ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោក វាយតម្លៃខ្ពស់ចំពោះការចាប់ដៃជាប្រវត្តិសាស្ត្រ អាមេរិក-កូរ៉េខាងជើង

ចែករំលែក៖

ពិភពលោកទាំងមូលបានតាមតានយ៉ាងយកចិត្តទុកដាក់ជំនួបកំពូលរវាងលោក ត្រាំ នឹង គីម ជុងអ៊ុន ដោយសារជំនួបនេះ មានសារសំខាន់យ៉ាងអាចនិយាយបានថា «មួយចានទឹក មួយចានគោក» បើកិច្ចពិភាក្សាបរាជ័យ សង្គ្រាមអាចនឹងផ្ទុះឡើង ផ្ទុយទៅវិញ បើទទួលបានជោគជ័យ តំបន់អាស៊ីទាំងមូល និងពិភពលោកទទួលបាននៅសន្តិភាព ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនួញធំៗ ក៏ដូចជាទីផ្សាភាគហ៊ុនបានតាមដាន ការផ្សាយទាល់ ដើម្បីវាយតម្លៃទៅលើទីផ្សាភាគហ៊ុន ដែលអាចកើនឡើង ។

នៅពេលដែលមេដឹកនាំអាមេរិក-កូរ៉េខាងជើង ចេញទៅចាប់ដៃនៅមុខអ្នកសារព័ត៌មាន មន្ត្រីប្រទេសទាំងពីរ បាន តាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាព ឥរិយាបទ នៃការចាប់ដៃស្វាគមន៍របស់មេដឹកនាំទាំងពីរ ។ បរិយាកាស សប្បាយរីករាយបានកើតមានឡើង រវាងមន្ត្រីកូរ៉េខាងជើង នឹងអាមេរិក ពេលរង់ចាំមេដឹកនាំរបស់រៀងៗខ្លួន ចូលទៅពិភាក្សា តែពីរនាក់ និងអ្នកបកប្រែ ។

នៅក្នុងទីក្រុងសេអូលវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអីន រួមជាមួយមន្ត្រីរដ្ឋាភិបាល បង្ហាញពីភាពសប្បាយរីករាយនូវការចាប់ដៃរវាងលោកគីម ជុងអ៊ុន នឹងលោក ដូណាល់ ត្រាំ ។

ពលរដ្ឋកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏បានតាមដានសកម្មភាពនៃជំនួបខាងលើ តាមការផ្សាយផ្ទាល់ផងដែរ នៅទីសាធារណៈ និងទះដៃអបអរសាទរ ។

នៅទីក្រុងតូក្យូវិញ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបានផ្សាយផ្ទាល់សកម្មភាពនៃជំនួបខាងលើផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖