ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសលកម្ពុជាប្រារព្ទមហាសន្និបាតប្រចាំឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត “Annual LIC Mega Conference” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃសៅរ៍ទី២១ មករា ឆ្នាំ២០១៧ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជានាឆ្នាំកន្លងមក ក៏ដូចជាដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅសម្រាប់ឆ្នាំ២០១៧ផងដែរ ។

មហាសន្និបាតប្រចាំឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតសរុបប្រមាណ៦០០នាក់ ហើយក្នុងនោះថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានចែករំលែកនូវយុទ្ធសាស្រ្តបទពិសោធន៍ និងចំណេះបន្ថែមទៀតអំពីសេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាក្រោមបរិយាកាសដ៏សប្បាយរីករាយ ។

លោកឈឿងគីរីរ័ត្នប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា“កម្មវិធីនេះជាកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០១៧ដែលយើងធ្វើឡើងក្នុងអត្ថន័យបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើក្រុមទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើងខ្ញុំដែលពួកគាត់ខិតខំប្រឹងប្រែងពន្យល់ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងយល់អំពីផលិតផលធានារ៉ាប់រងអាយុជីវិតនេះ។”

លោកបានបន្ថែមទៀតថា“នៅបច្ចុប្បន្ននេះការយល់ដឹងអំពីផលិតផលធានារ៉ាប់រងអាយុជីវិត គឺនៅមានកម្រិតនៅឡើយដូច្នេះហើយទើបយើងត្រូវការមានទីប្រឹក្សាធានារ៉ាប់រងឲ្យច្រើនដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយទៅដល់សាធារណជនបានកាន់តែច្រើន។ក្រុមហ៊ុនរបស់យើងខ្ញុំមានពេលថ្ងៃនេះមានអតិថិជនច្រើនដូច្នេះក៏ដោយសារស្នាដៃរបស់ពួកគាត់ដែរ។”

លោកស្រីឃុយសូហ្វីជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់បានបង្ហាញក្តីរីករាយ និងមានប្រសាសន៍ថា “នាងខ្ញុំមានអារម្មណ៍រំភើបមែនទែនតែម្តងពីព្រោះក្នុងរយៈពេលបីឆ្នាំដែលនាងខ្ញុំបានចូលរួមជាមួយក្រុមហ៊ុនព្រូដិនសលឆ្នាំនេះហើយដែលជាកម្មវិធីដ៏អស្ចារ្យមែនទែន។ក្រុមហ៊ុនគាត់ដឹងពីទុក្ខធុរៈរបស់ក្រុមគ្រួសារយើងទាំងអស់។គាត់ដឹងថាពួកយើងធ្វើការហត់នឿយដូច្នេះគាត់មានរៀបចំកម្មវិធីសម្រាប់លើកទឹកចិត្តពួកយើងដែរ។”

ចំណែកលោករស់ភារីជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់ទៀត ដែលបានចូលរួមក្នុងកម្មវិធី Annual LIC Mega Conference ដែរនោះបាននិយាយថា“សារៈសំខាន់នៃកម្មវិធីនេះគឺទីមួយទីប្រឹក្សាយើងទាំងអស់ដែលបានចូលរួមបានស្គាល់គ្នា។ក្នុងនាមជាអ្នកធ្វើការជាមួយគ្នាយើងត្រូវស្គាល់គ្នាទៅវិញទៅមកនិងរក្សាទំនាក់ទំនងល្អទីពីរក្រុមហ៊ុនបានបង្ហាញពីឱកាសផ្សេងៗក៏ដូចជាការលើកទឹកចិត្តពីក្រុមហ៊ុនផងដែរដូចជាការប្រកួតប្រជែងដើម្បីឈ្នះដំណើរកំសាន្តទៅបរទេសឬក្នុងស្រុកជាដើម។លើសពីនោះទៅទៀតយើងមានកម្មវិធីសប្បាយៗទាំងអស់គ្នាដោយមានការញ៉ាំអាហារពេលល្ងាចនិងរាំច្រៀងទៀតផង។”

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនព្រូដិនសលកម្ពុជាបាននិងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មកនិងបានបម្រើអតិថិជនកម្ពុជារាប់ម៉ឺននាក់នៅទូទាំងប្រទេសឲ្យទទួលបានការការពារហិរញ្ញវត្ថុក្រុមគ្រួសារតាមរយៈសេវាធានារ៉ាប់រងអាយុជីវិត៕ វឌ្ឍនា

Photo 2 Photo 1


ចែករំលែក៖