ព័ត៌មានទាន់ហេតុការណ៍៖

ភាពតានតឹងនៅឧបទ្វីបកូរ៉េមិនអាចបញ្ចប់ឡើយ បើអាមេរិក កូរ៉េខាងត្បូង មិនឈប់ធ្វើសមយុទ្ធនោះទេ

ចែករំលែក៖

ការធ្វើសមយុទ្ធរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនគឺជាហេតុ បណ្តាលឲ្យ កូរ៉េខាងជើង ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈទប់ទល់នឹងអ្វីដែលទីក្រុងព្យុងយ៉ាងបានអះអាងថាជាគម្រោងឈ្លានពានទឹកដីកូរ៉េខាងជើង។ កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ធ្លាប់បានស្នើ អាមេរិក និងកូរ៉េខងត្បូង បញ្ចប់សកម្មភាបធ្វើសមយុទ្ធជាការដោះដូរនឹងការបញ្ឈប់កម្មវិធីបរមាណូ ។

កន្លងមកថ្មីៗ កងកម្លាំងជើងអាកាសអាមេរិក១ពាន់នាក់ និងយន្ដហោះចម្បាំងរាប់រយគ្រឿងបានហាត់សមជាមួយនឹងកងកម្លាំងជើងអាកាសកូរ៉េខាងត្បូងដើម្បីធានាបាននូវការត្រៀមខ្លួនរួចជាស្រេចរបស់ពួកគេប្រឆាំងនឹងការបង្កហេតុពីប្រទេសផ្ដាច់ការកូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។

នៅក្នុងសមយុទ្ធដែនអាកាសនេះដែរ ក៏មានការចូលរួមពីក្រុមអ្នកបើកយន្ដហោះចម្បាំង F-16s ចេញពីអង្គភាពជាច្រើនផ្សេងគ្នា ដែលអ្នកទាំងនោះមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ហើយប្រទេសកូរ៉េខាងត្បូង ក៏បានដាក់ពង្រាយបុគ្គលិកយោធារបស់ខ្លួនប្រមាណ៥០០នាក់ផងដែរ ដែលជាអ្នកបើកយន្ដហោះចម្បាំងប្រភេទ F-15K, F-16, F5E និង F-4E រួមទាំងកងកម្លាំងជើងអាកាសរបស់យន្ដហោះចម្បាំងជាច្រើនទៀត នៅក្នុងប្រតិបត្តិការហ្វឹកហាត់នោះ ។

ការហ្វឹកហាត់វាយប្រហារតាមដែនអាកាសរបស់សម្ពន្ធមិត្តទាំងពីរធ្វើឡើងក្នុងរយៈពេល២សប្ដាហ៍ដែលហោះហើរយ៉ាងទៀងទាត់នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមូលដ្ឋានទ័ពអាកាសគុនសាន តំបន់ភាគនិរតីនៃឧបទ្វីបកូរ៉េ ស្របពេលដែលឧបទ្វីបមួយនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារតែភាពគឃ្លើនរបស់របបផ្ដាច់ការកូរ៉េខាងជើងដែលមិនព្រមបោះបង់អាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ៕ ម៉ែវ សាធី


ចែករំលែក៖