ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសង្ខេបអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩

ចែករំលែក៖

ប្រទេសឡាវ៖ មេដឹកនាំអាស៊ានទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី២៨-២៩ នៅថ្ងៃទី ៦ កញ្ញានេះ គឺក្នុងបរិយាកាសស្និទ្ឋស្នាលនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំអាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តផែនការលម្អិតឆ្នាំ២០២៥ នៃសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គម វប្បធម៌អាស៊ាន (ASCC) ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

នៅក្នុងសហគមន៍នយោបាយសន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាតួនាទីស្នូលអាស៊ាន និងឯកភាពក្នុងដំណើរការនិម្មាបនកម្មតំបន់ និងក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ខ្លួនក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត ដូចមានចែងក្នុងសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្នេអ៊ែរ និងធម្មនុញ្ញអាស៊ាន។

ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានបានអះអាងជាថ្មីនូវការតាំងចិត្តរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃបទឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ផងដែរចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិ បត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ប្រទេស ឈីលី អេហ្សីប អីរ៉ង់ និងម៉ារ៉ុក។

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងមេដឹកនាំអាស៊ាន បានធ្វើការកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបរួមរបស់អាស៊ានគឺស្មើនឹង ២,៤៣ទ្រីលានដុល្លារអាមេ រិកនៅឆ្នាំ២០១៥ ដែលជាការពង្រឹងជំហរអាស៊ានឲ្យទៅជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានកត់សម្គាល់ដោយរីករាយថា ឆ្នាំ២០១៦ជាឆ្នាំដំបូងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រាល់កិច្ចខិតខំប្រឹងប្រែងត្រូវផ្តោតទៅលើការអនុវត្តឲ្យបានពេញលេញនូវវិធានការដែលមិនទាន់បានអនុវត្តក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក៏ដូចជាការចាប់ផ្តើមអនុវត្តវិធានការថ្មីនៅក្នុងផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានអបអរសាទរចំពោះប្រទេសឡាវ ដែលបាន សម្រេចដោយជោគជ័យ នូវអាទិភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងវេនជាប្រធានអាស៊ានឆ្នាំ២០១៦នេះ។ សហគមន៍សង្គម វប្បធម៌អាស៊ាន មេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនៃផែនការលម្អិតនិងសហគមន៍សង្គម វប្បធម៌អាស៊ានឆ្នាំ២០២៥។ ការអនុម័តសេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៦ ពិសេស លើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ឲ្យផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងបរិស្ថានពហុភាគី នៅ ក្នុងកម្រិតតំបន់និងអន្តរជាតិ។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានអនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅសាលា និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំ ក្នុងឆ្នាំ ២០១៦-២០២០។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ការតភ្ជាប់អាស៊ានស្តីពីទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន បញ្ហាតំបន់និងអន្តរជាតិ ពិសេសការអបសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតអាស៊ាននៅឆ្នាំ២០១៧ ដើម្បីជាការរំលឹកដលកិច្ចសហប្រតិបត្តិការ និងការកសាងសហគមន៍អាស៊ានប្រាំទសវត្សរ៍កន្លងទៅ និងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខិតខំពង្រឹង មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បី ថែរក្សានូវសុខសន្តិភាពក្នងប្រទេស និងក្នុងតំបន់ដើម្បីផ្តល់នូវឱកាសដល់ ប្រជាជាតិទាំងអស់ជំរុញការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនឆ្ពោះទៅមុខ៕

 

4 3 2 1


ចែករំលែក៖