដៃក្នងុការដឹកនាំជាមុន និងការស្វែងរកម្មវិធីថ្មី បង្កើនគុណភាពការងារផ្សព្វផ្សាយ និងកំណត់ថាតើអ្វីសំខាន់ជាងគេក្នុងការ ផ្សាយកម្មវិធីនៅទូរទស្សន៍ជាតិកម្ពុជា ហើយទូរទស្សន៍របស់រដ្ឋ ការផ្សាយព័ត៌មានស៊ីជម្រៅ គឺជាការសំខាន់
បំផុតក្នុងការផ្សព្វផ្សាយពន្យល់អំពីជំហ របស់រាជរដ្ឋាភិបាល និងតាមក្រសួង ស្ថាប័នរដ្ឋនីមួយៗ ដែលជា ការងារចាំបាច់ និងសំខាន់បំផុត ខណៈដែលមានបញ្ហាកើតឡើង ឬអ្វីដែលពាក់ព័ន្ធទៅនឹងក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្ដីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវបង្ហាញអំពីជំហរ របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាការលើកឡើងនូវក្ដីកង្វល់ របស់ប្រជាជន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ជាមួយគ្នានេះ បញ្ហាផ្សព្វផ្សាយត្រូវ ប្រឈមនឹងការប្រកួត ប្រជែងទីផ្សារ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋយ៉ាងណាក្ដី ប៉ុន្ដែប្រសិនបើស្ថាប័នគ្មានប្រាក់ចំណូលនោះទេ នឹងមិនអាចធ្វើអី្វឱ្យបានធំ ធ្វើឱ្យបាត់បង់ គុណភាពនៃការផលិតកម្មវិធី ពិសេសបាត់បង់អ្នកគាំទ្រ និងឧបត្ថម្ភដល់ កម្មវិធីទូរទស្សន៍ថែមទៀត។

លោកបានបន្ថែមទៀតថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ផ្សាយព័ត៌មាន ឬដំណឹងមិនឆាប់រហ័ស ទាន់ពេលវេលាដូចឯកជនយ៉ាងណាក្ដី ប៉ុន្ដែវាពិតប្រាកដ និងច្បាស់លាស់ ដែលស្ថាប័ន ជាច្រើនយក
ជាគោល ខណៈពេលមានហេតុការណ៍អ្វី កើតឡើងនៅតាមក្រសួងស្ថាប័នរដ្ឋ ក្នុងការ បង្ហាញជំហរបស់រាជរដ្ឋាភិបាល។

លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាដែលទើបតែងតាំងថ្មី បានបង្ហាញការប្ដេជ្ញា ចិត្ដក្នុងការដឹកនាំនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការ ទទួលយកភារកិច្ចថ្មីពង្រឹងសាមគ្គីភាព ផ្ទៃក្នុងជាមួយមន្រ្ដីដឹកនាំគ្រប់លំដាប់ថ្នាក់ បន្ដកិច្ចសហការជាមួយមន្រ្ដីមន្ទីរព័ត៌មានរាជធានី ខេត្ដ និងគ្រប់អគ្គនាយកដ្ឋាន ចំណុះឱ្យក្រសួងព័ត៌មានឱ្យទទួលបានជោគជ័យ។

លោកបានបន្ដថា ក្រៅពីនេះ ទូរទស្សន៍ជាតិកម្ពុជា នឹងបន្ដការផ្សព្វផ្សាយអំពីសភាពការណ៍ សំខាន់ៗ ក្នុងប្រទេស និងលើ សកលលោក ការផ្សព្វផ្សាយអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងសង្គមជាតិ លើគ្រប់វិស័យ ការអប់រំតាមរយៈកម្មវិធីនានា ដើម្បីផ្ដល់ចំណេះដឹង និងកម្មវិធីកម្សាន្ដ សប្បាយជូនដល់ប្រជាពលរដ្ឋ។

លោកបានឱ្យដឹងថា ទូរទស្សន៍ជាតិកម្ពុជា នឹងពង្រឹងការដឹកនាំ និងការគ្រប់គ្រង វិស័យព័ត៌មាន និងការផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវ រហ័សទាន់ពេលវេលា និងខិតខំបង្កើន ការផលិតកម្មវិធី ថ្មីៗជូនសាធារណជនគ្រប់មជ្ឈដ្ឋាន ពិសេសការផ្លាស់ប្ដូរបច្ចេកវិទ្យា នៃការផ្សាយឱ្យបានកាន់តែល្អ ប្រសើរថែមទៀត។

លោកបានបន្ដថា ភារកិច្ចរបស់ ទូរទស្សន៍ជាតិកម្ពុជា មានតួនាទីជាសេនាធិការ របស់ក្រសួងព័ត៌មាន និងមានមុខងារជាស្ថាប័ននាំពាក្យលើវិស័យព័ត៌មានពីរាជរដ្ឋាភិបាលទៅជូនដល់ប្រជាជន ព្រមទាំងនាំ យកសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទៅជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហា និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសជាតិ។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យបានតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជំនួសលោក កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា ដែលត្រូវចូលនិវត្ដន៍៕ ស តារា


ចែករំលែក៖