ព័ត៌មានទាន់ហេតុការណ៍៖

ភេរវកម្មបានធ្វើឲ្យអាមេរិក និងហ្វីលីពីនជិតស្និទ្ធគ្នាវិញ

ចែករំលែក៖

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក ឌូទើរទេ ឡើងកាន់តំណែងប្រធានាធិបតីមក ហ្វីលីពីន និងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នា ដោយហ្វីលីពីន បានបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួន ហើយថែមទាំងជេរប្រមាថ ប្រធានាធិបតីអាមេរិក ពេលនោះលោកអូបាម៉ាទៀតផង។

ប៉ុន្តែនៅពេលនេះ ទំនាក់ទំនងរវាងអាមេរិក នឹងហ្វីលីពីន អាចល្អប្រសើរនឹងគ្នាវិញ ក្រោយពេលក្រុម IS បានបើកការវាយប្រហារគ្រប់គ្រងទីក្រុងម៉ារ៉ាវី ។ ទាហានហ្វីលីពីន មិនមានបទពិសោធន៍នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម បណ្តាលឲ្យវាយប្រហារច្រឡំគ្នាឯង និងខ្វះអាវុធជាច្រើន ដើម្បីប្រើប្រាស់នៅក្នុងសមរភូមិ។

ទាំងនោះហើយទើបទាហានអាមេរិកសម្រេច ប្រគល់កាំភ្លើងស្វ័យប្រវត្តិថ្មីឲ្យហ្វីលីពីនដែលមានដល់ទៅ៦២៥ដើមសម្រាប់កម្ចាត់ក្រុមភេរវកម្ម។

មេបញ្ជាការកងទ័ពជើងទឹកវាយឡើងគោកហ្វីលីពីន លោក Emmanuel Salamat ទទួលបានអាវុធពីអាមេរិក នៅថ្ងៃទី៥ ខែមិថុនា។ មិនតែប៉ុណ្ណោះអាមេរិកបានសម្រេច ជួយហ្វឹកហាត់ពីសកម្មភាពប្រឆាំងភេរវកម្មដល់កម្លាំងទាហានហ្វីលីពីនផងដែរ។

ក្នុងចំណោមអាវុធដែលអាមេរិកប្រគល់ទៅឲ្យហ្វីលីពីន មាន កាំភ្លើង M 4 ចំនួន៣០០ដើម។ កាំភ្លើង Glock 21ចំនួន២០០ដើម។ កាំភ្លើងយន្ត M134D ៤ដើម និង កាំភ្លើង បាញ់គ្រាប់បែកM203 100ដើមផងដែរ។

ជាមួយនឹងអាវុធទាំងនោះ នឹងជួយឲ្យកម្លាំងទាហានហ្វីលីពីនអាចយកឈ្នះ ទៅលើក្រុមភេរវកម្មដណ្តើមទីក្រុង ម៉ារ៉ាវីមកវិញ។

បច្ចុប្បន្នមាន ទាហាន ក្រុមភេរវកម្ម IS ប្រមាណ ១២០០នាក់ មានវត្តមាន នៅក្នុងទឹកដីហ្វីលីពីនហើយបើមិនកម្ចាត់ឲ្យទាន់ពេលវេលាទេនោះ ក្រុមនេះ នឹងកើនឡើងរាប់ពាន់នាក់ពិបាកក្នុងការទប់ស្កាត់។ នៅក្នុងចំណោមក្រុមប្រដាប់អាវុធបរទេសដែលជាសមាជិករបស់អង្គការ រដ្ឋអ៊ីស្លាម មានប្រមាណ ៤០នាក់ជាជនជាតិឥណ្ឌូណេស៊ី។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក Ryamizard Ryacudu បានបញ្ចេញព័ត៌មាននេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខ ដែលរៀបចំធ្វើនៅទីក្រុងសិង្ហបុរី។ “នៅយប់មិញនេះ គេបានរាយការណ៍ប្រាប់ខ្ញុំថា សមាជិករបស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម ប្រមាណ ១២០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន”។ នេះជាប្រសាសន៍របស់លោកRyamizard Ryacudu។

ការគំរាមកំហែងធ្វើភេរវកម្ម ការវិលត្រឡប់ចូលប្រទេសរបស់ជនជាតិអាស៊ីអគ្នេយ៍ ដែលបានចេញទៅប្រយុទ្ធក្នុងជួរពួកជីហាដ អង្គការរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាប្រធានបទសំខាន់ដែលគេលើកយកទៅពិភាក្សានៅក្នុងសន្និសីទ អន្តរជាតិស្តីពីសន្តិសុខ ដែលមានចូលរួមផងដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកជែម ម៉ាទីស។

នៅក្នុងសន្នីសីទអន្តរជាតិស្តីពីសន្តិសុខ ប្រមុខការពារជាតិឥណ្ឌូណេស៊ី បានអំពាវនាវឲ្យមានការសហការគ្នា ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមទាហានបរទេស ដែលកំពុងប្រយុទ្ធដើម្បីបុព្វហេតុក្រុមភេរវនិយម អង្គការរដ្ឋអ៊ីស្លាម។ តាមលោក Ryamizard Ryacudu គេត្រូវតែរកមធ្យោបាយ និងប្រយ័ត្នប្រយែងខ្ពស់ ព្រោះថា ទាហានប្រយុទ្ធរបស់ក្រុមជីហាដ គឺជាម៉ាស៊ីនសម្លាប់មនុស្ស។ “គោលដៅរបស់ពួកអង្គការរដ្ឋអ៊ីស្លាម គឺសម្លាប់មនុស្ស។ អីចឹងហើយបានគេត្រូវតែរកវិធីធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដបរទេសទាំងនោះ”៕ ម៉ែវ សាធី

Gunner M.134


ចែករំលែក៖