ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធាចារ្យជប៉ុន៖ កម្ពុជា និងជប៉ុនគ្មានអ្វីក្រៅពីការខំហ្វឹកហាត់ឲ្យបានល្អទេទើបអាចចូលរួមកីឡាអូឡាំពិកបាន

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីមានការឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេសនិងសម្ភារពី សហព័ន្ធកីឡាការ៉ាតេដូជប៉ុនក៏ដោយ ប៉ុន្តែអ្វីដែលនាំឲ្យអត្តពលិកអាចទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០និងព្រឹត្តិការណ៍កី ឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតនោះ សំខាន់គឺខ្លួនឯងជួយខ្លួនឯងតែប៉ុណ្ណោះ ទើបអត្តពលិកកម្ពុជានិងជប៉ុនអាចចូលរួមប្រកួតឈានទៅដណ្តើមមេដាយពីព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុនបាន។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញ របស់កម្ពុជា ព្រឹទា្ធចារ្យកីឡាការ៉ាតេដូជប៉ុន ៤នាក់ បានមកពិនិត្យស្ថានភាពជាក់ស្តែងរបស់ខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា កាលពីថ្មីៗនេះ ដឹកនាំដោយលោក Shogeo Kurihara អនុប្រធាន សហព័ន្ធកីឡាការ៉ា តេដូជប៉ុន រួមដំណើរជាមួយគ្រូជំនាញ៣នាក់កម្រិតខ្សែក្រវាត់ខ្មៅ៨ដាន់និង៧ដាន់ ។

លោក Shogeo Kurihara មានប្រសាសន៍ថា ចំពោះការចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ និង កីឡាស៊ីហ្គេមឆ្នាំ២០២៣ បានស្របច្បាប់ “គ្មានអ្វីក្រៅពីការព្យាយាមហ្វឹកហាត់ប្រចាំថ្ងៃ ធ្វើឲ្យបានកាន់តែល្អ ខិតខំកែលម្អចំណុចខ្វះចន្លោះតាមលក្ខខណ្ឌ និងច្បាប់របស់សហព័ន្ធកីឡាការ៉ាតេដូអន្តរជាតិ យើងនឹងអាចឈានទៅដណ្តើមយក មេដាយពីព្រឹត្តិការណ៍អូឡាំពិកបានពុំខានឡើយ” ។

ទន្ទឹមនឹងការលើកឡើង របស់ព្រឹទ្ធាចារ្យកីឡាការ៉ាតេដូជប៉ុនខាងលើនេះ លោក សាយ ណូរ៉ា អនុប្រធានខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានឲ្យដឹងថា ចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូជប៉ុនជាផ្លូវការលើកដំបូង មកជួយខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ពួកគាត់សុទ្ធតែមានកម្រិតបច្ចេកទេសខ្សែក្រវាត់ខ្មៅចំនួន៧-៨ដាន់ ។

លោកបានបន្តថា ព្រឹទ្ធាចារ្យជប៉ុនបានធ្វើបទបង្ហាញពាក់ព័ន្ធបច្ចេកទេសការ៉ាតេដូ ចំនួន២ថ្ងៃ ដល់សិក្ខាកាម ដែលទើបជាប់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មកពីសមាគមកីឡាការ៉ាតេដូ ចំនួន៤ ដូចជា ស្តាយសូតូកង់, វ៉ាដូរីយូ, ហ្គេនដូរីយូ និងសេតូរីយូ ហើយការហ្វឹកហាត់រួមគ្នានេះ សំដៅពង្រឹងបច្ចេកទេស ឆ្ពោះទៅប្រកួតប្រជែងដណ្តើមយកមេដាយមាស អូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន ។

ដោយឡែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការមកដល់របស់ក្រុមព្រឹទ្ធាចារ្យកីឡាការ៉ាតេដូជប៉ុន នាពេលនេះ ដើម្បីពិនិត្យមើល ស្ថានភាពទូទៅ របស់ខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ដូចជាពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ទីតាំងហ្វឹកហាត់ និងកន្លែងស្នាក់នៅ ។

ក្រៅពីការពិនិត្យស្ថានភាពជាក់ស្តែងនោះ ខេមរសហព័ន្ធបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រ ស្នើសុំទៅភាគីជប៉ុន ដើម្បីជួយដល់កម្ពុជាទាំងផ្នែកបច្ចេកទេសនិង សម្ភារ និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករកីឡាការិនីកម្ពុជាទៅប្រទេសជប៉ុន និងពីជប៉ុនមកកម្ពុជាវិញ ក្នុងបំណងពង្រឹងនិងសម្រួចសមត្ថភាពឲ្យបានខ្ពស់សំដៅដណ្តើមយកមេដាយនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ដែលជប៉ុនធ្វើម្ចាស់ផ្ទះ៕ សារីម


ចែករំលែក៖