ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកថ្កោលទោស ការវាយប្រហារ ទៅលើក្រុមសហគមន៍ជនជាតិជ្វីបនៅអាមេរិក

ចែករំលែក៖

សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ទៅលើ ទីសក្ការៈក្រុមជនជាតិជ្វីប នៅទីក្រុង Pittsburgh រដ្ឋ Pennsylvania អាមេរិក ។ ការវាយប្រហារខាងលើ បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ៦នាក់រងរបួស ។

ហេតុការណ៍វាយប្រហារកើតឡើងនៅថ្ងៃទី២៧ ខែតុលា ដោយជនដៃដល់ឈ្មោះ Robert Bower អាយុ៤៦ឆ្នាំ បានចូលទៅកាន់ ព្រះវិហារ Tree of Life ដោយស្រែកខ្លាំងៗថា «ជនជាតិជ្វីប ទាំងអស់នឹងត្រូវស្លាប់» ហើយបាញ់ប្រហារ ទៅលើមនុស្សដែលមានវត្តមាននៅទីនោះ ។

នាយកដ្ឋានស្រាវជ្រាវអាមេរិក បានឲ្យដឹងថា ជនដៃដល់បានប្រើកាំភ្លើងយន្ត១ដើម និងកាំភ្លើង វេង ៣ដើម ។

ជនដៃដល់បានចុះចាញ់ពេលប៉ូលិសបាញ់ឲ្យរងរបួស ។ នៅពេលនេះ ជនដៃដល់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយរដ្ឋអាជ្ញាបានចោទប្រកាន់ពីបទល្មើស២៩ករណីផ្សេងគ្នា ក្នុងនោះមានការប្រើប្រាស់អាវុធសម្លាប់មនុស្ស ។ ជនដៃដល់ អាចនឹងត្រូវកាត់ទោសប្រហារជីវិត ។

តាមការស្រាវជ្រាវជាបឋម ជនដៃដល់ បាន សរសេរនៅអត្ថបទជាច្រើន ប្រឆាំងនឹងក្រុមជនជាតិជ្វីប ក្នុងនោះ មានទាំងការថ្កោលទោស ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមិនអាចរារាំងក្រុមជនជាតិជ្វីប បំផ្លាញទឹកដីអាមេរិក ។

ក្រោយទទួលបានព័ត៌មានខាងលើ ប្រធានាធិបតីដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពបាញ់ប្រហារ និងការចងគំនុំនៅលើទឹកដីអាមេរិក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ ជាការគំរាមកំហែងដល់សន្តិភាពពិភពលោក និងតម្លៃនៃសន្តិភាព ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudea , ប្រធានាធិបតីបារាំង លោក ម៉ាក្រុង , នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ ៕ ម៉ែវ សាធី


ចែករំលែក៖