ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ អាវីហ្សា វិលពីថៃជួបអ្នកជំនាញពិភាក្សារឿងរបួសខ្ទង់ច្រមុះ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងពេជ្រ អាវីហ្សា បានវិលមកពីជួបពិគ្រោះពិភាក្សាជាមួយអ្នកជំនាញកែសម្រស់នៅប្រទេសថៃរួចហើយ។ តារាស្រីដែលធ្លាប់រងកណ្តាប់ដៃពីអតីតសង្សាររូបនេះបញ្ជាក់ថា ស្ថានភាពច្រមុះនាងមិនមានអ្វីគួរព្រួយបារម្ភទេ ក្រោយពីពិនិត្យយ៉ាងដុតដល់រួចមក ។

តារាសម្តែងពេជ្រ អាវីហ្សា បានចេញដំណើរទៅដល់ប្រទេសថៃ ហើយកាលពីថ្ងៃទី១១ ខែមករានេះ ដើម្បីជួបជាមួយអ្នកជំនាញផ្នែកសម្ផស្សដើម្បីត្រូតពិនិត្យខ្ទង់ច្រមុះដែលធ្វើទុក្ខក្រោយរងកណ្តាប់ដៃអតីតគូស្នេហ៍។ ក្រោយជួបជាមួយអ្នកជំនាញផ្នែកសម្រស់ ពិសេសការត្រួតពិនិត្យខ្ទង់ច្រមុះរួចមកក្រុមវេជ្ជបណ្ឌិតនៃប្រទេសថៃបានលើកឡើងថា មិនមានអ្វីដែលប៉ះពាល់ធ្ងន់ រហូតដល់ដកខ្ទង់ច្រមុះសិប្បនិមិត្តនោះចេញទេ។

ពេជ្រ អាវីហ្សា បញ្ជាក់ថា ក្រោយការពិនិត្យ យ៉ាងយកចិត្តទុកដាក់មកគឺមិនមានសញ្ញាបញ្ហា ដែលគួរឲ្យព្រួយបារម្ភឡើយ។ នាងបញ្ជាក់ថា ច្រមុះរបស់នាងនឹងវិលមកកាន់ភាពប្រក្រតីឡើងវិញ ក្រោយពីទទួលយកថ្នាំបំបាត់ការឈឺចាប់ និងផ្សះរបួសដែលតម្រូវឲ្យនាងលេបប្រមាណត្រឹម១០ថ្ងៃប៉ុណ្ណោះ ហើយពេលនេះការឈឺចុកចាប់នៅត្រង់មុខរបួសហាក់ធូស្រាលច្រើនជាងមុន។ ទាក់ទិននឹងស្ថានភាពរស់នៅរបស់នាងបានលើកឡើងថា មិនមានការព្រួយបារម្ភអ្វីទេ ព្រោះតែនាង និងអតីតសង្សាបានបញ្ចប់ទំនាក់ទនងទាំងស្រុងជាមួយគ្នាគឺគ្មានអ្វីដែលពាក់ព័ន្ធនឹងគ្នានោះទេ។

ពេជ្រ អាវីហ្សា បញ្ជាក់ដែរថា មុនឡើងទៅប្រទេសថៃថា នាងបានទៅចូលបំភ្លឺជុំវិញករណីប្រើប្រាស់ហិង្សាធ្ងន់មកលើនាងកាលពីពេលកន្លងមក។ នាងបន្តថា នាងនៅតែរក្សាជំហរមិនប្តឹងអតីតសង្សារ ព្រោះនាងពិតជាចង់អហោសកម្មឲ្យអតីតគូស្នេហ៍អ្វីគ្រប់យ៉ាងដែលធ្លាប់មានជាមួយគ្នាឲ្យចប់ទាំងអស់កុំឲ្យមានកម្មពៀរជាមួយគ្នាតទៅទៀត ហើយក៏មិនចង់ទទួលបានសំណងអ្វីពីអតីតគូស្នេហ៍ក្រៅតែពីការចង់បញ្ចប់បញ្ហាខាងលើដោយសន្តិវិធី ។

គួរបញ្ជាក់ដែរថា ពេជ្រ អាវីហ្សា ត្រូវបានអតីតគូស្នេហ៍របស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជាប្អូនថ្លៃលោកឧកញ៉ាទ្រីភាពវាយឲ្យមានរបួសយ៉ាងធ្ងន់កាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងទៅនៅខេត្តព្រះសីហនុ ។ សាលាដំបូងខេត្តព្រះសីហនុចេញដីកាសម្រេចឃុំខ្លួនលោកគៀងហេងប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាព និងជាអតីតសង្សានាងពេជ្រអាវីហ្សាដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕ វឌ្ឍនា

IMG_2878 IMG_2880 IMG_2883 IMG_2872


ចែករំលែក៖