ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ម្តាយកូនប្រកបរបរបេះផ្លែឈូកមិនកាក់កបបែកគំនិតលួចត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់រួមនិងកូនប្រុសអាយុ១០ឆ្នាំត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួន ខណៈរូបគេបានប្រព្រឹត្ត នូវអំពើលួចយកលុយចំនួន៤០០ដុល្លារ និងទូរស័ព្ទដៃiphone ហ្វាយ ១គ្រឿង ក្រោយពីប្រកបរបរបេះផ្លែឈូកមិនកាក់កប។

ការឃាត់ខ្លួនស្រ្តីសង្ស័យ និងកូនខាងលើនេះ នៅ​វេលា​ម៉ោង​ ២៣និង១៥នាទី​យប់ ថ្ងៃ​ទី​ ១៤ ខែមិថុនា ឆ្នាំ ២០១៧ នៅ​ចំណុច​ ផ្សារ​ បឹង​បៃតង​ ភូមិ​ ច្រេស​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ។

កងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ គៀ​ សុវណ្ណ​ធារី​ ភេទ​ ស្រី​ អាយុ​ ២៩ ឆ្នាំ មុខរបរ លក់​ដូរ​ ស្នាក់នៅ​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ ចំណែកស្ត្រីសង្ស័យមានឈ្មោះ មោង​ ផៃ​ អាយុ​ ៤៥ឆ្នាំ មុខរបរ បេះ​ឈូក​ ស្នាក់នៅ​ ភូមិ​ អំពិល​ទឹក​ ឃុំ​ អំពិល​ទឹក​ ស្រុក​ លើក​ដែក​ ខេត្ត​ កណ្ដាល​ នឹង​ ឈ្មោះ​ ម៉ៅ​ សិត​ ភេទ​ ប្រុស​ អាយុ​10 ឆ្នាំ (ត្រូវ​ជា​កូន​)ជា​អ្នក​ប្រព្រឹត្តិ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានទុកកាបូបស្ពាយដែលមានសម្ភារៈដូចជា ប្រាក់​ចំនួន​៤០០ដុល្លារ និង​ ទូរស័ព្ទ​ iphone ហ្វាយ មួយគ្រឿងនៅលើតុ ហើយចូលទៅក្នុងបន្ទប់ទឹក ដើម្បីផ្លាស់ខោអាវ ពេលនោះស្រាប់តែកូនប្រុសស្រ្តីសង្ស័យ ដែលមានអាយុ១០ឆ្នាំ ចូលទៅលួចយកកាបូបនោះ ទៅឲ្យម្តាយភ្លាមនោះជនរងគ្រោះទាន់ ក៏ស្រែកឲ្យគេជួយស្លន់ស្លោ ហើយកម្លាំងអាវុធហត្ថនៅទីនោះចេញមកជួយឃាត់ខ្លួនបានតែម្តង។

បច្ចុប្បជនសង្ស័យពីរនាក់ម្តាយកូន ត្រូវបានបញ្ជួនទៅការិយាល័យបទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់​៕ តុង សីហា


ចែករំលែក៖