ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលបន្ទាប់ពីរោងចក្របិទទ្វារ បាត់ថៅកែ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើកមួយបានកើតឡើង បន្ទាប់ពីក្រុមកម្មករ កម្មការិនី នាំគ្នាឈរកកកុញ មុខរោងចក្រ ដោយសារដល់ម៉ោងចូលធ្វើការហើយ មិនឃើញថៅកែបើកទ្វារឲ្យចូល ។

ការជួបជុំគ្នានៅមុខរោងចក្រកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ រោងចក្រ យូនី ហ្វេន ហ្កាមេន នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនគរបាល ក្រុងច្បារមនឲ្យដឹងថា មានកម្មករ កម្មការិនី ចំនួន១៥០នាក់ ស្រី៧០នាក់ ក្រោយពីឈប់សម្រាក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃនេះ មកធ្វើការវិញ ត្រូវបានរោងចក្រ បិទចាក់សោរបង និងទ្វាររោងចក្រមិនឲ្យចូលធ្វើការ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកឃ្លាំមើល។

បើតាមការសាកសួរគឺនៅក្នុងរោងចក្រមិនមានចិនធ្វើការដូចមុននោះទេ បើទោះជាដល់ថ្ងៃចូលធ្វើការហើយក្តី។

ករណីនេះ កម្មករ និងកម្មការិនីទាំងអស់សង្ស័យថា ថៅកែរត់ចោលពួកគេអស់ហើយ ព្រោះថា អំឡុងពេលឈប់សម្រាកនេះ គឺចិនបានលួចដឹកម៉ាស៊ីនដេរចេញពីរោងចក្រអស់ទៅហើយ ។ គ្មាននរណាម្នាក់អាចបញ្ជាក់បានទេថា មកពីមូលហេតុអ្វី ទើបបានជាចិនដឹកម៉ាស៊ីនដេរឡើយរត់គេចខ្លួនបែបនេះ។

ដោយឡែកនៅថ្ងៃដដែល ទី៨ ខែមករា ឆ្នាំ២០១៩ នៅរោងចក្រ ស៊ីក្លូ កាត់ដេកាបូប (មានកម្មករសរុបចំនួន៤៧០០នាក់ ហើយ៥០០នាក់មិនចូលធ្វើការ) ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានសហជីពសហព័ន្ធកម្មករកម្ពុជា ដឹកនាំដោយ ឈ្មោះ អុង សុខា បានបំផុសបំផុលមិនឲ្យកម្មករ ចូលធ្វើការដើម្បីទាមទារលក្ខណការងារមួយចំនួន ។

ពេលនេះមន្ទីរការងារកំពុងសម្របសម្រួល ប្រសិនមិនត្រូវគ្នា ពួកគេនឹងឡើងទៅបិទផ្លូវរហូតដល់មានដំណោះស្រាយ ។ មិនទាន់មានរណាម្នាក់ដែលពាក់ព័ន្ឋករណីនេះហ៑ានបញ្ជាក់ថា តើ ក្រុមកម្មករទាំងអស់មានលក្ខខណ្ឌយ៉ាងណានោះទេ ទើបនាំគ្នាចង់បិទផ្លូវ ៕ សេនាស័ក្តិ


ចែករំលែក៖