ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធាចារ្យអាយ៉ៃជើងចាស់ លោកតា ផ្លុង មឿក ទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណភាពហើយ នៅក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ ។ នេះបើតាមក្រុមគ្រួសាររបស់លោកបានបញ្ជាក់ប្រាប់ឲ្យដឹង។

នៅក្នុងគណីនីហ្វេសប៊ុក ឈ្មោះ Frank Parker បានបង្ហោះសារដ៏ក្រៀមក្រំមួយថា “សូមលោកតាទៅអោយបានសុខលោកតាផ្លុង មឿក បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ម៉ោង៨ព្រឹក” ។ សពលោកតាផ្លុង មឿក តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

ព្រឹទ្ធាចារ្យ អាយ៉ៃល្បីឈ្មោះលោកតា ផ្លុង មឿក បានធ្លាក់ខ្លួនឈឺធ្ងន់ប្រមាណជាង៥ឆ្នាំកន្លងមកហើយវ័យជរា រួមទាំងជំងឺរ៉ាំរ៉ៃរួមរិតអស់ជាច្រើនឆ្នាំបានធ្វើឲ្យអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះលោកតាផ្លុង មឿក ដេកដួលសម្រាន្តនៅនឹងកន្ទេល។

មានជំងឺរលាកសួត និងស្វិតខួរក្បាល ដោសារអាការៈគាត់ធ្ងន់ គេក៏បញ្ជូនមកមន្ទីរពេទ្យជាញឹកញាប់ ។

ដំណឹងថា លោកតាផ្លុង មឿក ធ្លាក់ខ្លួនឈឺកន្លងមកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានចាត់តំណាងឲ្យមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺជាក់ស្តែងហើយសម្តេចទាំងពីរក៏ធ្លាប់បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារ និងប្រាក់ឧបត្ថម្ភជាប្រចាំខែចំនួន៥០ម៉ឺនរៀលក្នុងមួយខែ ដែលចាប់បើកតាំងពីខែឧសភា ឆ្នាំ២០១៣ មកហើយប្រាក់ឧបត្ថម្ភនេះកូនរបស់គាត់ ក៏បានទៅបើកជាប្រចាំដែលសរុបមកដល់ពេលនេះគឺមានចំនួនជាង៥០ខែរួចមកហើយ។ លោកតាផ្លុង មឿក ក៏នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន៣៦ម៉ឺនរៀល ពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផងដែរ។

គួររំលឹកថា លោកតាផ្លុង មឿកមានវ័យ៨៣ឆ្នាំរូបនេះ ជាអ្នកអាយ៉ៃជើងចាស់ ក្នុងទសវត្សរ៍៧០-៨០ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតាសាឡាត់អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរនោះគឺរឿងកំប្លែងរឿង «តាភោគ» ធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ ។ លោកតាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ផងដែរ៕ វឌ្ឍនា


ចែករំលែក៖