ព័ត៌មានទាន់ហេតុការណ៍៖

ព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចតុមុខឃាត់ជនសង្ស័យ២នាក់ជាមុខ​សញ្ញាឆក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចតុមុខ ដេញឃាត់ជនសង្ស័យ២នាក់ជាមុខ​សញ្ញាឆក់។ហេតុការណ៍នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ កាលពីម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៤០ កែង​និងផ្លូវលេខ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មិនបានស្គាល់អត្តសញ្ញាណ​នោះទេ គ្រាន់តែដឹងថា ជនសង្ស័យ២នាក់នេះ ជិះម៉ូតូ២គ្រឿង ម៉ាក ឡែត ទាំង២គ្រឿង និងត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកផងដែរ ។

តាមប្រភពពត៌មានពីនគរបាលប៉ុស្ដិ៍ចតុមុខ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនយុវជនសង្ស័យ២នាក់នេះ គឺពួកគេ​និងបក្សពួកមួយចំនួនទៀត ត្រូវបានជាប់ពាក់ព័ន្ធមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវក្នុងរាជធានី ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវជាយូរមកហើយ ទើបឈានដល់ដេញឃាត់ខ្លួនពួកគេបាន​២នាក់បែបនេះ រឺឯបក្សពួកផ្សេងៗកំពុងរត់គេខ្លួន ។

តែទោះជាយ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចជំនាញ​នៅមិនទាន់រកឃើញវត្ថុតាងដើម្បីដាក់បន្ទុកទៅលើ​យុវជន​សង្ស័យនោះនៅឡើយទេ​ តែសមត្ថកិច្ចបានឃាត់​ខ្លួនយុវជនសង្ស័យ២នាក់នេះបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរង់ចាំស្រាវជ្រាវបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖